ទស្សនៈ​អ្នក​គាំទ្រ​បក្ស​ធំៗ​ទាំង​ពីរ​ចំពោះ​ការ​ប្រមូល​ឱ្យ​ជួប​ជុំ​គ្នា​នៅ​ខេត្ត​កំពង់ធំ

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ បាន​ធ្វើ​ដំណើរ​ទាំង​ឡានៗ ប្រៀប​ដូច​ជា​ការ​ឃោសនា​បោះ​ឆ្នោត​ម្តង​ទៀត ដើម្បី​ទៅ​ជួប​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​នៅ​ទី​រួម​ខេត្ត​កំពង់ធំ។ ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីស្នាក់ការ​បក្ស​រៀងៗ​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៧ មករា។

0:00 / 0:00

តើ​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​បក្ស​ធំៗ​ទាំង​ពីរ យល់​ឃើញ​យ៉ាង​ណា​ក្នុង​ការ​ជួប​ជុំ​តាម​ការ​កោះ​ហៅ​របស់​បក្ស​នោះ?

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជុំ​គ្នា​ប្រមាណ ១​ពាន់​នាក់ កាល​ពី​ថ្ងៃ​ទី​២៧ មករា ដើម្បី​ចូល​រួម​ស្តាប់​ការ​សំណេះសំណាល​របស់​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ទីស្នាក់ការ​បក្ស​ក្នុង​ខេត្ត​កំពង់ធំ។ ដោយ​ឡែក នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​កិច្ច​ជួប​ជុំ​នៅ​ទីស្នាក់ការ​បក្ស​ខ្លួន ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ខាង​បក្ស​សង្គ្រោះ​ជាតិ ដែរ។

អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា មួយ​រូប មក​ពី​ភូមិ​កំពង់សំរោង ឃុំ​ស្រយូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ លោក ទូច លី បាន​មាន​ប្រសាសន៍​ថា មេ​ភូមិ​ទើប​តែ​ប្រាប់​លោក​នៅ​ពេល​ល្ងាច​ថ្ងៃ​ទី​២៦ មករា ដើម្បី​មក​ចូល​រួម​ការ​ប្រជុំ​នៅ​ទីស្នាក់ការ​បក្ស​ថ្ងៃ​ទី​២៧ មករា។ លោក​បន្ត​ថា មេ​ភូមិ​អាច​ដើរ​ប្រាប់​ក្នុង​មួយ​ភូមិ​ជាង ១០​នាក់ ដើម្បី​ចូល​រួម ហើយ​សោហ៊ុយ​ឡាន គឺ​លោក​មិន​បាន​ដឹង​ថា តើ​នរណា​ជា​អ្នក​ចេញ​នោះ​ទេ ហើយ​លោក​ក៏​មិន​ដឹង​ថា គេ​ឲ្យ​ទៅ​នោះ​ដើម្បី​អ្វី​នោះ​ដែរ។

លោក ទូច លី៖ «អត់​ទាន់​ដឹង​ទេ ខ្ញុំ​អត់​ដឹង​ទេ គ្រាន់​តែ​ដឹង​ថា​គេ​មាន​ឡាន​ឱ្យ​យើង​ជិះ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ។ បាយ​ទឹក​នំ​ចំណី​បើ​តាម​និយាយ​ទៅ អើ​គេ​ដាក់​បាយ​កញ្ចប់​ឱ្យ​យើង​ដែរ។ បើ​សិន​ជា​យើង​ឃ្លាន​ទៀត អើ​យើង​អត់​ដឹង​ដែរ​ថា​គេ​ឱ្យ​ទៀត​អី​យ៉ាង​ម៉េចៗ​ដែរ តែ​បើ​ឃ្លាន​យ៉ាង​ម៉េច លុយ​ហោប៉ៅ​យើង​ខ្លះៗ​ទៅ»

លោក​បន្ត​ថា បើ​មិន​មក​ចូល​រួម លោក​នឹង​ត្រូវ​ទៅ​រក​ត្រី​សាច់​នៅ​ឯ​បឹង ដើម្បី​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​លោក​ត្រូវ​តែ​មក​ចូល​រួម ពីព្រោះ​ក្រោម​ការ​ដឹក​នាំ​របស់​មេ​ភូមិ​ទៅ​ហើយ បើ​ទោះ​បី​ជា​មិន​ដឹង​ថា​គេ​ធ្វើ​អ្វី ហើយ​ជួប​ជាមួយ​អ្នក​ណា​ពិត​ប្រាកដ​ក៏ដោយ។

មិន​មែន​អ្នក​ចូល​បក្ស​ប្រជាជន សុទ្ធ​តែ​មិន​ដឹង​ទាំងអស់​នោះ​ទេ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​មក​ពី​ភូមិ​ពុកយុគ ឃុំ​ដដែល​នោះ លោក យ៉ង់ ភី មាន​ប្រសាសន៍​ថា លោក​មក​ដើម្បី​ធ្វើ​បាតុកម្ម​ការពារ​លទ្ធផល​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​វា​ត្រឹមត្រូវ​ដោយសារ​មាន​អង្គការ​ជាតិ និង​អន្តរជាតិ ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៀត​ផង៖ «យល់​យ៉ាង​ម៉េច ថា​ការ​បោះ​ឆ្នោត​ពិត​ជា​យុត្តិធម៌​ត្រឹមត្រូវ​ហើយ​បាទ! ព្រោះ​តម្លាភាព​ព្រោះ​មាន​ខាង​អង្គការ​អ្នក​សង្កេតការណ៍​តាំង​ពី​អី​ណា​បរទេស​ក៏​គេ​មក​ឃើញ​ថា វា​ពិត​ជា​ត្រឹមត្រូវ​យុត្តិធម៌​មែន​បាទ»

លោក​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​បក្ស​សង្គ្រោះ​ជាតិ ថា​ការ​បោះ​ឆ្នោត​ជា​រឿង​អយុត្តិធម៌​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទាំង​ស្រុង។

ដោយ​ឡែក អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​ខេត្ត​កំពង់ធំ នោះ​វិញ ហាក់​ដូច​ជា​ដឹង​ច្បាស់​ណាស់​ថា ពួក​គាត់​មក​ដើម្បី​អ្វី​នោះ។

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​បាក់ថ្នា ស្រុក​បារាយណ៍ លោក ឡុង ផាន វ័យ​ជាង ៦០​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា គាត់​មក​នេះ​មក​ដោយ​ឆន្ទៈ ដើម្បី​រក​ភាព​យុត្តិធម៌​ជូន​ប្រជាជាតិ ហើយ​ទាមទារ​ឱ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ពីព្រោះ​បញ្ហា​អន្តោប្រវេសន៍​បរទេស​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កាន់​តែ​ច្រើន រីឯ​ភាព​យុត្តិធម៌​នៅ​មាន​កម្រិត៖ «កន្លង​មក យុត្តិធម៌​ដែរ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​ប្រជាជន​សុខ​សប្បាយ​ទេ ហាសៗៗៗ​ប្រជាជន​មិន​បាន​សុខ​សប្បាយ​ទេ ឃើញ​តែ​ទុក្ខ​វេទនា​រាល់​តែ​ថ្ងៃ​រាល់​តែ​ខែ​ហ្នឹង! ថ្ងៃ​នេះ​យើង​ទាមទារ​រក​យុត្តិធម៌​កុំ​ឱ្យ​ខ្មែរ​យើង​វេទនា ធ្វើ​ខ្ញុំ​គេ អា​សម្លាប់​រក​មិន​ឃើញ អា​ច្បាប់ៗៗ​ថា​អា​នេះ​ជា​អ្នក​សម្លាប់ អា​នេះ​មាន​កាំភ្លើង​ឯណា?»

លោក​បញ្ជាក់​ថា លោក​មក​ចូល​រួម​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​នោះ​ទេ ពីព្រោះ​លោក​ជឿជាក់​ទៅ​លើ​ភាព​ត្រឹមត្រូវ​ក្នុង​នាម​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នោះ។

អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ ម្នាក់​ទៀត លោក សូ វៃ បាន​ឱ្យ​ដឹង​ថា លោក​មក​ដើម្បី​ជួប​ជាមួយ លោក កឹម សុខា ដើម្បី​ទាមទារ​ឱ្យ​មាន​បោះ​ឆ្នោត​ឡើង​វិញ និង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែង​រក​ភាព​យុត្តិធម៌​ជូន​កម្មករ​ដែល​បាន​ស្លាប់ កាល​ពី​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា ចំណែក​សោហ៊ុយ​ឡាន គឺ​ពួក​គាត់​ចេញ​រៀង​ខ្លួន ដោយ​គ្មាន​នរណា​ឧបត្ថម្ភ​នោះ​ឡើយ៖ «ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​មាន​ការ​បោះ​ឆ្នោត​សា​ដើម​ឡើង​វិញ ហើយ​គាំទ្រ​គាត់ ១០០% ហើយ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ស្រុក​ខ្មែរ​យើង​ទាំងអស់ មិន​ថា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ផ្សេងៗ ឬ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ ខ្ញុំ​នេះ​ទេ។ ទទូច​ឱ្យ​រដ្ឋាភិបាល​នោះ​បង្កើត​គណៈកម្មាធិការ​ណា​មួយ ដើម្បី​រក​សិទ្ធិ​ស្វែង​រក​ជន​ដែល​បាន​បាញ់​សម្លាប់​កម្មករ​ស្លូត​ត្រង់ ដែល​ការពារ​សិទ្ធិ​ទាមទារ​សិទ្ធិ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ​នោះ បែរ​ជា​អាជ្ញាធរ​សមត្ថកិច្ច​បាញ់​សម្លាប់​យ៉ាង​សាហាវ​យង់ឃ្នង​បំផុត​នៅ​ក្នុង​ប្រទេស​ខ្មែរ។ យើង​មិន​ចង់​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ត​ទៅ​ទៀត​នៅ​ថ្ងៃ​មុខ​ទេ»

បញ្ហា​ជួប​ជុំ​របស់​អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ចំ​ថ្ងៃ​ដែល​បក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​វេទិកា​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​បក្ស​ខ្លួន ទាំង​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ ដែល​មាន​លក្ខណៈ​ជា​ការ​រំខាន​បក្ស​សង្គ្រោះ​ជាតិ នោះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ប្រមូល​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ គឺ​ជា​សិល្បៈ​នយោបាយ​រុញ​ប្រទេស​ឱ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ចំណែក​ការ​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា វិញ​គឺ​ជា​ការ​បន្លាច​ដើម្បី​សន្តិសុខ​ជាតិ ក៏ប៉ុន្តែ​វា​ប្រៀប​ដូច​ជា​ការ​ចាក់​សាំង​ចូល​ភ្លើង​អ៊ីចឹង​ដែរ។ លោក​បន្ត​ថា វា​គឺ​ជា​ការ​និពន្ធ​រឿង​ល្ខោន​ដដែលៗ ដោយ​មិន​មាន​គោល​បំណង​ច្បាស់​លាស់ ហើយ​តួ​សម្ដែង​វិញ គឺ​មិន​មាន​តួ​ចម្រុះ​គ្នា​នោះ​ទេ ពោល​គឺ​បក្ស​ប្រជាជន​កម្ពុជា មាន​តួអង្គ​ភាគ​ច្រើន​សុទ្ធ​តែ​តួ​យក្ស ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ទស្សនា​ត្រូវ​ថយ​ចុះ។

លោក កែម ឡី៖ «រឿង​ទី​ពីរ ការ​ល្ខោន​របស់ កែង វ៉ាន់សាក់ របស់ កែវ យិត យ៉ាង អី​គឺ​មាន​តួ​ចម្រុះ បាន​ន័យ​ថា តួឯក​តួ​កម្សត់ តួ​កំប្លែង តួ​យក្ស តែ​ការ​និពន្ធ​ឱ្យ​ហ្នឹង គឺ​តែង​តែ​តួ​យក្ស ហើយ​ការ​បង្ក្រាប​គ្រប់​កន្លែង ខ្ញុំ​ជឿ​ថា​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជន​ទេ ផ្ទុយ​ទៅ​វិញ គឺ​ធ្វើ​ឱ្យ​មាន​ការ​ស្ងប់​ទៅ​វិញ។ អា​ហ្នឹង​រឿង​ទី​ពីរ​ដែល​ខ្ញុំ​វិភាគ​ជូន។ រឿង​ទី​៣ យើង​មិន​គួរ​បង្កើត​សំណុំ​រឿង​ឱ្យ​ជាប់​ផុង​ក្នុង​តុលាការ អាយ.ស៊ី.ស៊ី (ICC) ទេ ខ្លួន​ឯង​អ៊ីចឹង​ទេ។ ម៉ា​ករណី ពីរ​ករណី បី​ករណី គេ​កំពុង​តែ​រីខត (record)»

លោក​បន្ត​ថា ដើម្បី​ជា​ការ​សម្រួល​ឱ្យ​ស្ថានការណ៍​ត្រឡប់​មក​ដូច​ដើម​វិញ​នោះ រដ្ឋាភិបាល​គប្បី​បើក​ទូលាយ​ឱ្យ​មាន​ការ​ជួប​ប្រជុំ​របស់​បក្ស​សង្គ្រោះ​ជាតិ ឡើង​វិញ ដើម្បី​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន ហើយ​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ថា​ការ​ទាមទារ​របស់​បក្ស​សង្គ្រោះ​ជាតិ នោះ​ជា​រឿង​មិន​ត្រឹមត្រូវ ពួក​គេ​ក៏​អាច​សម្ដែង​មតិ​របស់​ខ្លួន​បាន ដោយ​គ្រាន់​តែ​ស្ថិត​នៅ​ទីកន្លែង និង​ពេល​វេលា​ខុស​គ្នា​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។