ប្រជាពលរដ្ឋភាគច្រើនបានយកចិត្តទុកដាក់តាមដានពីលទ្ធផលនេះ ដោយយកចិត្តទុកដាក់ ហើយសង្ឃឹមថា ការបកស្រាយពេលនេះជាការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ។
នៅមុខស្ថានទូតថៃ ក្រុងភ្នំពេញ នៅរសៀលថ្ងៃច័ន្ទ ទី១១ វិច្ឆិកា មានទិដ្ឋភាពខុសពីធម្មតា ដោយមានកម្លាំងប៉ូលិសប្រដាប់ដោយខែលការពារប្រចាំការនៅទីនោះ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការពន្យល់បញ្ហានេះពីមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានទេ ប៉ុន្តែកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅតំបន់នោះ បានឲ្យដឹងថា មានសមត្ថកិច្ចប្រមាណជិត ៣០នាក់ ត្រូវដាក់ឲ្យប្រចាំការនៅខាងមុខស្ថានទូតថៃ ដើម្បីការពារសន្តិសុខតាំងពីព្រឹករហូតក្រោយពេលតុលាការក្រុងឡាអេ ប្រកាសលទ្ធផលស្ដីពីករណីប្រាសាទព្រះវិហារ ដើម្បីបង្ការខ្លាចមានអំពើហិង្សាណាមួយកើតឡើង។
ប្រជាពលរដ្ឋអ្នករត់ម៉ូតូឌុបនៅម្តុំទូតថៃ នោះ បានកត់សម្គាល់ថា នៅទីនោះក្រៅពីកម្លាំងសមត្ថកិច្ច ពុំមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នានោះទេ ប៉ុន្តែពលរដ្ឋម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីលទ្ធផលស្តីពីការបកស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិ។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ យឿន ហ៊ន់ លោកមានជំនឿតាំងពីមុនពេលប្រកាសលទ្ធផលថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ នៅតែជារបស់ខ្មែរ ហើយការសម្រេចឲ្យដឹងជាថ្មីរបស់តុលាការអន្តជាតិនៅពេលនេះ មិនខុសពីការសម្រេចរបស់តុលាការអន្តរជាតិ កាលពីឆ្នាំ១៩៦២ នោះទេ។ ជាងនេះទៅទៀត លោកយល់ថា សេចក្តីសម្រេចនោះរឹតតែធ្វើឲ្យសាលក្រមឆ្នាំ១៩៦២ មានឥទ្ធិពលជាថ្មីទៀតទៅលើភាគីថៃ នឹងធ្វើឲ្យយុវជននៃប្រទេសទាំងពីរនាសម័យនេះ យល់កាន់តែច្បាស់ថា ប្រាសាទព្រះវិហារ ជារបស់ខ្មែរ និងព្រំដែនកំណត់នៅតំបន់នោះ។ លោកបន្តថា សេចក្តីសម្រេចនោះអាចរំលឹកឲ្យភាគីថៃ ចាប់ផ្ដើមអនុវត្តបន្តនូវចំណុចដែលខ្លួនមិនទាន់បានអនុវត្តតាមសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២។
នៅមុនថ្ងៃប្រកាសលទ្ធផលនៃការបកស្រាយសាលក្រម ៣ថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារដោយផ្ទាល់មាត់ អំពាវនាវឲ្យពលរដ្ឋកម្ពុជា រក្សាភាពស្ងប់ស្ងាត់ រក្សាសេចក្តីថ្លៃថ្នូរទទួលយកការប្រកាសលទ្ធផលនៃការបកស្រាយសាលក្រមនោះ បើទោះជាលទ្ធផលនោះវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។