គ.ជ.ប​​ ចាប់​ឆ្នោត​កំណត់​លេខ​រៀង​បក្ស​នយោបាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា បាន​ធ្វើ​សន្និសីទ​កាសែត ដើម្បី​ចាប់​ឆ្នោត​​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​​​សន្លឹក​ឆ្នោត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥។

0:00 / 0:00

ការ​​ចាប់​ឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​ចាប់​បាន​លេខ​រៀង​ទី​៤ និង​ ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស នៅ​លេខ​រៀង​ទី​៧។ លំដាប់​លេខ​រៀង​នេះ ទាំង​គណបក្ស​កាន់​អំណាច និង​​គណបក្ស​ប្រឆាំង សុទ្ធតែ​ចាត់​ទុក​ជា​លេខ​រៀង​ល្អ និង​រំពឹង​ឈ្នះ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ដូចៗ​គ្នា។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្តី មាន​ប្រសាសន៍​ថា ការ​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នេះ ត្រូវ​​បាន​សម្ដេច​សង្ឃរាជ​ទាំងពីរ​គណៈ គឺ​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជ ទេព វង្ស សម្ដេច​ព្រះ​មហា​សង្ឃរាជ​គណៈ​មហានិកាយ និង​សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី ប៊ូរ គ្រី សម្ដេច​ព្រះ​មហា​សង្ឃរាជ​គណៈ​ធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និមន្ត​​ចាប់​ដោយ​ផ្ទាល់​ព្រះហស្ត។

លោក អ៊ឹម សួស្តី ឲ្យ​ដឹង​ថា ការ​ចាប់​ឆ្នោត​នេះ គណបក្ស​សញ្ជាតិ​កម្ពុជា នៅ​លេខ​រៀង​ទី​១ គណបក្ស​ហ៊្វុនស៊ិនប៉ិច លេខ​រៀង​ទី​២ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៣ គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​៤ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លេខ​រៀង​ទី​៥ គណបក្ស​ខ្មែរ​ឈប់​ក្រ នៅ​លេខ​រៀង​ទី​៦ គណបក្ស​សង្គ្រោះ​ជាតិ នៅ​លេខ​រៀង​ទី​៧ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ស្ថិត​នៅ​លេខ​រៀង​ទី​៨។

លោក អ៊ឹម សួស្ដី ថ្លែង​ថា ការ​កំណត់​លេខ​រៀង​គណបក្ស​លើ​សន្លឹក​ឆ្នោត មាន​សារសំខាន់​សម្រាប់​ឲ្យ​គណបក្ស​នយោបាយ​យក​ទៅ​​ឃោសនា​​បោះ​ឆ្នោត និង​ជួយ​ឲ្យ​អ្នក​បោះ​ស្គាល់​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត។

ទាក់ទិន​បញ្ហា​នេះ លោក សោម សឿន សមាជិក​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុ​ប្រធាន​ខុទ្ទកាល័យ​គណៈកម្មការ​កណ្ដាល​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ចាប់​ឆ្នោត បាន​សាទរ​ដែល​បក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លំដាប់​លេខ​រៀង​ទី​៤ លើ​សន្លឹក​ឆ្នោត។ លោក​ថា លេខ​រៀង​ទី​៤ ជា​សញ្ញា​ឈ្នះ​ការ​បោះ​ឆ្នោត​ដូច​អាណត្តិ​ទី​៤ ដែល​បក្ស​ប្រជាជន​ចាប់​បាន​លេខ​រៀង​ទី​៤ លើ​សន្លឹក​ឆ្នោត​នេះ​ដែរ៖ «ថ្លែង​អំណរ​គុណ​សម្ដេច​ព្រះសង្ឃ​រាជ​ទាំង​ពីរ​គណៈ​ដែល​បាន​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​ដូច​ជា​ការ​ប្រសិទ្ធពរ​ជ័យ​ជូន​គណបក្ស​ប្រជាជន ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​តាំង​តែ​ពី​អាណត្តិ​ទី​៤ ដែល​មាន​លេខ ៤ នៅ​លើ​សន្លឹក​ឆ្នោត លើក​នេះ​លេខ ៤ ក៏​សង្ឃឹម​ថា នឹង​ទទួល​បាន​ជោគ​ជ័យ​ដូច​អាណត្តិ​មុនៗ»

ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​បញ្ចូល​គ្នា​រវាង​បក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស ក៏​បាន​អបអរ​សាទរ​ដែល​គណបក្ស​ខ្លួន​ចាប់​បាន​លេខ​រៀង​ទី​៧ នៅ​លើ​សន្លឹក​ឆ្នោត។

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​លំដាប់​លេខ​រៀង​ទី​៧ នៅ​លើ​សន្លឹក​ឆ្នោត​ជា​សញ្ញា​ឈ្នះ​ការ​បោះ​ឆ្នោត និង​ជា​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​បុព្វហេតុ​ជាតិ ការពារ​ទឹក​ដី ដូច​គ្នា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដូច្នេះ​ដែរ។

លោក កឹម សុខា បាន​បញ្ជាក់​អត្ថន័យ​លេខ​រៀង​ទី​៧ នៅ​លើ​សន្លឹក​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «លេខ​រៀង​ទី​៧​នេះ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​ព្រះអង្គ​ជា​មេដឹកនាំ​ខ្មែរ​ដែល​មាន​ទសពិធរាជធម៌​ជា​មេដឹកនាំ​ខ្មែរ​ដែល​ការពារ​ទឹក​ដី​បាន​ធំធេង ស្គាល់​សុខ​ស្គាល់​ទុក្ខ​ប្រជារាស្ត្រ​ខ្មែរ​ពិត​ប្រាកដ។ ទី​២ លេខ​រៀង​ទី​៧​នេះ តំណាង​នៃ​ព្រះអាទិត្យ អ៊ីចឹង​ព្រះអាទិត្យ​នេះ គឺ​រូប​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ទី​៣ បក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​៧។ ទី​៥ ការ​បោះ​ឆ្នោត​នៅ​ខែ​៧ ទី​៦ គឺ​គណបក្ស​សិទ្ធិ​មនុស្ស និង សម រង្ស៊ី បាន​រួម​គ្នា នៅ​ថ្ងៃ​ទី​២៧ ខែ​៧ ហើយ​ចំណុច​ទី​៧ ដែល​សំខាន់​បំផុត គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលការណ៍​ដែល​ជា​អាទិភាព ៧​ចំណុច ដែល​ជា​កម្មវិធី​នយោបាយ​សម្រាប់​យក​ទៅ​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ»

រី​ឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​១ ចាប់​ជាប់​លំដាប់​លេខ​រៀង​ទី​២ លើ​សន្លឹក​ឆ្នោត។ លោក សៅ រ៉ានី តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាត់​ទុក​​ថា ជា​ពន្លឺ​​ឈ្នះ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ខែ​កក្កដា ដូច​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដែរ៖ «លេខ​២​នេះ គឺ​ព្រះ​ករុណា លោក​បាន​ដណ្ដើម​ប្រាសាទ​ព្រះវិហារ​ពី​ថៃ ដែល​តុលាការ​កាត់​មក​ឲ្យ​ខ្មែរ​ឈ្នះ​នៅ​ឆ្នាំ​១៩៦២ ហើយ ៦២ នេះ ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច»

សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃរាជ​រាជាធិបតី ប៊ូរ គ្រី សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈ​​ធម្មយុត្តិកនិកាយ មាន​ថេរដីកា​ថា ការ​ចាប់​ឆ្នោត​នេះ​មាន​យុត្តិធម៌​បំផុត​សម្រាប់​គណបក្ស​ជយោបាយ​នីមួយៗ៖ «តាម​ជំនឿ​យើង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​អ៊ីចឹង ពេល​មាន​ព្រះសង្ឃ​ចាប់​ឆ្នោត​អ៊ីចឹង គឺ​វា​មាន​ភាព​ស័ក្ដិសិទ្ធិ មាន​យុត្តិធម៌។ កុំ​ឲ្យ​មាន​ការ​ច្រណែន​លេខ ១ ឬ​លេខ ២ ជាដើម»

យ៉ាង​ណា​ក៏ដោយ ពេល​វេលា​នៃ​ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ត្រង់​ចំណុច​នេះ លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប បញ្ជាក់​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ គ.ជ.ប ត្រូវ​ផលិត​សន្លឹក​ឆ្នោត​តាម​មណ្ឌល​នីមួយៗ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ តាម​មណ្ឌល​ទាំង ២៤ រាជធានី​ខេត្ត​តាម​លេខ​​​​រៀង និង​​ឈ្មោះ​​គណបក្ស​នយោបាយ​ដែល​​បាន​ចាប់​លំដាប់​លេខ​រៀង​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។