គណបក្ស​ចំនួន​៥​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បង្ហាញ​ថា មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​ស្នើសុំ​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២​ខាង​មុខ។ មន្ត្រី គ.ជ.ប បាន​បញ្ជាក់​ថា បច្ចុប្បន្ន មន្ត្រី​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​នីមួយៗ កំពុង​ពិនិត្យ​ទៅ​លើ​ឯកសារ​ពាក្យ​ស្នើសុំ​របស់​គណបក្ស​នយោបាយ​ទាំង​នោះ ដើម្បី​ពិនិត្យ​សម្រេច​ចុង​ក្រោយ។

ដំណើរ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង ស្រុក ខណ្ឌ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤។

ការ​ចុះ​ឈ្មោះ​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​ថា មាន​គណបក្ស​ចំនួន​៥ បាន​ចូល​រួម​ប្រកួត​ប្រជែង រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បេក្ខជន​នៅ​គ្រប់​មណ្ឌល​បោះ​ឆ្នោត​ទាំង​២៥​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ​ជិត ២០០​មណ្ឌល (១៩៧​មណ្ឌល) នៅ​ទូទាំង​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ឈ្មោះ​នៅ ២៤​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ​ជិត ២០០​មណ្ឌល។ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចុះ​បញ្ជី​នៅ​ខេត្ត​ចំនួន​២ និង​ក្រុង​ស្រុក​ខណ្ឌ​ចំនួន​១៩។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចុះ​បញ្ជី​នៅ​ស្រុក​ចំនួន​១ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បាន​ចុះ​បញ្ជី​នៅ​ខេត្ត​២ និង​ស្រុក​ចំនួន​២។

លោក ទេព នីថា បន្ត​ថា បច្ចុប្បន្ន​នេះ មន្ត្រី​គណៈកម្មការ​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​នីមួយៗ កំពុង​ពិនិត្យ​ទៅ​លើ​ពាក្យ​ស្នើសុំ​របស់​គណបក្ស​នយោបាយ​ទាំង​៥ ដើម្បី​សម្រេច​ចុង​ក្រោយ៖ «នេះ​គ្រាន់​តែ​ជា​ការ​ចុះ​បញ្ជី​ទេ ហើយ​គណៈកម្មការ​រាជធានី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត នឹង​ពិនិត្យ​លើ​ការ​ស្នើសុំ​ចុះ​បញ្ជី​នេះ ៥​ថ្ងៃ​ទៀត។ ហើយ​ក្នុង​ករណី​ដែល​ត្រឹមត្រូវ គាត់​ទទួល​យល់​ព្រម ហើយ​ក្នុង​ករណី​មិន​ត្រឹមត្រូវ គាត់​ឲ្យ​កែ​តម្រូវ ៥​ថ្ងៃ។ ហើយ​បើ​កែ​តម្រូវ​បាន​ត្រឹមត្រូវ គាត់​ទទួល​ចុះ​បញ្ជី​ផ្លូវ​ការ ប៉ុន្តែ​បើ​មិន​ត្រឹមត្រូវ គាត់​បដិសេធ»

បញ្ហា​នេះ​ដែរ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) មាន​ប្រសាសន៍​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដែល​ទាញ​ចាប់​អារម្មណ៍​ពី​សាធារណជន​ជាតិ និង​អន្តរជាតិ។ ទោះ​យ៉ាង​ណា លោក​ជូន​ពរ​ដល់​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​ចុះ​បញ្ជី​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ ឲ្យ​បាន​ជោគជ័យ៖ «ការ​ចុះ​ឈ្មោះ​នេះ យើង​ឃើញ​ថា មាន​គណបក្ស​រហូត​ដល់​ទៅ​៥ អ៊ីចឹង​បាន​ន័យ​ថា អង្គ​បោះ​ឆ្នោត​ត្រូវ​គិតគូរ​ថា តើ​ត្រូវ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា? អ៊ីចឹង ក្នុង​នាម​អ្នក​សង្កេតការណ៍ ខ្ញុំ​សូម​ជូន​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​ខ្មែរ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​សកម្មភាព​របស់​ខ្លួន»

ត្រង់​ចំណុច​នេះ លោក ទេព នីថា ក៏​បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ ត្រូវ​ត្រៀម​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូល​រួម​ឃោសនា​ក្នុង​ពេល​ខាង​មុខ​ឲ្យ​មាន​ភាព​រលូន។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ជា​លក្ខណៈ​អសកល គឺ​មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​ទេ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។