មន្ត្រី​បក្ស​កាន់​អំណាច​និង​អ្នក​ឃ្លាំ​មើល​នយោបាយ​ថា​បក្ស​ប្រឆាំង​នៅ​កម្ពុជា​និង​ភូមា​ខុស​គ្នា

0:00 / 0:00

នៅ​គ្រា​ដែល លោក សម រង្ស៊ី កំពុង​ស្វែងរក​ជំនួយ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ដើម្បី​អន្តរាគមន៍​ជួយ​ឲ្យ​លោក​បាន​វិល​ចូល​ស្រុក​វិញ​នោះ លោក សម រង្ស៊ី ក៏​មិន​បន្ធូរ​ដៃ​ក្នុង​ការ​រិះគន់​ទៅ​លើ​ការ​ដឹក​នាំ​ផ្ដាច់​ការ​នៅ​តំបន់​អាស៊ី​នេះ​ដែរ។

លោក សម រង្ស៊ី បញ្ជាក់​ថា ការ​ដួល​រលំ​របប​ផ្ដាច់​ការ​នៅ​ភូមា និង​ការ​ជោគជ័យ​មេ​បក្ស​ប្រឆាំង​នៅ​ភូមា នោះ ក៏​ជា​សញ្ញាណ​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា ដែរ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រជាជន និង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ បាន​ហៅ​សារ​របស់ លោក សម រង្ស៊ី ថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា និង​ភូមា មាន​លក្ខណៈ​ខុស​គ្នា។

លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ជា​ថ្មី​ម្ដង​ទៀត​ឌឺដង​ទៅ​មេ​ដឹក​នាំ​ផ្ដាច់​ការ​នៅ​ក្នុង​តំបន់​អាស៊ី ថា​មេ​ដឹក​នាំ​ទាំង​នេះ​ជិត​ដួល​រលំ​បន្តិច​ម្ដងៗ ហើយ​ក៏​នឹង​ឈាន​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​សារ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា បន្ទាប់​ពី​លោក​ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រកាស​ពី​ការ​អស់​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​ជា​តំណាង​រាស្ត្រ​នៅ​អាណត្តិ​ទី​៥ នេះ និង​នៅ​ក្រោយ​ពី​លោក​បាន​ពន្យារ​ពេល​មក​កាន់​កម្ពុជា តាម​កាល​កំណត់​នោះ។

លោក​បាន​លើក​ឧទាហរណ៍​ពី​ប្រទេស​ភូមា ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នា​ពេល​ថ្មី​នេះ។ លោក​សរសេរ​ថា ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ចលនា​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់​ការ​ក្នុង​ការ​បោះ​ឆ្នោត​ថ្មីៗ​នេះ​នៅ​ប្រទេស​ភូមា បណ្ដាល​ឲ្យ​មាន​ភាព​តក់ស្លុត និង​ស្លន់ស្លោ​ដល់​អ្នក​ដឹក​នាំ​ផ្ដាច់​ការ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ទ្វីប​អាស៊ី ប៉ុន្តែ​ចរន្ត​នយោបាយ​នាំ​មក​នូវ​សេរីភាព​ដែល​គ្មាន​នរណា​អាច​ទប់ស្កាត់ ដែល​កំពុង​តែ​រីក​រាល​ដាល​ទូទាំង​ពិភពលោក ធ្វើ​ឲ្យ​របប​ផ្ដាច់​ការ​ដួល​រលំ​ម្តង​មួយៗ។ លោក​ថា ចរន្ត​នេះ​ក៏​នឹង​ឈាន​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី និយាយ​ខុស​ពី​ការ​ពិត។ លោក សុខ ឥសាន បាន​បកស្រាយ​ផ្ទុយ​ទៅ​វិញ​ថា លោក សម រង្ស៊ី ខ្លួន​ឯង​ជា​អ្នក​ផ្ដាច់​ការ និង​កំពុង​ដួល​រលំ​នោះ​ឯង។ លោក​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា មាន​លក្ខណៈ​ខុស​គ្នា និង​មិន​អាច​ប្រៀបធៀប​គ្នា​បាន​ឡើយ៖ «គណបក្ស​ប្រឆាំង​នៅ​ភូមា គេ​សុខ​ចិត្ត​ជាប់​គុក ២០​ឆ្នាំ ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា តែ ២​ឆ្នាំ​មិន​ហ៊ាន​ទាំង​ជាប់​ផង រត់​ផាស​ក្រញាំ​ខុស​គ្នា ១០​ដង។ សូម​ផ្ដាំ​ផ្ញើ​ទៅ លោក សម រង្ស៊ី កុំ​យក​សភាពការណ៍​ភូមា មក​ប្រៀបធៀប​នៅ​កម្ពុជា។ កុំ​យក​សភាពការណ៍​នៅ​មជ្ឈិម​បូព៌ា នៅ​អេហ្ស៊ីប នីលីប៊ី អីៗ​មក​ប្រៀបធៀប​នៅ​កម្ពុជា»

យ៉ាង​ណា​ក្ដី ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ បាន​បញ្ចេញ​ទស្សនៈ​ថា គ្មាន​អ្វី​ចម្លែក​ទេ​ចំពោះ​រូប​លោក។ លោក​ថា លោក សម រង្ស៊ី នៅ​ពេល​នៅ​ក្រៅ​ប្រទេស តែង​តែ​លើក​ឡើង​នូវ​សម្ដី​ខ្លាំងៗ ហើយ​ចំៗ ឌឺដង​ទៅ​កាន់​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​បែប​នេះ។ អ្វី​ដែល លោក សម រង្ស៊ី ប្រៀបធៀប​ខ្លួន​ដូច​បក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា គឺ​ផ្ទុយ​ពី​ការ​ពិត ដោយសារ លោក សម រង្ស៊ី មិន​ហ៊ាន​ប្រឈម​ដូច អ្នកស្រី អ៊ុង សាន ស៊ូជី (Aung san Suu kyi) ឡើយ។ លោក អ៊ូ វីរៈ យល់​ថា មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ បច្ចុប្បន្ន​ចូល​ចិត្ត​ប្រើ​នយោបាយ​ឈ្លោះ​គ្នា​ទៅ​វិញ​មក ដែល​មិន​ចំណេញ​ដល់​ប្រទេស​ជាតិ៖ «ឈ្លោះ​ដោយសារ លោក ហ៊ុន សែន គាត់​ចូល​ចិត្ត​បង្ក​ឲ្យ​មាន​ភាព​តានតឹង»

ទាក់ទង​សំណុំ​រឿង​របស់ លោក សម រង្ស៊ី ដែល​តុលាការ​កំពុង​តាម​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា​ជា​រឿង​នយោបាយ​នោះ លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​កីឡាការិនី​ប៉េតង់ គ្មាន​ថ្លែង​សារ​នយោបាយ​អ្វី​ទាក់ទង​នឹង លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​សាធារណជន កុំ​គិតគូរ​ពី​រឿង​អ្វី​ផ្សេង​អី គឺ​ត្រូវ​គិត​ពី​រឿង​កីឡា​វិញ​ប្រសើរ​ជាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។