បក្ស​នយោបាយ​ត្រៀម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង

គណបក្ស​នយោបាយ​ទាំង ៨ បាន​ត្រៀម​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៧ មិថុនា។

0:00 / 0:00

ថ្នាក់​ដឹកនាំ និង​សកម្មជន​គាំទ្រ​គណបក្ស​នយោបាយ​ទាំង​៨ ដែល​បាន​ចុះ​បញ្ជី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​សភា​តំណាង​រាស្ដ្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ក្នុង​ថ្ងៃ​ទី​មួយ​នឹង​បង្ហាញ​សារ​នយោបាយ​របស់​ខ្លួន និង​សកម្មភាព​នៅ​ទីប្រជុំជន​សំខាន់ៗ ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី២៧ មិថុនា។

លោក ឈាង វុន បេក្ខភាព​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ថ្ងៃ​ដំបូង​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​រួច​ជា​ស្រេច ដូច​ការ​គ្រោង​ទុក​ដើម្បី​ដង្ហែ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស៖ «នៅ​ក្រុង​ភ្នំពេញ នៅ​ខេត្ត​បាត់ដំបង ក៏​គេ​ហែ​ទៅ​តាម​ហ្នឹង​ទៅ គេ​ហែ​ទៅ​តាម​ស្រុក​ទៅ​តាម​ឃុំ គេ​ហែ​គ្រប់​កន្លែង»

ដោយ​ឡែក គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ដែល​គេ​គិត​ថា ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា គណបក្ស​នេះ​ក៏​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ដែរ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២៦ មិថុនា ថា សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ជុំ​គ្នា​នៅ​ម៉ោង ៧​ព្រឹក ហើយ​ចេញ​ដំណើរ​នៅ​ម៉ោង ៨​ព្រឹក ដោយ​រៀបចំ​ក្បួន​ធំៗ​ចំនួន​ពីរ​ទីតាំង គឺ​ទី​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ទី២​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ហើយ​ក្បួន​នីមួយៗ​មាន​សមាជិក​គាំទ្រ​ចូលរួម​ដង្ហែ​ក្បួន​ប្រមាណ​ជាង ១​ម៉ឺន​នាក់៖ «ការ​ជួប​ជុំ​គ្នា​នៅ​ទីនោះ លោក​ប្រធាន​នឹង​ថ្លែង​ប្រហែល ៣០​នាទី ម៉ោង​ប្រហែល​ចេញ​តាម​ទិសដៅ​ពី​តាខ្មៅ រួច​ហើយ​ចូល​មក​ទីក្រុង​ប្រហែល​ជា ៣​ម៉ោង រួច​ហើយ​បាន​ចេញ​ពី​ទីក្រុង​ភ្នំពេញ បំបែក​ទៅ​តាម​ស្រុក​នៅ​ខេត្ត​កណ្ដាល»

សម្រាប់​យុទ្ធនាការ​ឃោសនា​បើក​ឆាក​ជា​លើក​ដំបូង​នេះ លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​រថយន្ត​ជាង ១០០​គ្រឿង និង​ម៉ូតូ​ពី ៥០០ ទៅ ១​ពាន់​គ្រឿង ដើម្បី​ហែ​ក្បូន។

ដោយ​ឡែក គណបក្ស​ប្រជាជន​កម្ពុជា វិញ បើ​ទោះ​ជា​គេ​មិន​ទម្លាយ​ឲ្យ​ដឹង​ពី​ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បើក​យុទ្ធនាការ​ក្នុង​ថ្ងៃ​ចេញ​ឃោសនា​នៅ​ថ្ងៃ​ទី​មួយ​នេះ​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​នៅ​តាម​ទី​សាធារណៈ​នានា រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច។

សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​គូ​ប្រកួត​មួយ​ដែរ​នោះ បាន​រៀបចំ​ហែ​ក្បួន​ធំ​របស់​ខ្លួន​នៅ​ទីតាំង​សំខាន់​ប៉ុណ្ណោះ ដូច​ជា​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង។

លោក ទេព នន្នរី អគ្គលេខាធិការ​រង​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​មួយ​នេះ​នឹង​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​ក្នុង​ថ្ងៃ​ដំបូង​នៅ​ភ្នំពេញ ទេ។ លោក​បន្ត​ថា អ្វី​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជ្រើស​រើស​យក​ខេត្ត​កំពង់ចាម ដើម្បី​ចុះ​ឃោសនា​ក្នុង​ទ្រង់ទ្រាយ​ធំ ព្រោះ​នៅ​រាជធានី​ភ្នំពេញ មាន​គណបក្ស​នយោបាយ​ច្រើន​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​ក្នុង​ថ្ងៃ​ដំបូង​នេះ​ហើយ៖ «ពីព្រោះ​ខាង​ភ្នំពេញ នេះ គណបក្ស​បី​បួន​ទៀត​នោះ​គេ​ហែ។ ហើយ​ណា​មួយ ទី​ពីរ​សំខាន់​នោះ គឺ​ព្រះរាជ​អនុជ​បុត្រី លោក​ឈរ​ជា​បេក្ខជន​នៅ​ខេត្ត​កំពង់ចាម។ ម៉្លោះ​ហើយ​យក​គោលដៅ​ខេត្ត​កំពង់ចាម ជា​ចម្បង»

ទន្ទឹម​នឹង​នេះ គណបក្ស​នយោបាយ​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ខកខាន​មិន​បាន​ចុះ​ឃោសនា​ក្នុង​ថ្ងៃ​ដំបូង​នេះ​ទេ ព្រោះ​តែ​ដើម្បី​រៀបចំ​គោល​នយោបាយ​បញ្ចៀស​ការ​កកស្ទះ និង​មាន​ភាព​ពិបាក​ក្នុង​ការ​សុំ​ច្បាប់​ដើម្បី​ចុះ​ឃោសនា។ ដោយ​ឡែក​គណបក្ស​នយោបាយ​បី​ផ្សេង​ទៀត ក្នុង​នោះ​មាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស សញ្ជាតិ​កម្ពុជា បញ្ជាក់​ថា ពួក​គេ​នឹង​ចេញ​ឃោសនា​រក​សំឡេង​គាំទ្រ​នៅ​ថ្ងៃ​ដំបូង​នេះ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល (Comfrel) ឲ្យ​ដឹង​ថា លោក​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ដាក់​គ្នា​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជា​ជំហាន​ដំបូង​នេះ ព្រោះ​លោក​គិត​ថា អ្នក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ហាក់​នៅ​មិន​ទាន់​ចាស់​ទុំ​ផ្នែក​នយោបាយ​នៅ​ឡើយ៖ «នៅ​រាជធានី​ភ្នំពេញ អី អត់​ទាន់​ចេញ​សេចក្ដី​សម្រេច​អំពី​ការ​ហាម​ហែ​ក្បួន​លើ​ផ្លូវ​មួយ​ចំនួន។ នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត សំខាន់​ណាស់​ដែល​គេ​ត្រូវ​បក្ស​នយោបាយ គេ​បាន​មធ្យោបាយ​ធ្វើ​សកម្មភាព​នានា​តាម​ទី​សាធារណៈ ហើយ​និង​តាម​ដង​ផ្លូវ​ដែល​គេ​អាច​ធ្វើ​ការ​ឃោសនា​ដើម្បី​អាច​ប្រាប់​ទៅ​អ្នក​បោះឆ្នោត អំពី​គោល​នយោបាយ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត កត់​សម្គាល់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​អាច​មាន​ភាព​ឯករាជ្យ និង​ស្មើ​ភាព​គ្នា​រវាង​គណបក្ស​នយោបាយ​នៅ​ឡើយ។ មិន​ស្មើ​ភាព ដោយ​ហេតុ​ថា គណបក្ស​គ្រប់គ្រង​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​យ៉ាង​សម្បូរ​បែប​អំពី​គោល​នយោបាយ​របស់​ខ្លួន ទាំង​មុន និង​ក្នុង​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត ទាំង​វិទ្យុ ទូរទស្សន៍​រដ្ឋ និង​ឯកជន ដោយ​គ្មាន​ការ​រំខាន​អ្វី​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា តែង​រង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ថា​ជា​ស្ថាប័ន​មួយ​ដែល​តែង​ប្រើប្រាស់​បុគ្គលិក និង​ធនធាន​របស់​រដ្ឋ ដើម្បី​បម្រើ​ឲ្យ​គោល​នយោបាយ​របស់​គណបក្ស​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។