ប្រជាពលរដ្ឋ និងចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី ចោទប្រកាន់មន្ត្រីប៉ូលិសនគរបាលរដ្ឋបាលសង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថាបានដោះស្រាយពាក្យបណ្ដឹងប្រជាពលរដ្ឋមានការរើសអើងគណបក្សនយោបាយ ដោយបណ្ដោយឲ្យជនជាប់ចោទរួចខ្លួនជាបន្តបន្ទាប់។
ពួកគាត់ទាំងនោះ អំពាវនាវសុំឲ្យមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ជូនប្រជាពលរដ្ឋឲ្យបានស្មើភាពគ្នា និងមិនប្រកាន់និន្នាការគណបក្សនយោបាយ។
ប្រជាពលរដ្ឋដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង និងចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត សម្ដែងការមិនពេញចិត្តទៅនឹងសមត្ថកិច្ចប៉ូលិសសង្កាត់ប៉ោយប៉ែត ថាបម្រើការងារប្រកាន់បក្ខពួកនិយមហួសហេតុ ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋម្នាក់នៅសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលទៅប្រកបរបររកស៊ីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺអ្នកស្រី គង់ សុវណ្ណារ៉េត។ អ្នកស្រីថ្លែងនៅថ្ងៃទី២៩ កក្កដា ថា កាលពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ចោរគាស់ផ្ទះរបស់អ្នកស្រីនៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត យកអស់ទ្រព្យសម្បត្តិគិតជាប្រាក់ប្រមាណជិត ៥ពាន់ដុល្លារអាមេរិក។ អ្នកស្រីអះអាងថា ក្រោយពីចោរគាស់ផ្ទះប្រមាណ ២ថ្ងៃ អ្នកស្រីថាដឹងមុខសញ្ញា ហើយបានទៅប្ដឹងមន្ត្រីប៉ូលិសសង្កាត់ប៉ោយប៉ែត ឲ្យជួយចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្តិ ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ ដោយលើកឡើងថា អ្នកស្រីជាបក្ខពួកគណបក្សប្រឆាំង៖ «ខ្ញុំព្យាយាមទាក់ទងមន្ត្រីប៉ូលិសទាំងតាមទូរស័ព្ទ និងទៅដល់ការិយាល័យប៉ូលិសផ្ទាល់ជាច្រើនលើកច្រើនសាមកហើយ ឲ្យជួយដោះស្រាយពាក្យបណ្ដឹងរបស់ខ្ញុំ ប៉ុន្តែប៉ូលិសហាក់ធ្វើព្រងើយមិនចាត់វិធានការឲ្យខ្ញុំនោះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ពុំមានប្រតិកម្មអ្វីជុំវិញបញ្ហានេះនៅឡើយទេ ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា ជាប់រវល់ប្រជុំ។
ប៉ុន្តែចៅសង្កាត់រងទី២ នៃសង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី លោក ចៅ វាសនា មានប្រសាសន៍ថា ករណីប្រជាពលរដ្ឋដែលចោរគាស់ផ្ទះលួចអស់ទ្រព្យសម្បត្តិជិត ៥ពាន់ដុល្លារនោះ សមត្ថកិច្ចអាចស្វែងរកចាប់ជនល្មើសបាន ប្រសិនបើមានចេតនាជួយដល់ប្រជាពលរដ្ឋពិតប្រាកដ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនោះ។ លោកអះអាងថា ក្រៅពីនេះហើយ នៅមានករណីជាច្រើនទៀតដែលប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ បានប្ដឹងទៅមន្ត្រីប៉ូលិសនគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ហើយសមត្ថកិច្ចមិនដោះស្រាយនោះ៖ «កន្លងទៅក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងក្នុងប៉ោយប៉ែត ហើយខ្ញុំបានប្រាប់ប៉ូលិសឲ្យទៅដោះស្រាយ ប៉ុន្តែប៉ូលិសមិនដោះស្រាយឲ្យនោះទេ បែរជាទទួលប្រាក់សំណូក ហើយកាន់ជើងភាគីម្ខាងទៀតដែលបង្កបញ្ហាទៅវិញ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា សមត្ថកិច្ចដោះស្រាយបណ្ដឹងប្រជាពលរដ្ឋប្រកាន់និន្នាការគណបក្សនយោបាយ គឺជាការរើសអើងផ្នែកនយោបាយ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ៖ «បញ្ហានេះក៏ជាការលាបពណ៌ដាក់គ្នា ដើម្បីបញ្ចៀសការទទួលខុសត្រូវរបស់ខ្លួន។ សមាគមអាដហុក អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធឈប់រើសអើង និងប្រកាន់បក្ខពួកនិយមផ្នែកនយោបាយ ក្នុងការដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋបន្តទៀត»។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋដែលចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិនៅក្រុងប៉ោយប៉ែត បន្ទាប់ពីពុំមានវិធានការពីសំណាក់សមត្ថកិច្ចប៉ូលិសមក បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តបន្ទាយមានជ័យ ប្រមាណ ១ឆ្នាំមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់ទទួលបានលទ្ធផលនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
