បក្ស​នយោបាយ​ចាប់​ផ្ដើម​ចុះ​បញ្ជី​ឈ្មោះ​នៅ​គ.ជ.ប

កាលបរិច្ឆេទ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា នេះ​ហើយ។

0:00 / 0:00

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មក​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស និង​បេក្ខជន​រួច​ហើយ នៅ​ទីស្ដីការ គ.ជ.ប។ លោក​ថា កាលបរិច្ឆេទ​នៃ​ការ​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣។

តាម​ពេល​វេលា​នេះ លោក ទេព នីថា បាន​ស្នើ​សុំ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​​​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ ហើយ​មាន​បំណង​ចូល​រួម​ប្រកួត​បោះ​ឆ្នោត ត្រូវ​មក​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​នៅ​ទីស្តីការ គ.ជ.ប ឲ្យ​បាន​ទាន់​ពេល ដើម្បី​ជៀសវាង​បញ្ហា​រអាក់រអួល។

ប្រធាន​នាយកដ្ឋាន​បូក​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​​​កម្ពុជា លោក អ៊ក គីមហាន មាន​ប្រសាសន៍​ថា បក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បាន​ចុះ​ឈ្មោះ​នៅ គ.ជ.ប រួច​ហើយ វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា។

លោក​ថា ឯកសារ​ចុះ​ឈ្មោះ​បក្ស និង​បេក្ខជន គឺ​បាន​សម្រិតសម្រាំង​ត្រឹមត្រូវ មុន​នឹង​ដាក់​ជូន​ស្ថាប័ន គ.ជ.ប៖ «គណបក្ស​ប្រជាជន​បាន​ត្រៀម​លក្ខណៈ ឬ​បំពេញ​ឯកសារ​រួច​រាល់​អស់​ហើយ ហើយ​បេក្ខជន​របស់​គណបក្ស​ប្រជាជន​ដាក់​ទាំង ២៤​រាជធានី​ខេត្ត​ហ្នឹង គឺ​មាន​បេក្ខជន​សរុប​ចំនួន ២៦៨​នាក់។ ពេញ​សិទ្ធិ ១២៣​នាក់ និង​បម្រុង​ចំនួន ១៤៥​នាក់។ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៤៨​នាក់ ហើយ​ស្ត្រី​ដែល​ឈរ​លេខ​រៀង​លេខ​១ លេខ​២ លេខ​៣ និង​លេខ​៤ គឺ​ឈរ​លេខ​ជាប់​មាន​ប្រហែល​ជា ៨ ទៅ ៩​ភាគរយ ដែល​សង្ឃឹម​ថា​ជាប់»

​ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​ទៅ​ចុះ​បញ្ជី​បក្ស និង​បេក្ខជន​រួច​ហើយ​ដែរ នៅ​វេលា​ម៉ោង ២ រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា។ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​នាំ​យក​ឯកសារ​បក្ស និង​បេក្ខជន​ទៅ​ចុះ​ឈ្មោះ​ផ្ទាល់​ដៃ​នៅ​ទីស្តីការ គ.ជ.ប។

ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​​បញ្ចប់​​ធ្វើ​មហា​បាតុកម្ម​​សុំ​ឲ្យ​ដូរ គ.ជ.ប ដោយ​ចោទ​ថា មិន​ឯករាជ្យ​នោះ មិន​ទាន់​បាន​ចុះ​បញ្ជី​បក្ស និង​បេក្ខជន​ទេ នៅ​ថ្ងៃ​ចុះ​ឈ្មោះ​ដំបូង​នេះ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ទោះ​គណបក្ស​លោក​មិន​ទាន់​បាន​ទៅ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស និង​បេក្ខជន​នៅ​ថ្ងៃ​ចុះ​ឈ្មោះ​ដំបូង​ក្តី ក៏​ប៉ុន្តែ​បក្ស​នេះ​នឹង​អនុវត្ត​ទៅ​តាម​កាលបរិច្ឆេទ​កំណត់​របស់ គ.ជ.ប មិន​ឲ្យ​ខកខាន​ទេ៖ «យើង​រៀបចំ​ហើយៗ ក៏​ប៉ុន្តែ​យើង​នៅ​ផ្ទៀងផ្ទាត់ និង​ធ្វើ​លិខិត​បញ្ជាក់​ពី​សង្កាត់​នូវ​ឈ្មោះ​បេក្ខជន។ យើង​ត្រៀម​ខ្លួន​ចុះ​បញ្ជី​បក្ស និង​បេក្ខជន ទៅ​តាម​ពេល​កំណត់​របស់ គ.ជ.ប ឲ្យ​បាន​ទាន់​ពេល​វេលា គឺ​អត់​មាន​បញ្ហា​អី​ទេ។ ប៉ុន្តែ​យើង​មិន​ទាន់​ដាក់​ថ្ងៃ​ចុះ​ឈ្មោះ​ទី​១​ហ្នឹង​ភ្លាម​ទេ»

គ.ជ.ប បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ តម្រូវ​ឲ្យ​គណបក្ស​នីមួយៗ ត្រូវ​បង់​ប្រាក់​តម្កល់​ចំនួន ១៥​លាន​រៀល។ ប្រាក់​តម្កល់​នេះ​ត្រូវ​បង់​ទៅ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ក្នុង​គណនី​ប្រាក់​តម្កល់​របស់ ​គ.ជ.ប ហើយ​ប្រាក់​តម្កល់​នេះ នឹង​បង្វិល​ជូន​ទៅ​សាមី​គណបក្ស​វិញ ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​នោះ​បាន​​ទទួល​សន្លឹក​ឆ្នោត​យ៉ាង​តិច ៣​ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​បាន​ការ ឬ​បាន​អាសនៈ​មួយ​កៅអី​ក្នុង​រដ្ឋ​សភា។

​​មន្ត្រី គ.ជ.ប ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​នៃ​ការ​ផ្ដល់​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៣។ រី​ឯ​ពេល​វេលា​ឃោសនា​បោះ​ឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា។ ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត និង​បញ្ជី​ទីតាំង​នៅ​ការិយាល័យ​បោះ​ឆ្នោត និង​នៅ​គណៈកម្មការ​ឃុំ​សង្កាត់ ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។