គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ ឲ្យត្រៀមឯកសារចុះបញ្ជីគណបក្ស និងបេក្ខជននៅចុងខែមេសា នាទីស្ដីការ គ.ជ.ប។
បញ្ហានេះ គណបក្សកាន់អំណាច និងបក្សដៃគូក្នុងជួររដ្ឋាភិបាល បានត្រៀមលក្ខណៈរួចហើយ ប៉ុន្តែគណបក្សប្រឆាំងមិនទាន់សម្រេចចិត្ត។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ្នកស្រី ស៊ីន ជុំបូ បានអំពាវនាវក្នុងសន្និសីទកាសែតនាទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៦ ខែមេសា ថា កាលបរិច្ឆេទនៃការចុះបញ្ជីគណបក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតសភាអាណត្តិទី៥ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។
អ្នកស្រីស្នើឲ្យគ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយមានបំណងចូលរួមប្រកួតបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ត្រូវមកចុះបញ្ជីគណបក្ស និងបេក្ខជននៅទីស្ដីការរបស់ គ.ជ.ប តាមម៉ោងធ្វើការ៖ «គ.ជ.ប បានតៀមនូវទម្រង់បែបបទសម្រាប់បំពេញក្នុងការចុះឈ្មោះហ្នឹងដែរ អាចអញ្ជើញមកយកនៅ គ.ជ.ប។ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺខុសពីការបោះឆ្នោតឃុំ-សង្កាត់ គឺការទទួលពាក្យរបស់គណបក្សហ្នឹង គឺនៅ គ.ជ.ប ហ្នឹងតែម្តង មិនមែននៅឃុំ-សង្កាត់ទេ»។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ គណបក្សនីមួយៗត្រូវបង់ប្រាក់តម្កល់ចំនួន ១៥លានរៀល។ ប្រាក់តម្កល់នេះ ត្រូវបង់ទៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងគណនីប្រាក់តម្កល់របស់ គ.ជ.ប ហើយប្រាក់តម្កល់នេះ នឹងបង្វិលជូនទៅសាមីគណបក្សនយោបាយវិញ ក្នុងករណីដែលគណបក្សនយោបាយនោះបានទទួលសន្លឹកឆ្នោតយ៉ាងតិច ៣% នៃចំនួនសន្លឹកឆ្នោតបានការ ឬបានអាសនៈមួយកៅអីក្នុងរដ្ឋសភា។
ទាក់ទិនបញ្ហានេះ លោក អ៊ក គីមហាន ប្រធាននាយកដ្ឋានបូកសរុបនៃខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា បក្សខ្លួនបានត្រៀមឯកសារសម្រាប់ចុះបញ្ជីគណបក្ស និងបេក្ខជនចូលរួមបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ខែកក្កដា រួចហើយ៖ «គណបក្សប្រជាជនបានត្រៀមលក្ខណៈ ឬបំពេញឯកសាររួចរាល់អស់ហើយ។ ហើយបេក្ខជនរបស់គណបក្សប្រជាជន ដាក់ទាំង ២៤រាជធានី-ខេត្តហ្នឹង គឺមានបេក្ខជនសរុបចំនួន ២៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៤៨នាក់ ឬប្រហាក់ប្រហែលនឹង ១៨%»។
ដូចគ្នាដែរ លោក គឹម កុសល ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានបញ្ជាក់ថា បក្សខ្លួនបានត្រៀមឯកសារចុះបញ្ជីគណបក្ស និងបេក្ខជនរួចហើយដែរ គឺរង់ចាំតែដល់ថ្ងៃចុះបញ្ជីចូលមកដល់ទេ៖ «ទាំងបេក្ខជន និងថវិកា យើងត្រៀមអស់ហើយ។ ចាំដល់ពេលច្បាប់តម្រូវឲ្យគណបក្សនយោបាយមកចុះថ្ងៃណាចាំ គណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រៀមមកចុះបញ្ជីនៅ គ.ជ.ប តែម្តង»។
ផ្ទុយពីការអះអាងនេះ លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា មិនទាន់សម្រេចចិត្តបែបណាទេ ដោយរង់ចាំមើលការអនុវត្តនីតិវិធីបោះឆ្នោតរបស់ គ.ជ.ប។ តើមានឯករាជ្យត្រឹមកម្រិតណា? មន្ត្រីបក្សប្រឆាំងរូបនេះ បានទិតៀននីតិវិធី ឬការងាររៀបចំការបោះឆ្នោតរបស់ គ.ជ.ប ថាមិនឯករាជ្យ និងគាំទ្របក្សកាន់អំណាច។
យ៉ាងណាក៏ដោយ លោក គួយ ប៊ុនរឿន បញ្ជាក់ថា បក្សសង្គ្រោះជាតិ មានឆន្ទៈក្នុងការចូលរួមបោះឆ្នោតនាខែកក្កដា ខាងមុខ។
ទាក់ទិនការងារបោះឆ្នោតនេះដែរ លោក យុធ្យា មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វែ្រល (Comfrel) ដែលបានចូលរួមក្នុងសន្និសីទ បានស្នើដល់ គ.ជ.ប ជួយពិចារណាបញ្ចុះ តម្លៃបង់ប្រាក់តម្កល់ឲ្យទាបជាង ១៥លានរៀល ដើម្បីឲ្យគណបក្សនយោបាយតូចៗអាចមានលទ្ធភាពចុះបញ្ជីគណបក្ស ឬបេក្ខជនចូលរួមប្រកួតបោះឆ្នោតឲ្យបានច្រើន។
មន្ត្រី គ.ជ.ប ឲ្យដឹងថា កាលបរិច្ឆេទនៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ រីឯពេលវេលាឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា។ ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅការិយាល័យបោះឆ្នោត និងនៅគណៈកម្មការឃុំ-សង្កាត់ ធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។
ចំណែកកាលបរិច្ឆេទនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
