អ្នកវិភាគបញ្ហាសង្គម បានបង្ហាញថា ការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដោយ គ.ជ.ប កាលពីថ្ងៃទី១២ សីហា គឺអាចធ្វើឲ្យមានភាពផុយស្រួយនៃការលេចចេញនូវការចាប់ផ្ដើមនៃមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតនោះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានការសោកស្ដាយចំពោះការប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត នៅពេលដែលការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតនូវភាពមិនប្រក្រតី នៅក្នុងអំឡុងពេលនៃការរៀបចំការបោះឆ្នោត ដែលស្នើឡើងដោយគណបក្សប្រឆាំង មិនទាន់ចេញជារូបរាង។ លោកមានប្រសាសន៍ថា បញ្ហានេះ វាធ្វើឲ្យមានការមិនទុកចិត្តគ្នា ឬអាចឈានទៅដល់ការរាំងស្ទះក្នុងការបង្កើតគណៈកម្មការនេះជាថ្មីទៀតក៏អាចថាបាន។
លោកបន្តថា ការរអាក់រអួលនៃការបង្កើតនូវគណៈកម្មការចម្រុះឯករាជ្យ ដើម្បីដោះស្រាយវិបត្តិក្រោយការបោះឆ្នោតនេះ អាចពិបាកនឹងបញ្ចៀសកុំឲ្យមានបាតុកម្មពីក្រុមមហាជន ដែលគាំទ្រគណបក្សឆាំង។ ម្យ៉ាង ជម្លោះរបស់អ្នកនយោបាយខ្មែរ តាមដែលលោកកត់សម្គាល់កន្លងមក គឺទាល់តែមានការដាក់សម្ពាធពីមជ្ឈដ្ឋានណាមួយ ទើបអាចដោះស្រាយបាន។
កាលពីថ្ងៃទី៩ សីហា កន្លងទៅ តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបើកកិច្ចពិភាក្សាជាលើកទី២ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា តំណាងគណបក្សនេះបានលើកយកសំណើសុំឲ្យដោះស្រាយបញ្ហា ដោយបង្កើតគណៈកម្មការឯករាជ្យមួយ ក្នុងនោះមានចំណុចសំខាន់មួយចំនួន ដូចជាសុំឲ្យសង្គមស៊ីវិលចូលរួមក្នុងក្រុមស៊ើបអង្កេតនេះ មានតំណាងពីអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ និងកុំឲ្យ គ.ជ.ប មានតួនាទីចាត់ចែងក្នុងគណៈកម្មការនោះ។ សំណើទាំងនោះ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា ទទួលយកទៅឆ្លងថ្នាក់ដឹកនាំខាងលើបន្តទៀត មុននឹងសម្រេច។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានចម្លើយត្រឡប់មកវិញនៅឡើយ។
បញ្ហានេះ ត្រូវបានអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មើលឃើញថា ភាពយឺតយ៉ាវនៃការបង្កើតគណៈកម្មការនេះ ជាក្តីកង្វល់របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដោយពួកគាត់ខ្លាចមានមហាបាតុកម្មកើតមានឡើង។ លោកបន្តថា យ៉ាងណាក៏ដោយ មហាបាតុកម្មនឹងអាចកើតមានឡើងដោយជៀសមិនរួច បើសិនជាអ្នកនយោបាយពុំមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហា ដោយឈរលើកត្តាជាតិជាធំនោះទេ។
ចំណែកអ្នកសិក្សាស្រាវជ្រាវលើការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា លោកពុំមើលឃើញថា អ្នកនយោបាយសព្វថ្ងៃនេះកំពុងគិតពីបញ្ហាជាតិជាធំ ឬមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានយោបាយដោយសន្តិវិធីនោះទេ។
លោកក៏បានចាប់អារម្មណ៍លើចំណុចមួយទៀត ដែល គ.ជ.ប ប្រញាប់ចេញនូវលទ្ធផលឆ្នោតបណ្ដោះអាសន្នមុនការត្រូវរ៉ូវគ្នា ក្នុងការចរចាដោះស្រាយបញ្ហានោះថា ជាការសាកល្បងកម្លាំងនយោបាយ ហើយបញ្ហានេះអាចធ្វើឲ្យមានការប្រឈមនឹងកំហឹងរបស់មហាជន ដែលចង់ឲ្យមានការដោះស្រាយបញ្ហារកយុត្តិធម៌លើលទ្ធផលឆ្នោតនោះ ចេញមកធ្វើបាតុកម្ម។
យ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ថា ការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នពេលនេះ គឺ គ.ជ.ប បានអនុវត្តទៅតាមច្បាប់បោះឆ្នោត។ ហើយថា បើគណបក្សនយោបាយណាមួយមិនយល់ស្របលទ្ធផលបោះឆ្នោតនេះទេ ពួកគេអាចដាក់ពាក្យបណ្ដឹងចំពោះបញ្ហានេះ៖ «យើងបានធ្វើឲ្យយឺតកម្មវិធីបោះឆ្នោត ដែលត្រូវផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតហ្នឹង តាំងពីថ្ងៃទី១០ ខែសីហា មកម្ល៉េះ។ ហើយដោយដល់មិនអាចថា បង្កើតគណៈកម្មការចម្រុះបាន ទើប គ.ជ.ប ងាកមកអនុវត្តភារកិច្ចរបស់ខ្លួនបន្ត។ យើងមិនអាចរង់ចាំបានទេ ព្រោះថាពេលវេលាត្រូវបានកំណត់ដោយច្បាប់»។
ងាកមកគណបក្សសង្គ្រោះជាតិ វិញ គណបក្សនេះបានប្រកាសជាសាធារណៈ ច្រានចោលលទ្ធផលឆ្នោតបណ្ដោះអាសន្ននេះភ្លាមៗ ប៉ុន្តែមិនទាន់ឃើញមានសកម្មភាពអ្វីធំដុំ ដើម្បីប្រឆាំងនឹងការប្រកាសនោះទេ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ក្រោយការប្រកាសលទ្ធផលឆ្នោតនោះថា អ្វីៗគឺរង់ចាំមើលលទ្ធផលនៃការបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតនូវភាពមិនប្រក្រតីនៅក្នុងអំឡុងពេលនៃការរៀបចំការបោះឆ្នោតជាមុនសិនមុន និងប្រើជម្រើសចុងក្រោយ គឺចូលរួមជាមួយកម្លាំងមហាជន ដើម្បីធ្វើមហាបាតុកម្មប្រឆាំងនឹងការប្រកាសលទ្ធផលឆ្នោតនោះ។
អ្នកវិភាគបញ្ហាសង្គម មើលឃើញថា ជម្រើសចុងក្រោយនោះ គឺស្ថិតនៅមិនឆ្ងាយប៉ុន្មានពីចំណុចទីមួយឡើយ។
គណបក្សប្រឆាំង រហូតមកដល់ពេលនេះ ដូចជាពុំបានបង្ហាញពីជម្រើសច្រើនលើសពីការបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតនូវភាពមិនប្រក្រតីឡើយ ហើយបើគណៈកម្មការនេះបរាជ័យ គឺវាងាយនឹងដើរដល់ជម្រើសចុងក្រោយនោះណាស់។
ស្ថិតនៅក្នុងដំណាក់កាលនេះ គណបក្សធំពីរដែលកំពុងមានជម្លោះនឹងគ្នាលើលទ្ធផលឆ្នោត ពុំទាន់មានដំណោះស្រាយអ្វីក្រៅពីការគំរាមកំហែង ឬដាក់បន្ទុកនៃការទទួលខុសត្រូវលើគ្នាទៅវិញទៅមក បើសិនជាមានមហាបាតុកម្មផ្ទុះឡើងមែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
