វប្បធម៌​រិះគន់​គ្នា​របស់​អ្នក​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត

វប្បធម៌​រិះគន់​គ្នា​ជា​លក្ខណៈ​បុគ្គល​រវាង​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សង្គម​កម្ពុជា។

0:00 / 0:00

បញ្ហា​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំមើល​នយោបាយ​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​ខ្មែរ​មិន​ព្រម​យក​វិធី​​ជួប​ជជែក​ទល់​មុខ​គ្នា​ប្រកប​ដោយ​សន្តិភាព និង​សេចក្ដី​ថ្លៃថ្នូរ​អំពី​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ទេ ផ្ទុយ​ទៅ​វិញ អ្នក​នយោបាយ​យក​ការ​រិះគន់​គ្នា​ជា​លក្ខណៈ​បុគ្គល ជា​រឿង​សំខាន់ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ខ្លាំង​របស់​ខ្លួន។

ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ថ្មី​នៅ​នីតិកាល​ទី​៥ បាន​ខិត​ជិត​មក​ដល់​នៅ​ខែ​កក្កដា ខាង​មុខ ក៏​ប៉ុន្តែ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច បាន​បង្កើន​កម្ដៅ​នយោបាយ​ដាក់​គ្នា​ឥត​ឈប់ឈរ នៅ​គ្រា​ដែល​ការ​បោះ​ឆ្នោត​បាន​មក​ដល់​នេះ។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​អ្នក​នយោបាយ​ដែល​នៅ​គណបក្ស​ផ្សេង​គ្នា ហើយ​ធ្វើការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ខ្លាំង​រៀង​ខ្លួន ហើយ​ពួកគាត់​បាន​ចាត់​ទុក​គូបដិបក្ខ​នោះ ហាក់​ដូច​ជា​សត្រូវ​នឹង​គ្នា​ទៅ​វិញ។

មេដឹកនាំ​គណបក្ស​នយោបាយ​មិន​បាន​យក​គោលនយោបាយ​របស់​បក្ស​ខ្លួន​យក​ទៅ​ជជែក​ត​ទល់​មុខ​គ្នា​ដើម្បី​រក​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​រៀង​ខ្លួន​នោះ​ទេ គឺ​ខុស​ពី​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន។

នៅ​ក្នុង​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​មួយ​ចំនួន ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត គឺ​មេដឹកនាំ​គណបក្ស​នយោបាយ​ប្រជែង​គ្នា​នោះ បាន​រៀបចំ​វេទិកា​ដើម្បី​បើក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​សួរ​ដេញដោល​ទាក់ទង​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ ការ​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​ទម្លាក់​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ និង​វិធីសាស្ត្រ​បំបាត់​អំពើ​ពុករលួយ​ជាដើម​ថា តើ​មេ​បក្ស​ដែល​ឆ្នោត​នោះ​នឹង​ដោះស្រាយ​ដោយ​វិធី​ណា​ចំពោះ​បញ្ហា​នេះ។ ក៏ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ គ្មាន​ទេ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​ដែរ​នោះ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ជា​ការ​ជៀស​មិន​ផុត​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​គ្នា​រវាង​អ្នក​នយោបាយ​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​ការ​ចោទ​ប្រកាន់​គ្នា​នោះ គឺ​សំដៅ​ទៅ​លើ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយៗ ហើយ​គូបដិបក្ខ​នោះ រក​ចំណុច​ខ្វះខាត​គ្នា​ទៅ​វិញ​ទៅ​មក និង​ត​ទល់​គ្នា​បក​ស្រាយ​ដើម្បី​ការពារ​គោលនយោបាយ​បក្ស​របស់​ខ្លួន ប៉ុន្តែ​សកម្មភាព​អ្នក​នយោបាយ​ខ្មែរ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ មេដឹកនាំ​គណបក្ស​នយោបាយ ពិសេស​មេដឹកនាំ​គណបក្ស​ប្រជាជន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នោះ បាន​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ ដោយ​មិន​បាន​ជួប​មុខ​គ្នា​តទល់​គ្នា​នោះ​ឡើយ។

បញ្ហា​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លោក​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​លើក​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​កាន់​អំណាច ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​មក​តទល់​គ្នា​ជាមួយ​លោក ដើម្បី​ពិភាក្សា​ជា​សាធារណៈ​អំពី​របៀប​ការ​ដឹកនាំ​ប្រទេស ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ពី​តំណាង​គណបក្ស​ប្រជាជន​នោះ​ទេ។

ម្យ៉ាង​វិញ​ទៀត សព្វថ្ងៃ​នេះ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​តែងតែ​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បញ្ហា​អស្ថិរភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស។ គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​យក​ប្អូន​ប្រុស​លោក កឹម សុខា គឺ​លោក កឹម សុខុន ដែល​រត់​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​នោះ ឲ្យ​ធ្វើ​ការ​វាយ​បក​ទៅ​លើ​លោក កឹម សុខា ថា​លោក​គ្មាន​សមត្ថភាព​ដឹក​នាំ​ជាដើម។ ក្រៅ​ពី​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ដើម្បី​រិះគន់​ទៅ​លើ​គណបក្ស​ប្រឆាំង។ រី​ឯ​ក្រុម​កំប្លែង​ខ្មែរ​វិញ​បាន​ថត​ជា​សាច់​រឿង​និយាយ​រិះគន់​ពី​បញ្ហា​សមត្ថភាព​របស់​គណបក្ស​ប្រឆាំង ដូចជា​គោលនយោបាយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​ក្នុង​មួយ​ខែ ១០​ដុល្លារ ឬ ស្មើ ៤​ម៉ឺន​រៀល​ជាដើម។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បញ្ហា​សំខាន់​នៅ​ត្រង់​ថា អ្នក​ដឹកនាំ​មិន​ទាន់​ទុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន និង​មាន​ចំណុច​ខ្សោយ​របស់​ខ្លួន​ជា​ច្រើន ដូចជា​អំពើ​ពុករលួយ និង​បញ្ហា​ផ្សេងៗ​ទៀត។ បញ្ហា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​មេដឹកនាំ​មិន​ហ៊ាន​បើក​វេទិកា​ត​ទល់​គ្នា​នៅ​ចំពោះ​មុខ​មហាជន​នោះ។

លោក ឡៅ ម៉ុងហៃ បាន​អះអាង​ថា មេដឹកនាំ​គណបក្ស​នយោបាយ​មិន​បាន​គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​កំណត់​ឲ្យ​អ្នក​នយោបាយ​ធ្វើ​ការ​សួរ​ដេញដោល​គ្នា​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​ជួប​ត​ទល់​គ្នា​ដើម្បី​ជជែក​លំអិត​អំពី​គោលនយោបាយ​របស់​បក្ស​ខ្លួន​ថា ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​អនុវត្ត​បាន​នូវ​គោលនយោបាយ​ដែល​ខ្លួន​បាន​ដាក់​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​បាន​វាយ​ប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល​នេះ បញ្ហា​សំខាន់​នៅ​ត្រង់​ថា អ្នក​នយោបាយ​ខ្មែរ​យក​ទ្រឹស្ដី​ច្រើន​ជាង​យក​ការ​អនុវត្ត​មក​បង្ហាញ ហើយ​អ្នក​នយោបាយ​ភាគ​ច្រើន​ធ្វើ​នយោបាយ​បង្កើត​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា។ ឧទាហរណ៍ ការ​ចោទ​ប្រកាន់​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ជាដើម។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​និយាយ​ថា គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត និង​គ្មាន​របប​ខ្មែរ​ក្រហម​ជាដើម។

បញ្ហា​នេះ រហូត​ដល់​អតីត​អ្នក​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម លោក ជុំ ម៉ី បាន​ដឹកនាំ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ប្រឆាំង​នឹង​លោក កឹម សុខា ដើម្បី​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៩ មិថុនា។ តែ​ការ​បាតុកម្ម​អហិង្សា​នេះ ទោះ​បី​ជា​លោក ជុំ ម៉ី អះអាង​ថា លោក​ធ្វើ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ។

អ្នក​វិភាគ​បាន​អះអាង​ថា អ្នក​នយោបាយ​ខ្មែរ​បាន​ធ្វើ​នយោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ចំណេះ​ដឹង​នៅ​មាន​កម្រិត​នៅ​ឡើយ។ បញ្ហា​នេះ អ្នក​នយោបាយ​បាន​ចាប់​យក​ឱកាស​នេះ ដើម្បី​លើក​យក​មក​បង្ហាញ ដើម្បី​ទាញ​យក​ការ​គាំទ្រ​ប្រជាពលរដ្ឋ។ អ្នក​នយោបាយ​មិន​លើក​យក​គោលនយោបាយ​ធំៗ យក​មក​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ដូច​ជា​គោលនយោបាយ​ការបរទេស និង​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ។ល។

អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ការ​ជ្រើសរើស​មេដឹកនាំ​មួយ​ដែល​មាន​សមត្ថភាព​នោះ លុះ​ត្រា​ណា​ប្រជាពលរដ្ឋ​មាន​សមត្ថភាព​ខ្ពស់​ដែរ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​សិង្ហបុរី ជាដើម ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ចំណេះ​ដឹង​ខ្ពស់ ការ​ជ្រើសរើស​មេដឹកនាំ​ក៏​ប្រជាពលរដ្ឋ​រើស​បាន​មេដឹកនាំ​មាន​សមត្ថភាព និង​ចំណេះ​ដឹង​ខ្ពស់​ដែរ។

អ្នក​វិភាគ​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​យក​មេដឹកនាំ​កម្ពុជា បច្ចុប្បន្ន​ទៅ​ឲ្យ​ឈរ​ឈ្មោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី បោះ​ឆ្នោត​ជូន​នោះ ប្រាកដ​ជា​ប្រជាពលរដ្ឋ​សិង្ហបុរី មិន​បោះ​ឆ្នោត​ជូន​នោះ​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​នេះ មាន​ចំណេះ​ដឹង​ខ្ពស់។ ដោយ​ឡែក​សម្រាប់​នៅ​កម្ពុជា​វិញ ប្រជាពលរដ្ឋ​ដែល​ចំណេះ​ខ្ពស់​នោះ អ្នក​វិភាគ​បាន​ពន្យល់​ថា មាន​តែ​អ្នក​នៅ​តាម​ទី​ប្រជុំ​ជន និង​នៅ​ទីក្រុង​ទេ។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​កំពុង​មាន​កម្មវិធី​ឲ្យ​យុវជន​រៀបចំ​កិច្ច​ពិភាក្សា និង​សួរ​ដេញដោល​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បណ្ដុះ​គំនិត​យុវជន​ឲ្យ​យុវជន​មាន​វប្បធម៌​ជួបជុំ ជជែក​គ្នា និង​រិះគន់​ដើម្បី​ស្ថាបនា​គ្នា។

លោក កែម ឡី បាន​ពន្យល់​ថា ការ​បង្កើត​ជា​វេទិកា​ពិភាក្សា​គ្នា​របស់​មេដឹកនាំ​បក្ស​នយោបាយ​នោះ ជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ចំណេះ​ដឹង​ដល់​ប្រជាពលរដ្ឋ ហើយ​បក្ស​ដែល​ជាប់​ឆ្នោត​នោះ អាច​យក​គោលនយោបាយ​របស់​បក្ស​ដែល​ចាញ់​ឆ្នោត​ទៅ​អនុវត្ត​នូវ​ចំណុច​ដែល​ខ្វះខាត​របស់​ខ្លួន ការ​ធ្វើ​ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ការ​ដឹកនាំ​ប្រទេស​មាន​ការ​រីក​ចំរើន។

អ្នក​វិភាគ​បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​រីក​ចំរើន​គេ​បង្កើត​ឲ្យ​មាន​ការ​ជែក​ជែក​គ្នា និង​សួរ​ដេញដោល​គ្នា​នៅ​តាម​ថ្នាក់​រៀន រហូត​ដល់​អ្នក​នយោបាយ បើក​កិច្ច​ពិភាក្សា​គ្នា និង​ពន្យល់​អំពី​គោលនយោបាយ​របស់​ខ្លួន ដែល​បញ្ចូល​ទាំង​ការ​វិភាគ​ល្អិតល្អន់​ទៅ​លើ​គោលនយោបាយ​របស់​ខ្លួន ដើម្បី​លាតត្រដាង​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​ពិចារណា និង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​បោះ​ឆ្នោត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គណបក្ស​ដែល​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ខាង​មុខ​នេះ ទោះ​បី​ជា​គណបក្ស​ចំនួន ៦ បាន​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្ដី ប៉ុន្តែ​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា មាន​គណបក្ស​តែ​ពីរ​ប៉ុណ្ណោះ​ដែល​នាំ​មុខ​គេ​ក្នុង​ការ​ប្រកួត​ប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ មិន​បាន​ជួប​តទល់​គ្នា​ក្នុង​ការ​ជជែក និង​សួរ​ដេញ​ដោល​គ្នា​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្ន​នេះ ហាក់​បី​ដូច​ជា​បត់បែន​ខ្លះ​អំពី​ការ​រិះគន់ គឺ​គណបក្ស​នេះ​បាន​លើក​ពី​គោលនយោបាយ ៧​ចំណុច​របស់​ខ្លួន​បង្ហាញ​ដល់​សាធារណជន​ដែល​ជា​ការ​ទាក់ទាញ​ដល់​អ្នក​បោះ​ឆ្នោត។

រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មាន​គោលការណ៍ ១១​ចំណុច ដែល​ជា​ទិសដៅ​អភិវឌ្ឍន៍ ហើយ​គោល​នយោបាយ​សំខាន់​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នោះ គឺ​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។