ប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ថ្លែងថា លោកប្រធានភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ បាននិយាយឌឺដងទៅលើអ្នកគាំទ្រនិន្នាការនយោបាយគណបក្សប្រឆាំងគ្រប់ពេលវេលា នៅពេលដែលគេជួបពលរដ្ឋអ្នកគាំទ្រគណបក្សដទៃនោះ។ ការនិយាយដៀមដាមនេះ បានកើតឡើងក្រោយពីគណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតនៅតំបន់នោះ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១០ កញ្ញា ថា លោកមេភូមិពុំគួរប្រកាន់បក្ខពួកឌឺដងដាក់សម្ពាធក្នុងន័យគំរាមកំហែង សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយឡើយ៖ «ដើរលើកផ្លាកធ្វើអី បើចំណាប់អ៊ីចឹង ថ្នល់ដាច់មុខផ្ទះអីម៉េចមិនធ្វើឲ្យកើត ថាឲ្យខ្ញុំអ៊ីចឹង ហើយខ្ញុំក៏ខ្ញុំមិនមាត់ខ្ញុំមិនស្ដីអីដែរ គេថាម៉េចក៏ខ្ញុំមិនបានតដែរ។ ខ្ញុំគ្រាន់តែអ៊ីចេះ ថាបើសិនជាគេឲ្យខ្ញុំធ្វើមេភូមិ ខ្ញុំធ្វើ ឲ្យធ្វើមេឃុំ ខ្ញុំធ្វើ ខ្ញុំបានចេះតែថាបន្តពីក្រោយគាត់អ៊ីចឹង។ ហើយគាត់ចេះតែថាខ្ញុំប៉ាច់ៗទៅ។ ថាឥឡូវមេអ្ងែង គេទៅហែបានដល់ ៦ម៉ឺន ងែងម៉េចទៅហែហ្នឹងគេផង»។
អ្នកស្រីថា នៅពេលដែលខ្លួនកំពុងដើរបេះបន្លែតាមរបងក្បែរផ្ទះរបស់គាត់ កាលពីថ្ងៃទី៧ កញ្ញា កាលណោះ លោកមេភូមិបានក្រឡេកឃើញអ្នកស្រី រួចក៏បានបោះពាក្យសម្ដីឌឺដងដាក់អ្នកស្រីថា គេបើបានម៉ូតូបានរបស់ច្រើន ចុះចំណែកខ្លួនយើងបើកបានអ្វីដែរ។ អ្នកស្រីថា បើទោះណាមានគាបសង្កត់និយាយឌឺដងផ្លែផ្កាផ្នែកនយោបាយយ៉ាងណា ក៏ខ្លួនមិនបោះបង់ការគាំទ្រគណបក្សប្រឆាំងឡើយ។ អ្នកស្រីថា មេភូមិគួររក្សាភាពជាអាជ្ញាកណ្ដាល ដើម្បីជាទីពឹងរបស់ប្រជាពលរដ្ឋឲ្យបានស្មើភាពគ្នាគ្រប់គណបក្សនយោបាយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ លោក ភោគ អយ មានប្រសាសន៍ថា អ្វីដែលប្រជាពលរដ្ឋចោទប្រកាន់នោះ គឺគ្មានការពិតឡើយ។ លោកថា ប្រសិនបើលោកប្រកាន់និន្នាការនយោបាយដូចការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើមែននោះ រូបលោកមិនអាចឈរជាប្រធានភូមិបានរហូតមកដល់ ៣០ឆ្នាំប្លាយនោះឡើយ៖ «ពូសួរអ្នកហ្នឹងវិញ សួរថា ខ្ញុំធ្វើមេភូមិអស់រយៈជាប់ ៣០ឆ្នាំប្លាយ តាំងពីថ្ងៃ៧ មករា មក បើខ្ញុំចេះរើសអើងស្អប់កូនចៅគ្រប់តែគ្នាអ៊ីចឹង ខ្ញុំមិនបាច់ជាប់ពីនោះមកដល់នេះទេ។ គ្រាន់តែអ្នកធ្លាប់ពីមេភូមិសឹងថា ១០នាក់ហើយភូមិនេះ មានតែខ្ញុំមួយទេ។ តាំងពី ៧៩ មកបោះយ៉ាងណា ក៏ខ្ញុំមិនដែលធ្លាក់ពីមេភូមិដែល បើខ្ញុំរើសអើងកូនចៅអ៊ីចឹងនោះ ប្រហែលជាគេផ្សេងមិនដឹងទេ»។
ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលធ្លាប់បានប្រកាសក្ដែងៗច្រើនលើកច្រើនសាររួចមកហើយថា មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ គប្បីអនុវត្តតួនាទីរបស់ខ្លួនឲ្យបានស្មើភាពគ្នា មិនថាប្រជាពលរដ្ឋមកពីគណបក្សនយោបាយណានោះឡើយ។ ប៉ុន្តែ ប្រជាពលរដ្ឋបានអះអាងថា បើទោះណាមានបទបញ្ជារបស់មន្ត្រីថ្នាក់លើបានបញ្ជាក់ច្បាស់យ៉ាងនេះក៏ដោយ បទបញ្ជានេះក៏មិនបានស៊ីជម្រៅដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួននោះឡើយ។ ហើយបញ្ហានេះ ក៏នៅតែជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយទៅរកគណបក្សដទៃនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
