កម្លាំង​សន្តិសុខ​២​ពាន់​នាក់​​ហ្វឹកហាត់​​ត្រៀម​ទប់ទល់​បាតុករ

នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​ប្រមាណ ២.០០០​នាក់ បាន​ធ្វើ​សមយុទ្ធ​​ របៀប​ត្រៀម​​ទប់​ទល់​ទៅ​នឹង​ក្រុម​បាតុករ​ក្នុង​ពេល​មាន​បាតុកម្ម​កើត​ឡើង។

0:00 / 0:00

ការ​ហ្វឹកហាត់​នោះ​ក្នុង​គោល​បំណង​​បំប៉ន​សមត្ថភាព ដើម្បី​ត្រៀម​រៀបចំ​ជា​មុន​ក្នុង​ការ​រក្សា​សន្តិសុខ​សង្គម​ជាតិ​ទាំង​មូល ជៀសវាង​ហេតុការណ៍​អាក្រក់​ជាយថាហេតុ។ ការ​បង្វឹក​ហាត់​ដើម្បី​ពង្រីង​សមត្ថភាព​នេះ ស្រប​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ បាន​​កំណត់​ពី​ថ្ងៃ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧ កញ្ញា ខាង​មុខ។

ជួន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​ការ​ហ្វឹកហាត់ សម​ពី​វិធី​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១ កញ្ញា នេះ កងកំលាំង​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​ប្រមូល​ផ្តុំ​កំលាំង​ដើម្បី​ហ្វឹកហាត់​វិធី​បង្ក្រាប​បាតុកម្ម​តាម​ទី​សាធារណៈ​ដែរ។

ចំពោះ​ការ​ហ្វឹក​ហាត់​របស់​កងរក្សា​សន្តិសុខ​ពេល​នេះ ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ឱ្យ​ដឹង​ថា ការ​ហ្វឹកហាត់​នេះ​មិន​មាន​អ្វី​ដែល​ជា​ការ​ចម្លែក​នោះ​ទេ ពីព្រោះ​កន្លង​មក​កង​កម្លាំង​រក្សាសន្តិសុខ​តែងតែ​​ធ្វើ​ជា​ប្រចាំ ដើម្បី​ពង្រីក​សមត្ថភាព​របស់​ក្រុម​ប៉ូលិស​ទាំង​នោះ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​អនុញ្ញាត​​តាម​ផ្លូវ​ច្បាប់​ឱ្យ​មាន​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​តាម​ការ​កំណត់​របស់​​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ឱ្យ​ធ្វើ​មែន​នោះ កង​កម្លាំង​ដែល​កំពុង​តែ​ធ្វើ​ការ​ហ្វឹកហាត់​ពេល​នេះ គឺ​ត្រូវ​មាន​តួនាទី​ក្នុង​រក្សា​សន្តិសុខ​ និង​សុវត្ថិភាព​របស់​ប្រជាពល​រដ្ឋ​ទូទៅ​នឹង​ក្រុម​បាតុករ។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​កងកម្លាំង​រក្សា​សន្តិសុខ​មាន​ចំនួន​តិច​ជាង​ប្រជាពលរដ្ឋ​ដែល​នឹង​គ្រោង​ចូលរួម​បាតុកម្ម​ក៏ដោយ ក៏​កម្លាំង​សមត្ថកិច្ច​មិន​សូវ​ព្រួយ​បារម្ភ​នោះ​ទេ ដោយ​លោក ជួន សុវណ្ណ លើក​ឡើង​ថា ឱ្យ​តែ​ការ​ធ្វើ​មហា​បាតុកម្ម​នោះ​ពិត​ជា​ធ្វើ​ឡើង​ដោយ​អហិង្សា​ គ្មាន​ហេតុ​ការណ៍​​អ្វី​កើត​ឡើង​នោះ។

លោក ជួន សុវណ្ណ នៅ​តែ​លើក​ឡើង​ដដែល​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​ទាំង​អស់​ឈរ​នៅ​លើ​គោលការណ៍​អហិង្សា និង​សន្តិវិធី​ទៅ​ហើយ គ្មាន​ហេតុផល​ណា​មួយ​ដែល​កង​កម្លាំង​ចាំបាច់​ត្រូវប្រើ​ប្រាស់​អាវុធ​នោះ​ទេ។

ទន្ទឹម​នឹង​មាន​លំហាត់​ហ្វឹកហ្វឺន​របស់​កងកម្លាំង​រក្សា​សន្តិសុខ​នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា នេះ ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១ កញ្ញា​​ នេះ​ដែរ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​ក្រុម​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​ដែល​នឹង​មាន​ការ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ត្រៀម​ខ្លួន​ជា​មុន​ទម្រាំ​ថ្ងៃ​ធ្វើ​បាតុកម្ម​មែន​ទែន​មក​ដល់​នៅ​ថ្ងៃ​ទី​៧ កញ្ញា ខាង​មុខ។

ស្រប​ពេល​ដែល​កម្លាំង​ទាំង​ពីរ​កំពុង​តែ​ដំឡើង​សាច់ដុំ​ដាក់​គ្នា​នោះ ត្រូវ​បាន​អ្នក​សិក្សា​វិទ្យាសាស្រ្ត​នយោបាយ និង​ជា​អ្នក​វិភាគ​នយោ​បាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មើល​ឃើញ​ថា ជា​ធម្មតា​​កងកម្លាំង​ទាំង​អស់​ចាំបាច់​ណាស់​ក្នុង​ការ​ហ្វឹកហាត់ មិន​មែន​មក​ដល់​ពេល​មាន​បញ្ហា​ហើយ​ទើប​ខំ​ប្រឹង​ដំឡើង​សាច់ដុំ​ដាក់​ម្ទាស់​ឆ្នោត​នោះទេ។ លោក​បន្ត​ថា ជា​ការ​បង្ហាញ​ថា ការ​ប្រើប្រាស់​កម្លាំង​របស់​គ្រប់​ភាគី​ត្រឹម​ត្រូវ​នោះ​ គួរ​តែ​មាន​ការ​ធ្វើ​ប្រជាមតិ​ពី​សំណាក់​ប្រជាពល​រដ្ឋ​ជា​មុន​សិន។

លោក​បន្ថែម​ទៀត​ថា ក្នុង​អំឡុង​ពេល​នេះ​ជា​ការ​ល្អ​​ប្រសើរ​នោះ​ គ្រប់​​ភាគី​ទាំង​អស់​​គួរ​គប្បី​រក្សា​កម្លាំង​របស់​ខ្លួន​ឱ្យ​នៅ​ក្នុង​សភាព​ស្ងៀម​ស្ងាត់​សិន ដើម្បី​ទុក​ពេល​វេលា​​សម្រាប់​ធ្វើ​ការ​​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្នុង​ករណី​ចាំបាច់​ គួរ​មាន​ការ​ចូល​រួម​ពី​សំណាក់​បញ្ញាវន្ត​ជាតិ​ថ្នាក់​ខ្ពស់ ដើម្បី​ផ្តល់​ជា​យោបល់ និង​ការ​ធ្វើ​ប្រជាមតិ​ដូច​​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​នៅ​លើ​ពិភពលោក​បាន​ធ្វើ។

លោក​ក៏​បាន​បញ្ជាក់​ចុង​ក្រោយ​ថា ការ​បង្ហាញ​សាច់ដុំ​ដាក់​គ្នា​នេះ ទី​១ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ ទី​២ ធ្វើ​ប្រជាជន​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​អ្នក​នយោបាយ ទី​៣ ធ្វើ​ឱ្យ​បាត់​បង់​សន្តិសុខ​សង្គម ទី​៤ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នយោបាយ​អន្តរជាតិ និង​ចុង​ក្រោយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​វិនិយោគ​ទុន​​នៅ​ក្នុង​ប្រទេស​កម្ពុជា តែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។