មេ​ភូមិ​៣​នាក់​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​រើសអើង​បក្ស​នយោបាយ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ស៊ើប​អង្កេត និង​ចាត់​វិធាន​ការ​ទៅ​លើ​មេ​ភូមិ​ចំនួន ៣​រូប នៃ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ដែល​បាន​បដិសេធ​មិន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន​នោះ។

0:00 / 0:00

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចិត្រា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៣ សីហា ថា អាជ្ញាធរ​ខេត្ត​គួរ​តែ​ពិចារណា និង​ពន្លឿន​ការ​ដោះស្រាយ​បណ្ដឹង​របស់​លោក និង​ចាត់​វិធាន​ការ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់ ដែល​លោក​បាន​ដាក់​ជូន​មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣ កន្លង​ទៅ។

លោក ដួង ចិត្រា បន្ត​ថា បណ្ដឹង​ដែល​លោក​បាន​ដាក់​ជូន​មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​ចាត់​វិធាន​ការ​នោះ គឺ​មាន​ភស្តុតាង​គ្រប់គ្រាន់​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ទាំង​នោះ៖ «គេ​អាង​ថា​កន្លង​ទៅ​អ្នក​ទាំងអស់​គ្នា​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឥឡូវ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ហើយ​ទាំងអស់​គ្នា​ទៅ​រក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ហត្ថលេខា​ឲ្យ​ទៅ ហើយ​កុំ​មក​រក​គេ​ទៀត ព្រោះ​គេ​ជា​អ្នក​ចាញ់​ឆ្នោត»

នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៣ នេះ​ដែរ ក្រុម​មន្ត្រី​អង្គការ​សិទ្ធ​មនុស្ស​លីកាដូ (Licadho) និង​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​ចុះ​អង្កេត​ផ្ទាល់​ចំពោះ​បណ្ដឹង​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង ដែល​ថា​មាន​មេ​ភូមិ​ចំនួន​បី​រូប បាន​បដិសេធ​មិន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​រួច។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា លោក និង​ក្រុម​ការងារ​របស់​អង្គការ​លីកាដូ បាន​ចុះ​អង្កេត​ផ្ទាល់​នៅ​ភូមិ​ចំនួន​៣ គឺ​ភូមិ​វត្ត ភូមិ​ត្រពាំងស្រង៉ែ និង​ភូមិ​ខ្នារកណ្ដាល នៃ​ឃុំ​ខ្នារឆ្មារ ស្រុក​កំពង់ត្រឡាច បាន​បង្ហាញ​ថា ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ៖ «គាត់​ថា​មាន​ករណី​បែប​ហ្នឹង​មែន ក៏ប៉ុន្តែ ការ​អះអាង​របស់​គាត់​នេះ​នៅ​មាន​លក្ខណៈ​មិន​ច្បាស់​លាស់ យើង​នៅ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ភូមិ​ត្រពាំងស្រង៉ែ លោក ប៉ឹង ហឿន បាន​ថ្លែង​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា លោក​ធ្លាប់​បាន​បដិសេធ​មិន​បញ្ជាក់​អត្តសញ្ញាណ​ឲ្យ​ពលរដ្ឋ​ម្នាក់​មែន ក៏ប៉ុន្តែ អ្នក​ដែល​ត្រូវ​បញ្ជាក់​នោះ គឺ​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ការ៖ «អ្នក​ខ្លះ​វា​ច្រើន​យក​កុមារ​មិន​ទាន់​គ្រប់​អាយុ​ទៅ​ធ្វើ​រោងចក្រ​អីចឹង អត់​ហ៊ាន​ធ្វើ​ឲ្យ»

ចំណែក​មេ​ភូមិ​ខ្នារកណ្ដាល លោក គឹម សឿន មាន​ប្រសាសន៍​ថា គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ថា​អ្នក​ណា​នោះ​ទេ គឺ​គាត់​បាន​ធ្វើ​ជូន​ទាំងអស់៖ «ទេ! អត់​ដែល​អត់​ទេ ធ្វើ​រហូត​ទៅ​កាត់​ដេរ​កាត់​អី គេ​ធ្វើ​រហូត​តាំង​ពី​ក្រោយ​បោះ​ឆ្នោត​មក​នោះ»

ទោះ​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​បញ្ហា​នេះ​ពី​មេ​ឃុំ​ខ្នារឆ្មារ លោក ទា កុំ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី១៣ សីហា ដោយ​លោក​បិទ​ទូរស័ព្ទ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី សាកសួរ​អំពី​រឿង​នេះ។

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ​ឃុំ រហូត​ដល់​ខេត្ត គឺ​ជា​មន្ត្រី​អព្យាក្រឹត និង​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប។ ក្នុង​ករណី​ដែល​មន្ត្រី​អាជ្ញាធរ​បាន​បដិសេធ ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ដោយ​មាន​ការ​រើសអើង​គណបក្ស​នយោបាយ ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​គណបក្ស​ប្រឆាំង​នោះ គឺ​ជា​រឿង​ខុស​ឆ្គង និង​ផ្ទុយ​ពី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។