លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​រថយន្ត​ដឹក​ទំនិញ​​លើស​ចំណុះ

0:00 / 0:00

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ចាត់​វិធានការ​ទៅ​លើ​រថយន្ត​ទាំង​ឡាយ​ណា​ដែល​​ផ្ទុក​ទំនិញ​​​លើស​ចំណុះ ខុស​ការ​កំណត់​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។ ប៉ុន្តែ​សារ​ព្រមាន​របស់​ប្រមុខ​ដឹកនាំ​ពេល​នេះ បាន​រង​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន ព្រោះ​យល់​ថា បទបញ្ជា​កន្លង​មក​អនុវត្ត​គ្មាន​ប្រសិទ្ធភាព​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​រំលឹក​និង​ព្រមាន​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ក្រោម​បង្គាប់​ពង្រឹង​ការ​ការពារ​ផ្លូវ​ជាតិ​កុំ​ឲ្យ​ខូច ជា​ពិសេស​ការ​ដឹក​លើស​ចំណុះ​របស់​រថយន្ត​ធំៗ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ៥៧​បេ ស្រុក​បវេល ខេត្ត​បាត់ដំបង ព្រឹក​​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មីនា ​លោក ហ៊ុន សែន ថ្លែង​ថា កន្លង​មក​មាន​ការ​ស្តី​បន្ទោស​ថា ការ​ស្ថាបនា​ផ្លូវ​ថ្នល់ ឬ​ស្ពាន​គ្មាន​គុណភាព ហើយ​ផ្លូវ​ឆាប់​ខូច។ ប៉ុន្តែ​លោក​ថា ផ្លូវ ឬ​ស្ពាន​ដែល​ឆាប់​ខូច មិន​មែន​ដោយសារ​ការ​ស្ថាបនា​គ្មាន​​ស្តង់ដារ​ទេ ប៉ុន្តែ​អាច​ដោយសារ​​រថយន្ត​​ដឹក​លើស​ចំណុះ និង​គ្មាន​ការ​ថែរក្សា។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «ការ​ដឹក​លើស​ទម្ងន់​នេះ ក៏​នាំ​ឲ្យ​ខូច​ផ្លូវ ហើយ​ជួនកាល​យើង​ថា មក​ពី​ផ្លូវ​ហ្នឹង​ធ្វើ​ទៅ​វា​អន់​ពេក​បាន​ជា​ធ្វើ​ទៅ​ឆាប់​ខូច។ ប៉ុន្តែ​ទោះ​បី​ជា​ផ្លូវ​ហ្នឹង​ធ្វើ​ទៅ​ប៉ុណ្ណា​ក៏ដោយ បើ​ផ្លូវ​ធ្វើ​ទៅ​គេ​ឲ្យ​ដឹក ២០​តោន ហើយ​យើង​ទៅ​ដឹក ៤០​តោន ទៅ​ទ្រាំ​ឯ​ណា​រួច។ បើ​ផ្លូវ​ហ្នឹង​គេ​ធ្វើ​សម្រាប់​ស្តង់ដារ ២០​តោន។ ស្ពាន​ក៏​អ៊ីចឹង​ដែរ គឺ​វា​មាន​ស្តង់ដារ​ដែរ គឺ​ត្រូវ​ទ្រ ២០ ឬ ៣០​តោន ហើយ​យើង​ទៅ​ដឹក ៥០​តោន វា​មិន​បាក់​ស្ពាន។ រួច​ថា​មក​ពី​ធ្វើ​ស្ពាន​ខុស និង​ទៅ​បន្ទោស​អ្នក​ធ្វើ​ស្ពាន​ទៀត»

ទោះ​ជា​បែប​នេះ​ក្តី សាធារណជន​បាន​កត់​សម្គាល់​ថា រាល់​ថ្ងៃ​នេះ ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ​ត​កន្ទុយ​ជា​ច្រើន​គ្រឿង បាន​ដឹក​ឥវ៉ាន់​លើស​ទម្ងន់ និង​ធ្វើ​សកម្មភាព​នៅ​ទូទាំង​ប្រទេស ហើយ​សមត្ថកិច្ច​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​ផ្លូវ​ជាតិ មិន​ទប់​ស្កាត់​ឲ្យ​មាន​​ប្រសិទ្ធភាព​ទេ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខ្លះ​បាន​រិះគន់​ថា បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​ដែល​​បាន​ដាក់​ជូន​មន្ត្រី​ក្រោម​ឱវាទ​កន្លង​មក អនុវត្ត​បាន​តែ​មួយ​ភ្លែតៗ​តែប៉ុណ្ណោះ ដូច​ជា៖ បទបញ្ជា​លុប​បំបាត់​កុងត្រូល​ជជុះ បទ​បញ្ជា​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បទ​បញ្ជា​លុប​បំបាត់​បទល្មើស​នេសាទ​ជាដើម គឺ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ។ ជាង​នេះ សមត្ថកិច្ច​​រដ្ឋាភិបាល​មួយ​ចំនួន ថែម​ទាំង​បាន​ឃុបឃិត ឬ​ទទួល​សំណូក​ពី​ឈ្មួញ​ល្មើស​​ទាំង​នោះ​​​ថែម​ទៀត។

​លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​ប្រទេស​​កម្ពុជា បាន​ថ្លែង​រិះគន់​ចំពោះ​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ ប៉ុន្តែ​គ្មាន​មន្ត្រី​​ពាក់ព័ន្ធ​យក​ទៅ​អនុវត្ត​តាម៖ «រឿង​ដែល​សំខាន់​ត្រូវ​ដោះស្រាយ​ពេល​នេះ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​ទាំង​អស់​សកម្ម។ អ៊ីចឹង​ដើម្បី​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​សកម្ម គឺ​ត្រូវ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ និង​ការ​ចំណាយ​ទៅ​លើ​មន្ត្រី​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​គ្រប់​ចំនួន។ កន្លង​មក​គឺ​មាន​កង្វះ​ថវិកា​សម្រាប់​ផ្តល់​ជូន​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​ហ្នឹង មិន​បាន​គ្រប់គ្រាន់​ទេ ទើប​ការ​ចុះ​អនុវត្ត​បទបញ្ជា​អ្វី​មួយ​មិន​មាន​ប្រសិទ្ធភាព»

ផ្លូវ​ជាតិ​នៅ​កម្ពុជា បាន​ធ្វើ​ថ្មី និង​ជួសជុល​ជា​ច្រើន​រយ​គីឡូម៉ែត្រ ប៉ុន្តែ​ប្រជាពលរដ្ឋ​អ្នក​ដំណើរ​តែងតែ​ត្អូញត្អែរ​ថា ផ្លូវ​ជាតិ​ទាំង​នោះ​គ្មាន​គុណភាព​ទេ គឺ​យ៉ាង​ច្រើន​បាន​មួយ​ឆ្នាំ​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​មក ផ្លូវ​នោះ​លេច​ទឹក ហើយ​ខូចខាត​ដូច​ដើម​វិញ​ដដែល។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា តាម​ពិត​មាន​អាជ្ញាធរ​មួយ​ចំនួន​ដាក់​មន្ត្រី​ល្បាត​ការពារ​ផ្លូវ​ជាតិ​ដែរ ប៉ុន្តែ​អ្នក​ទាំង​នោះ មិន​មែន​ឃាត់​រថយន្ត​ដឹក​លើស​ចំណុះ ឬ​រំលោភ​ច្បាប់​កំណត់​ទេ គឺ​ពួកគាត់​ភាគ​ច្រើន​ជា​អ្នក​ទារ​លុយ​ពី​អ្នក​ដំណើរ ឬ​រថយន្ត​ដែល​ដឹក​លើស​ចំណុះ ដើម្បី​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។