ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ​ចាត់​ទុក​ការ​ចោទ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌

0:00 / 0:00

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ចាត់​ទុក​វិធានការ​ជា​បន្តបន្ទាប់​របស់​តុលាការ​ក្រុង​ភ្នំពេញ មក​លើ​អតីត​ប្រធាន​គណបក្ស គឺ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌​ដោយសារ​រឿង​នយោបាយ។ ការ​ចាត់​ទុក​នេះ ធ្វើ​ឡើង​ស្រប​ពេល​តុលាការ បាន​ចេញ​ដីកា​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​ឆែកឆេរ​ផ្ទាល់​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​អំណាច​ខ្មែរ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា បន្ទាប់​ពី​សង្ស័យ​ថា លោក សួន សេរីរដ្ឋា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ ដែល​ជា​ក្រុម​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ស្រប​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពី​បទ​ចោទប្រកាន់​មួយ​ចំនួន​ដោយសារ​ធ្វើ​ឱ្យ​ប៉ះពាល់​កងទ័ព អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ក៏​ត្រូវ​បាន​តុលាការ​បន្ត​ស៊ើបអង្កេត​ពី​បទ​សង្ស័យ​មួយ​ករណី​ទៀត ថា​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​លោក សម សេរី នៅ​ក្រៅ​ប្រទេស ដែល​ជា​ក្រុម​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ដឹក​នាំ​កម្លាំង​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​កងកម្លាំង​ចម្រុះ​ព្រោងព្រាត​មួយ​ចំនួន​ទៀត​ដែល​មាន​គ្នា​ពី ៥០ ទៅ ៦០​នាក់ ដោយ​ខ្លះ​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ផង ចុះ​ទៅ​ឆែកឆេរ​ផ្ទាល់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​អំណាច​ខ្មែរ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​ភស្ដុតាង​ខ្លះៗ។ ការ​ប្រើប្រាស់​ពេល​វេលា​ចុះ​ឆែកឆេរ​អស់​រយៈពេល​ប្រហែល ៥​ម៉ោង​នេះ ធ្វើ​ឡើង​ស្រប​ពេល​គណបក្ស​អំណាច​ខ្មែរ កំពុង​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​អ្នក​សារព័ត៌មាន ដើម្បី​បកស្រាយ​ទៅ​នឹង​ចំណាត់​ការ​តុលាការ​មក​លើ​អតីត​ប្រធាន​គណបក្ស​របស់​ខ្លួន។

​ថ្វីត្បិត​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ធ្វើ​ឡើង​ដោយ​សេរី​នៅ​ខាង​ក្នុង​ទីស្នាក់ការ​គណបក្ស រី​ឯ​សន្និសីទ​កាសែត​ប្ដូរ​មក​ធ្វើ​នៅ​ខាង​ក្រៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស ក៏​មន្ត្រី​សមត្ថកិច្ច​ខ្លះ​បាន​រំខាន និង​បណ្ដេញ​ឱ្យ​ទៅ​ធ្វើ​នៅ​លើ​ទីតាំង​មួយ ដែល​ស្ថិត​ឆ្ងាយ​ពី​ទីស្នាក់ការ​បក្ស​ប្រហែល​ជិត ១០០​ម៉ែត្រ ដោយ​លើក​ហេតុផល​ថា ទុក​ពេល​ឱ្យ​ព្រះរាជអាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ បើក​ប្រតិបត្តិការ​ឆែកឆេរ​នៅ​ខាង​ក្នុង។

​ថ្លែង​ទាំង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រារាំង​មិន​ឱ្យ​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​ដោយ​ស្រួល​នោះ ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ បាន​អះអាង​ថា លោក សួន សេរីរដ្ឋា ពុំ​បាន​សហការ ឬ​ចាប់ដៃ​ជាមួយ​លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​ជា​នាយករដ្ឋមន្ត្រី​និរទេស​ឡើយ។ លោក​ក៏​ស្នើ​ឱ្យ​តុលាការ​ត្រូវ​ស្វែង​រក​អំណះអំណាង​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​សំអាង​តែ​លិខិត​មួយ​ច្បាប់​របស់​លោក សម សេរី នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក សួង សុភ័ណ្ឌ ចាត់​ទុក​រឿងរ៉ាវ​ដែល​កើត​លើ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌៖ «ប៉ុន្តែ​គ្រាន់​តែ​កិច្ច​សហប្រតិបត្តិការ ពាក់ព័ន្ធ​នឹង​នយោបាយ​ក្ដី និង​ការងារ​អី​ក្ដី វា​មិន​មាន​ជាមួយ​គ្នា ប៉ុន្តែ​អស់​លោក​មាន​ឈាម​ជ័រ​ជា​ខ្មែរ។ ខ្ញុំ​ក៏​ធ្លាប់​និយាយ​ជាមួយ​លោក សម សេរី អ៊ីចឹង​នរណា​ក៏ដោយ ឱ្យ​តែ​ទៅ​ការពារ​ក្ដី​ឱ្យ ឌុច (កាំង ហ្កេកអ៊ាវ ហៅ ឌុជ) សុទ្ធ​តែ​ក្បត់​ជាតិ»

ក្រុម​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា នា​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Rann Samnang
ក្រុម​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា នា​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Rann Samnang (RFA/Rann Samnang)

នៅ​ក្រោយ​ការ​ឆែកឆេរ​បញ្ចប់​ទៅ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ប្រមូល​ឯកសារ កុំព្យូទ័រ​មួយ​ចំនួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ ដាក់​ចូល​ទៅ​ក្នុង​រថយន្ត ដោយ​មិន​បាន​បញ្ជាក់​ថា ទទួល​បាន​លទ្ធផល​ពី​ការ​ឆែកឆេរ​នោះ​ឡើយ។ ចំណែក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ក៏​បាន​ព្យាយាម​ដើរ​សម្រុក​ទៅ​កាន់​រថយន្ត​យ៉ាង​លឿន និង​មិន​ខ្ចី​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត ដោយ​បញ្ជាក់​យ៉ាងខ្លី​ថា ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើការ។

​ជុំវិញ​ករណី​សង្ស័យ​ថ្មី​មក​លើ​លោក សួន សេរីរដ្ឋា នេះ បាន​កើត​ឡើង​បន្ទាប់​ពី​តុលាការ​ទើប​សម្រេច​ចោទ​ប្រកាន់​លោក​ចំនួន ៣​បទ​ល្មើស​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ដូចជា​បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ បទ​ធ្វើ​ឱ្យ​ខូច​ទឹក​ចិត្ត និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​លោក សួន សេរីរដ្ឋា បញ្ចេញ​មតិ​តាម​ហ្វេកប៊ុក (Facebook) របស់​លោក​ថា "មេទ័ព​ចោរ​ត្រូវ​ឡើង​បុណ្យ​សក្ដិ ប្រមូល​លុយ​កាក់​សប្បាយ​ជាមួយ​ស្រីញី រី​ឯ​កងទ័ព​ត្រូវ​ស្លាប់​យ៉ាង​វេទនា ប្រសិន​បើ​កម្ពុជា ត្រូវ​ផ្ទុះ​សង្គ្រាម​ជាមួយ​ប្រទេស​ឡាវ មែន​នោះ"។ រដ្ឋាភិបាល​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ឡើយ តែ​គឺ​ជា​ការ​ប្រមាថ និង​ញុះញង់​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ក្នុង​ជួរ​កងទ័ព។

ប៉ុន្តែ​លោក សួង សុភ័ណ្ឌ បាន​បកស្រាយ​ថា បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​លោក សួន សេរីរដ្ឋា នេះ​មក គឺ​ពុំ​បាន​ឃើញ​ថា ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​កងទ័ព​ឡើយ។ ផ្ទុយទៅវិញ ប្រសិនបើ​នៅ​តែ​ចោទ​ប្រកាន់​មក​លើ​លោក សួន សេរីរដ្ឋា លោក សួង សុភ័ណ្ឌ ក៏​ស្នើ​ឱ្យ​តុលាការ​ត្រូវ​ចាត់​ការ​លើ​ការ​ប្រមាថ​របស់​លោក ហ៊ុន សែន ដែល​ព្រមាន​ផ្ទុះ​សង្គ្រាម​បើ​ចាញ់​ឆ្នោត ការ​ប្រមាថ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ និង​ការ​ប្រមាថ​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត ព្រមាន​ប្រើ​គល់​ឫស្សី​វាយ​ជន​ណា​តវ៉ា​លទ្ធផល​ឆ្នោត ព្រោះ​លោក​ថា ករណី​ទាំង​នេះ​មិន​ខុស​គ្នា​នឹង​ករណី​របស់​លោក សួន សេរីរដ្ឋា ឡើយ។

ក្រៅ​ពី​ការ​ចុះ​ឆែកឆេរ​ឯ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ ដោយ​ឡែក អង្គរក្ស​របស់​លោក សួន សេរីរដ្ឋា មួយ​រូប ឈ្មោះ ម៉ុម សួង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បញ្ជូន​ខ្លួន​មក​តុលាការ​ដើម្បី​សាកសួរ​ករណី​រក្សា​អាវុធ​ខុស​ច្បាប់ ព្រម​ទាំង​មាន​ការ​ធ្វើ​តេស្ដ​ទឹក​នោម​រក​សារធាតុ​គ្រឿងញៀន​ផង​ដែរ។

​បើទោះជា​ប្រឈម​នឹង​ការ​ព្រមាន​ពី​ថ្នាក់​ដឹក​កំពូល​ក្ដី លោក សួង សុភ័ណ្ឌ ដែល​ទើប​ចុះ​ចូល​ជាមួយ​គណបក្ស​របស់​លោក សួន សេរីរដ្ឋា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​អះអាង​ថា នឹង​មិន​មាន​ផ្លូវ​ច្បាប់​ណា​មួយ​អាច​រំលាយ​គណបក្ស​នេះ​បាន​ឡើយ ព្រោះ​លោក សួន សេរីរដ្ឋា បាន​លាលែង និង​បាន​ផ្ទេរ​សិទ្ធិ​ឱ្យ​លោក​ធ្វើ​ជា​ប្រធាន​ស្ដីទី​គណបក្ស​ជំនួស៕

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ​ចាត់​ទុក​ការ​ចោទ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌ ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ​ចាត់​ទុក​ការ​ចោទ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។