យុវជន​៤​នាក់​ត្រូវ​ឃាត់​ខ្លួន​ចោទ​ពី​បទ​ញុះញង់​កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ផ្ដួល​រដ្ឋាភិបាល

យុវជន ៤​នាក់ ត្រូវ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា និង​នាំ​ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពេល​ដែល​យុវជន​ទាំង​នោះ​បាន​រៀប​ចំ​គម្រោង​ជូន​ផ្កា និង​លិខិត​អំពាវនាវ​ទៅ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​សុំ​អោយ​មាន​សន្តិភាព និង​កុំ​បង្ក្រាប​ការ​តវ៉ា​ណា​មួយ។

មន្ត្រី​សិទ្ធិ​មនុស្ស ដែល​បាន​ស៊ើប​អង្កេត​ករណី​នេះ អោយ​ដឹង​ថា យុវជន​ទាំង ៤​នាក់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​អោយ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ មក​ទល់​ថ្ងៃ​ទី​១៦ ខែ​សីហា យុវជន​ទាំង​នោះ​មិន​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​សីហា។

យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ទាំង ៤​នាក់ មាន​ឈ្មោះ ទិត ចាន់បញ្ញា អាយុ ២៧​ឆ្នាំ ជា​អ្នក​រៀប​ចំ​គម្រោង​ជូន​ផ្កា​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ។

ម្ដាយ​យុវជន ទិត ចាន់បញ្ញា គឺ​លោកស្រី ចាន់ សេដ្ឋា បាន​ព្យាយាម​សុំ​ជួប​កូន​ប្រុស​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បដិសេធ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ ៥០​នាក់ បាន​រៀប​គម្រោង​ថា ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ស្ថានីយ​រថភ្លើង ដើម្បី​នឹង​ចែក​ជូន​ផ្កា​ឈូក​ចំនួន ១​ពាន់​ទង ទៅ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ត្រូវ​ដាក់​ពង្រាយ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ។ ស្រប​គ្នា​នោះ ពួក​គេ​ក៏​បាន​បោះ​ពុម្ព​លិខិត​អំពាវនាវ ដើម្បី​ចង​ភ្ជាប់​នឹង​ផ្កា​ដែល​នឹង​ត្រូវ​ចែក​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ។ ប៉ុន្តែ គម្រោង​នោះ​ត្រូវ​ផ្អាក ដោយសារ​បាត់​ដំណឹង​ក្រុម​យុវជន​ដែល​ទៅ​ទិញ​ផ្កា និង​បោះ​ពុម្ព​លិខិត​អំពាវនាវ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ក្រុម​យុវជន​នៅ​ពេល​នេះ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ និង​ជា​ការ​គំរាម​កំហែង​ពលរដ្ឋ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។

យុវជន​ម្នាក់​ដែល​ចូល​រួម​កម្មវិធី​ជូន​ផ្កា បាន​អោយ​ដឹង​ថា លិខិត​អំពាវនាវ​នោះ​បាន​សរសេរ​ថា ប៉ូលិស ទាហាន ប៉េអិម និង​ប្រជាពលរដ្ឋ​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ឈាម​ជ័រ​តែ​មួយ យើង​រួបរួម​គ្នា​ដើម្បី​ជាតិ​យើង។ លិខិត​នោះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​ច្រើន​ថ្ងៃ​ហើយ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។