លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ប្រសិនប្រជាពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើសមេដឹកនាំខុសនោះ ប្រទេសនឹងអាចក្រឡាប់ចាក់ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាចវិនាសហិនហោច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ឃើញហើយ លន់ នល់ មកស្រោចស្រង់ជាតិ វាលិចលង់។ គ្រាន់តែមានការចាប់ផ្ដើមផ្លាស់ប្ដូរប្រឹប គឺសាលានេះមិនអាចកសាងបានផង។ បន្ថែមលើនោះសាលាមួយប្រទេស ត្រូវបំផ្លិចបំផ្លាញដោយពួក ប៉ុល ពត។ អ៊ីចឹងទេ បញ្ហានេះខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា សូមឲ្យមានការពិចារណាឲ្យបានហ្មត់ចត់។ ការផ្លាស់ប្ដូរបក្សនយោបាយមួយ ឬការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីមួយ មិនមែនជាការលេងសើចទេ។ អ៊ីចឹងកុំឲ្យខឹងគោវ៉ៃរទេះ តិចទៅខឹងមេឃុំ ទៅខឹងជំទប់ ខឹងមេភូមិ ខឹងប៉ូលិសតាមផ្លូវមកបោះឆ្នោត ទម្លាក់ ហ៊ុន សែន ទម្លាក់ ជា ស៊ីម ទម្លាក់ ហេង សំរិន ទម្លាក់គណបក្សប្រជាជន។ អាហ្នឹងវាជារឿងមួយដែលអាចឲ្យស្ថានភាពក្រឡាប់ចាក់»។
ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីសម្ពោធអាគារសិក្សាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា។
នេះមិនមែនជាលើកទីមួយទេដែលលោក ហ៊ុន សែន គំរាមអំពីភាពមហន្តរាយរបស់ប្រទេសជាតិ ប្រសិនបើគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត។
កាលពីដើមខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។ លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ដែរ។
បន្ទាប់មកទៀត កាលពីខែមេសា លោកនាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា សង្គ្រាមក្នុងស្រុកអាចផ្ទុះឡើង ប្រសិនបើបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត។
ការគំរាមជារឿយៗរបស់លោក ហ៊ុន សែន អំពីបញ្ហាអសន្តិសុខសង្គម ប្រសិនបើលោកបាត់បង់អំណាចតាមរយៈការបោះឆ្នោតនេះ ធ្វើឡើងទន្ទឹមគ្នានឹងពេលដែលក្រុមបក្សប្រឆាំងកំពុងស្វែងរកសំឡេងគាំទ្រយ៉ាងច្រើនពីពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេស។
ឆ្លើយតបទៅនឹងការព្រមានរបស់លោក ហ៊ុន សែន អ្នកវិភាគឯករាជ្យលោក កែម ឡី មានប្រសាសន៍ថា កម្ពុជានឹងមិនអាចធ្លាក់ទៅនឹងភ្លើងសង្គ្រាម ឬក្រឡាប់ចាក់ដូចសម័យមុនៗ ដោយសារការដូររបបមេដឹកនាំនោះទេ។
លោកបានផ្ដល់ហេតុផលថា កម្ពុជានៅពេលនេះមានច្បាប់គ្រប់គ្រាន់ មានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ មានសង្គមស៊ីវិល មានច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសដ៏រឹងមាំថែមទៀត និងមានការសម្រេចចិត្តដ៏ធំធេងរបស់ពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំតាមរយៈសំឡេងឆ្នោត។
លោក កែម ឡី៖ «សេចក្ដីសម្រេចចិត្តកាលពីមុនៗ ដែលយើងចេះតែបំភ័យប្រជាពលរដ្ឋដោយសារគឺយើងមិនមានការបោះឆ្នោតជាសកលអ៊ីចឹងទេ។ មិនមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិទេ។ ហើយក្នុងពេលបច្ចុប្បន្ននេះ ទោះការបោះឆ្នោតមិនទាន់ឆ្លើយទៅនឹងស្តង់ដារអន្តរជាតិយ៉ាងណាក៏ដោយ ក៏ជាសេចក្ដីសម្រេចចិត្តរបស់ប្រជាពលរដ្ឋមួយភាគធំដែរ។ អ៊ីចឹងមិនអាចអ្នកណាយកអំណាចរបស់ខ្លួននៅពេលដែលជាប់ឆ្នោតយកទៅធ្វើសង្គ្រាម ឬយកទៅលេងសើចបានទេ»។
រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ចែងយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ របបនេះគឺតម្រូវឲ្យមេដឹកនាំឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយអំណាចនៃការសម្រេចចិត្តរបស់រាស្ត្រ។ ហើយពាក្យថា សង្គ្រាម ឬ ពាក្យថា ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោតអាចជួបប្រទះនឹងភាពចលាចលដែលលោក ហ៊ុន សែន តែងយកមកប្រើប្រាស់នៅរដូវបោះឆ្នោតដូច្នេះ គឺផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញរបស់ប្រទេស។
ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគបានបង្ហាញការសង្កេតពីប្រវត្តិសាស្ត្រនៃស្ថានភាពនយោបាយថា ក្រុមមេដឹកនាំមួយចំនួនលើពិភពលោក ដូចជានៅប្រទេសអេហ្ស៊ីប (Egypt) ទុយនេស៊ី (Tunisia) យេម៉ែន (Yemen) លីប៊ី (Libya) ជាដើម ដែលឡើងកាន់អំណាចតាមរយៈការប្រើកម្លាំងប្រដាប់អាវុធធ្វើសង្គ្រាមជាមួយពលរដ្ឋរបស់ខ្លួន នៅទីបញ្ចប់ច្រើនតែបរាជ័យទៅវិញ ដោយសារកិច្ចអន្តរាគមន៍របស់សហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
