ក្រុមសមត្ថកិច្ចរាប់រយនាក់ ប្រដាប់ដោយកាំភ្លើងបាញ់គ្រាប់ខ្យល់ កាំភ្លើងអាកា ដំបងឆក់ ខែល និង ឡានទឹក បានដណ្ដើមយកទីលានសេរីភាពដែលជាកន្លែងសម្រាប់ប្រជុំធ្វើបាតុកម្មតវ៉ា និងបញ្ចេញមតិរិះគន់តែមួយគត់ក្នុងរាជធានីភ្នំពេញ យកធ្វើជាកន្លែងហ្វឹកហាត់បង្ក្រាបបាតុកម្ម។
ក្រុមពលរដ្ឋប្រមាណជាង ៥០០នាក់ដែលគ្រោងជួបជុំគ្នាសម្ដែងមតិ ក៏ត្រូវសមត្ថកិច្ចដេញឲ្យទៅជួបជុំគ្នានៅខាងកើតស្ពាននាគ ដែលមានចម្ងាយជាង ១០០ម៉ែត្រ ពីទីលានប្រជាធិបតេយ្យ។
សមាជិកបណ្ដាញពហុវិស័យ កញ្ញា ច្រឹក សុភា មានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋមានបំណងតែមួយគត់ គឺដើម្បីរួមគ្នាបញ្ចេញមតិ ស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗក្នុងសង្គម រួមមានបញ្ហាទំនាស់ដីធ្លី សេរីភាពបញ្ចេញមតិ និងពិសេសស្វែងយល់ពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
កញ្ញាបន្តថា ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន នៅពេលប្រកាសនយោបាយដឹកនាំប្រទេស បានបញ្ជាមន្ត្រីរបស់ខ្លួនឲ្យរៀបចំសមាជប្រជាជន ប៉ុន្តែពេលពលរដ្ឋជួបជុំគ្នាសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ បែរជាប្រើលេះផ្សេងៗដើម្បីរារាំងទៅវិញ។
កញ្ញាបញ្ជាក់ថា ពលរដ្ឋពិតជាមានការសោកស្ដាយជាខ្លាំង បន្ទាប់ពីសមត្ថកិច្ចដណ្ដើមទីលានបញ្ចេញមតិទៅធ្វើជាទីលានហាត់សមយុទ្ធបង្ក្រាបបាតុករ៖ «សំខាន់យើងធ្វើសមាជនេះ ចង់ប្រាប់វិញថា យើងធ្វើហើយ តែយើងទទួលបាននូវការសោកស្ដាយទៅវិញ។ ខ្ញុំវាហួសចិត្តនៅពេលខ្ញុំមកដល់សួន គេសមយុទ្ធ វាមិនដែលទីលានប្រជាធិបតេយ្យរៀបចំសមយុទ្ធ»។

១-សកម្មភាពក្រុមសមត្ថកិច្ចហ្វឹកហាត់នៅទីលានប្រជាធិបតេយ្យ។

២-ក្មេងៗឈរមើលសមត្ថកិច្ចហ្វឹកហាត់នៅទីលានប្រជាធិបតេយ្យ។

៣-ក្រុមប្រជាពលរដ្ឋនិងសង្គមស៊ីវិលធ្វើសមាជប្រជាជននៅក្បែរទីលានប្រជាធិបតេយ្យ។

៤-ក្រុមប្រជាពលរដ្ឋនិងសង្គមស៊ីវិលធ្វើសមាជប្រជាជននៅក្បែរទីលានប្រជាធិបតេយ្យ។

៥-ពលរដ្ឋឡើងថ្លែងក្នុងសមាជប្រជាជននៅព្រឹកទី២១ តុលា ឆ្នាំ២០១៣។
ទោះជាបែបណាក្តី ក្រុមប្រជាពលរដ្ឋមកពីសហគមន៍នានា នៅតែរៀបចំវេទិកាសមាជប្រជាជនតាមការគ្រោងទុក។ ក្រុមពលរដ្ឋចងឆ្នូតពណ៌ក្រហមនៅលើក្បាលដែលមានសរសេរអក្សរថា សមាជប្រជាជន អ្នកខ្លះទៀតលើកបដាសរសេររៀបរាប់ពីគោលបំណងសមាជ។ ក្រុមពលរដ្ឋបានឡើងថ្លែងការណ៍ម្ដងម្នាក់ៗស្ដីពីទុក្ខកង្វល់របស់សហគមន៍នីមួយៗ ដូចជាការធ្លាក់ចុះនៃផលនេសាទបណ្ដាលមកពីបទល្មើសនេសាទខុសច្បាប់ បញ្ហារំលោភបំពានដីធ្លី ការបាត់បង់ព្រៃឈើ បញ្ហាប្រាក់បៀវត្សមន្ត្រីរាជការ បញ្ហាប្រព័ន្ធតុលាការ ពុករលួយ សាំងឡើងថ្លៃ និងការគំរាមកំហែងពីក្រុមអ្នកមានអំណាចជាដើម។
នៅខាងក្រៅវេទិកាកណ្ដាលថ្ងៃក្ដៅនេះវិញ គេសង្កេតឃើញក្រុមសមត្ថកិច្ចបង្ក្រាបប្រដាប់ដោយខែល និងដំបងឆក់ អង្គុយចាំរួចជាស្រេច។ សមត្ថកិច្ចទាំងនោះប្រាប់ថា ពួកគេរង់ចាំបញ្ជាពីថ្នាក់លើ បើថ្នាក់លើឲ្យវាយបណ្ដេញពួកអ្នកស្រុក គឺពួកគេចាត់ការតែម្ដង។
តំណាងប្រជាពលរដ្ឋមកពីសហគមន៍នេសាទសមុទ្រ ត្រពាំងរពៅ ខេត្តកំពត លោក ជា ប៊ុនធឿន មានប្រសាសន៍ថា ប្រជាសហគមន៍នេសាទកំពុងប្រឈមនឹងការដាច់បាយ ដោយសារតែផលនេសាទធ្លាក់ចុះ។ លោកបន្តថា ទូកនេសាទបរទេសដែលប្រើឧបករណ៍ខុសច្បាប់ បានចូលលុកលុយដែននេសាទរបស់អ្នកស្រុក ដោយមានមន្ត្រីជំនាញនៅពីក្រោយខ្នង។
លោកបញ្ជាក់ថា លោកមកទីលានប្រជាធិបតេយ្យថ្ងៃនេះ ដើម្បីយកកង្វល់នេះឲ្យរាជរដ្ឋាភិបាលដោះស្រាយ ប៉ុន្តែបែរជាអស់សង្ឃឹម៖ «ផ្ទះនោះប្រក់មេឃហើយ ព្រោះផលនេសាទសមុទ្រវាច្រើនពេក រត់ពីត្រពាំងរពៅ ទៅដល់កន្លែងនេសាទចំណាយប្រេង ១០លីត្រហើយ។ អាណត្តិទី១ ថាដោះ (ដោះស្រាយ) ទី២ ថាដោះ ទី៣ ទី៤ ថាដោះស្រាយ ចុះអាណត្តិទី៥ បានរៀបចំហើយនៅ?»។
ទាក់ទងនឹងការយកទីលានប្រជាធិបតេយ្យយកទៅហាត់សមនេះ មន្ត្រីដឹកនាំកម្លាំងហ្វឹកហាត់ប្រាប់ថា ក្រុមនគរបាលសណ្ដាប់ធ្នាប់ធ្វើតាមបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងបំណងត្រៀមខ្លួនរក្សាសណ្ដាប់ធ្នាប់ជូនសង្គម មិនមែនត្រៀមប្រើហិង្សាទេ ហើយក៏មិនមានបំណងបង្ក្រាបពលរដ្ឋសម្ដែងមតិដែរ បើសិនជាការសម្ដែងមតិនោះសមស្របតាមច្បាប់។ ប៉ុន្តែមន្ត្រីរូបនេះបដិសេធមិនឆ្លើយថា រូបគាត់មិនដឹងថាមូលហេតុអ្វីទើបយកទីលានប្រជាធិបតេយ្យមកហ្វឹកហាត់ឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានទេ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។
ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ ដែលឃ្លាំមើលដំណើរការសមាជប្រជាជនពេញមួយព្រឹកនោះ មានប្រសាសន៍ថា អាជ្ញាធរត្រូវលើកទឹកចិត្តពលរដ្ឋឲ្យចូលរួមគ្រប់សកម្មភាពសង្គម នយោបាយ និងវេទិកាសម្ដែងមតិនានា ដើម្បីអភិវឌ្ឍសង្គម។ លោកបន្តថា តាមច្បាប់ ពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រមូលផ្តុំ ជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដែលមានអាជ្ញាធរជាអ្នកការពារសណ្ដាប់ធ្នាប់។
លោកបញ្ជាក់ថា វាជារឿងគួរឲ្យអស់សំណើចនៅពេលដែលសមត្ថកិច្ចយកទីលានប្រជាធិបតេយ្យធ្វើជាទីតាំងហ្វឹកហ្វឺននោះ៖ «បាតុកម្មដោយសន្តិវិធីអីនេះត្រូវតែទទួលបានការឆ្លើយតបជាវិជ្ជមាន តែថ្ងៃនេះជាឧទាហរណ៍មួយទៀតបង្ហាញថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញហ្នឹង អត់ត្រូវបានគោរពទេ»។
អង្គសមាជប្រជាជន ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង ១៥នាទីព្រឹក ដោយក្រុមពលរដ្ឋសម្រេចលុបចោលកម្មវិធីសំខាន់ៗ មួយចំនួន ដូចជាអ្នកជំនាញឡើងពន្យល់ពីខ្លឹមសាររដ្ឋធម្មនុញ្ញ និងវេទិកាជួបជាមួយតំណាងរាស្ត្រជាប់ឆ្នោតនៃបក្សទាំងពីរ។ ពលរដ្ឋបានត្រឹមតែច្រៀងចម្រៀង ចែកសៀវភៅស្ដីពីរដ្ឋធម្មនុញ្ញ និងពន្យល់គ្នាទៅវិញទៅមកលើតួនាទីរបស់រដ្ឋាភិបាល រដ្ឋសភា តុលាការ តួនាទីព្រះមហាក្សត្រ តួនាទីក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងជំរុញបញ្ហាស្ត្រីនិងនយោបាយ។
នៅកម្ពុជាមានសាលាហ្វឹកហ្វឺនកងកម្លាំង ទាំងសាលាខ្នាតមធ្យមនិងខ្នាតតូចគ្រប់ភូមិភាគនៅទូទាំងប្រទេស ប៉ុន្តែអាជ្ញាធរមិនជ្រើសរើសជាទីតាំងហ្វឹកហាត់ទេ។ ម្យ៉ាងទៀត ដីធ្លីជាកម្មសិទ្ធិរបស់រដ្ឋ ដូចជាដីពហុកីឡាដ្ឋានជាតិអូឡាំពិក ដីស្តាតចាស់ និងដីតាមក្រសួងមន្ទីរមួយចំនួនទៀតដែលត្រូវប៉ាន់ ក៏ត្រូវអាជ្ញាធរពុះច្រៀកលក់ឲ្យក្រុមហ៊ុនឯកជនដោយគ្មានតម្លាភាព និងគួរឲ្យសង្ស័យ។
ក្រុមសង្គមស៊ីវិលរិះគន់ថា ការហ្វឹកហាត់របស់សមត្ថកិច្ចនៅទីលានប្រជាធិបតេយ្យ ជាការគំរាមយ៉ាងខ្លាំងចំពោះការសម្ដែងមតិ។ តើរាជរដ្ឋាភិបាលអត់កន្លែងហ្វឹកហាត់កងកម្លាំង ឬចង់ហ្វឹកហាត់កងកម្លាំងនៅទីលានប្រជាធិបតេយ្យ ដើម្បីស្វាគមន៍ខួប ៤ឆ្នាំ នៃការអនុម័តរបស់សភាបង្កើតច្បាប់ស្ដីពីបាតុកម្ម?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
