ទស្សនៈ​គណបក្ស​នយោបាយ​ជុំវិញ​ការ​ដក​តំណែង​លោក កឹម សុខា

0:00 / 0:00

គណបក្ស​នយោបាយ​មិន​មាន​អាសនៈ​ក្នុង​រដ្ឋសភា​មាន​ការ​យល់​ឃើញ​ប្លែកៗ​ពី​គ្នា ចំពោះ​ការ​ដក​លោក កឹម សុខា ចេញ​ពី​តួនាទី​អនុ​ប្រធាន​ទី​១ រដ្ឋសភា។ បក្ស​ខ្លះ​យល់​ឃើញ​ថា វា​ជា​លទ្ធផល​នៃ​វប្បធម៌​សន្ទនា​រវាង​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន។ ខ្លះ​ទៀត​មើល​ឃើញ​ថា វា​ឆ្លុះបញ្ចាំង​ពី​ភាព​ទន់ខ្សោយ​របស់​បក្ស​ប្រឆាំង ចំណែក​ខ្លះ​វាយ​តម្លៃ​ថា លោក កឹម សុខា មិនមែន​ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ ដោយ​នៅ​ចាំ​គេ​ដក​តំណែង​មិន​ហ៊ាន​លាលែង​ខ្លួន​ឯង។

ការ​បង្ហាញ​ទស្សនៈ​ផ្សេង​គ្នា​របស់​គណបក្ស​នយោបាយ​មិន​មាន​អាសនៈ ធ្វើ​ឡើង​បន្ទាប់​ពី​អនុ​ប្រធាន​ទី​១ រដ្ឋសភា គឺ​លោក កឹម សុខា ត្រូវ​បាន​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​ទម្លាក់​រូបលោក​ពី​តួនាទី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា។

​លោក ខឹម វាសនា ប្រធាន​គណបក្ស "សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ" យល់​ឃើញ​ថា ការ​ដក​តំណែង​លោក កឹម សុខា គឺ​ជា​សមិទ្ធផល​នៃ​ល្បែង​នយោបាយ​របស់​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា។ មេ​បក្ស​ដែល​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​ជា​យុវជន​រូប​នេះ​មើល​ឃើញ​ថា តួនាទី​របស់​លោក កឹម សុខា មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ឡើយ​ដល់​សង្គម​ក្រៅ​តែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

លោក ខឹម វាសនា បន្ថែម​ដូច្នេះ៖ «ភាព​ត្រឹមត្រូវ គឺ​សំខាន់​បំផុត​សម្រាប់​យើង។ បើ​គេ​ធ្វើ​ខុស​ឱ្យ​គេ​ធ្វើ​ខុស​មក​លើ​យើង​ចុះ កុំ​ឱ្យ​យើង​ជា​ហេតុ​នាំ​ឱ្យ​គេ​ធ្វើ​ណា។ អា​ហ្នឹង​យើង​ត្រូវ​មើល​ពី​ស្ថានភាព​របស់​យើង បើ​ថា​យើង​នៅ​តែ​បន្ត​លូក​ទៅ​ទៀត អំណាច​ប្រមូល​ផ្តុំ គេ​ប្រើ​អំណាច​ក្រៅ​ច្បាប់។ គ្មាន​អ្នក​ណា​អាច​ទៅ​គ្រប់គ្រង​គណបក្ស​ប្រជាជន​បាន​ទេ។ យើង​ត្រូវ​យល់​ស្ថានភាព​នេះ ហើយ​បើ​យើង​ឃើញ​ស្ថានភាព​បែប​ហ្នឹង​ហើយ​នៅ​តែ​រុល​ទៅ​ទៀត អា​ហ្នឹង​បញ្ហា​វា​កាន់តែ​ក្ដៅ​ទៅៗ​ហើយ។ រឿង​ទាំង​អស់​នេះ គណបក្ស​ប្រជាជន អត់​មាន​ខ្លាច​ទេ រឿង​អន្តរជាតិ​ថ្កោលទោស អ្នក​នេះ​អ្នក​នោះ​ថ្កោលទោស អត់​មាន​ខ្លាច​ទេ»

​ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស "ប្រជាធិបតេយ្យ​មូលដ្ឋាន" លោក សាម អ៊ីន វិញ​មើល​ឃើញ​ថា វា​មិនមែន​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ ដោយសារ​តែ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ដក​តួនាទី​លោក កឹម សុខា។ ប៉ុន្តែ​អ្វី​ដែល​អ្នក​នាំ​ពាក្យ​រូប​នេះ​ខក​ចិត្ត គឺ​ការ​រៀបចំ​ឱ្យ​មាន​បាតុកម្ម​ហិង្សា​មុន​ពេល​ប្រើប្រាស់​យន្តការ​សភា​ដើម្បី​ដក​លោក កឹម សុខា៖ «គាត់​ធ្វើ​ឱ្យ​មាន​ជា​លេស​ដើម្បី​ទៅ​ដក​អនុ​ប្រធាន​រដ្ឋ​សភា ដូចជា​ការ​រៀបចំ​ឱ្យ​មាន​បាតុកម្ម បង្ក​ជា​អំពើ​ហិង្សា​កើត​ឡើង​ទៅ​លើ​អ្នក​តំណាងរាស្ត្រ។ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​គួរ​ឱ្យ​សោកស្ដាយ ជា​រឿង​មួយ​គួរ​ឱ្យ​មាន​ភាព​ខ្មាសអៀន​ណាស់។ បើ​គាត់​រៀបចំ​នីតិវិធី​ធម្មតា​ទៅ វា​ល្អ​មើល​ជាង»

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​គណបក្ស "អំណាច​ខ្មែរ" លោក ទេព វីរៈ វិញ វាយ​តម្លៃ​ថា លោក កឹម សុខា មិនមែន​ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ។ លោក ទេព វីរៈ គិត​ថា លោក កឹម សុខា គួរ​តែ​លាលែង​តំណែង​តាំង​ពី​ពេល​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​ម្ល៉េះ មិនមែន​ចាំ​ដល់​គេ​ដក​តំណែង​ដូច្នេះ​ឡើយ។

ម្យ៉ាង​វិញ​ទៀត លោក ទេព វីរៈ ហៅ​ការ​ដក​តំណែង​លោក កឹម សុខា នេះ​ថា ជា​លទ្ធផល​នៃ​ការ​ក្បត់​ឆន្ទៈ​រាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ៖ «លទ្ធផល​តាម​រយៈ​ការ​ដែល​គាត់​មិន​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ហ្នឹង សុខចិត្ត​ចរចា​ដើម្បី​ចែក​កៅអី​ទៅ​អង្គុយ​កៅអី​ក្នុង​រដ្ឋសភា»

រី​ឯ​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស "សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ" វិញ ថ្លែង​ថា លោក​មិន​អាច​វិនិច្ឆ័យ​ថា ភាគី​ណា​មួយ​ត្រូវ ឬ​ខុស​បាន​ឡើយ។ យ៉ាង​ណា​ក៏ដោយ មេ​បក្ស​ដែល​កំពុង​រង​ព្យុះ​អាស្រូវ​រូប​នេះ មាន​ទស្សនៈ​ប្រហាក់ប្រហែល​គ្នា​នឹង​អ្នក​នាំ​ពាក្យ​បក្ស "អំណាច​ខ្មែរ" ដែល​ថា នេះ​ជា​លទ្ធផល​នៃ​ការ​ចរចា​ចែក​អំណាច​គ្នា​រវាង​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា។

លោក ម៉ម សូណង់ដូ៖ «ខ្ញុំ​ក៏​អត់​អាច​ដឹង​ដែរ មាន​តែ​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ដែល​គេ​ជជែក​ជាមួយ​គ្នា។ ហេតុ​ដូច្នេះ បើសិនជា​រវាង​ថ្នាក់​ដឹកនាំ​ហ្នឹង ការ​ពិភាក្សា​អ្វី​មួយ​ដែល​គេ​មិន​សមស្រប គឺ​តំណាងរាស្ត្រ​របស់​គាត់​វា​គ្រោះថ្នាក់​ទៅ​វិញ»

​ដោយ​ឡែក​គណបក្ស "រាជា​និយម​ហ៊្វុនស៊ិនប៉ិច" មិន​មាន​យោបល់​អ្វី​ឡើយ ចំពោះ​ការ​ដក​តួនាទី​លោក កឹម សុខា ឯ​គណបក្ស "ខ្មែរ​សាមគ្គី" របស់​អ្នកស្រី ឡាក់ សុភាព វិញ មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥។

លោក កឹម សុខា ត្រូវ​បាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ឆ្នោត​ទម្លាក់​ពី​តួនាទី​ជា​អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា។ ការ​បោះ​ឆ្នោត​នេះ មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ពោល​គឺ​មាន​តែ​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ ដែល​បោះ​ឆ្នោត​គាំទ្រ​ដោយ​សំឡេង ៦៨ លើ ៦៨។

មូល​ហេតុ​ដែល​​នាំ​ទៅ​រក​ការ​បោះ​ឆ្នោត​ដក​តំណែង​លោក កឹម សុខា ត្រូវ​បាន​លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា លោក កឹម សុខា មិន​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​ញុះញង់​ឱ្យ​មាន​ចលាចល​ក្នុង​ចំណោម​មហាជន​ពេល​លោក​ចុះ​ទៅ​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន​ម្តងៗ៖ «ឯកឧត្ដម កឹម សុខា បាន​ចិញ្ចឹម​នូវ​គំនិត​ដើម្បី​បំផ្លាញ​នូវ​កិច្ច​ព្រមព្រៀង​នេះ ដែល​ជានិច្ចកាល​បាន​ធ្វើ​នៅ​មូលដ្ឋាន បង្កើន​ចលាចល​ក្នុង​សង្គម​ដែល​មាន​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ទាំង​មូល។ ក្នុង​នោះ​មាន​ការ​ហាមឃាត់​ពី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣»

លោក កឹម សុខា បាន​ចូល​កាន់​តំណែង​ជា​អនុប្រធាន​ទី​មួយ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ដោយ​ការ​បោះឆ្នោត​សម្ងាត់​នៅ​វិមាន​រដ្ឋសភា។ កាល​នោះ​លោក កឹម សុខា ទទួល​បាន​សំឡេង​ឆ្នោត ១១៦ លើ ១២២ ពី​សមាជិកសភា​ដែល​មាន​វត្តមាន​ក្នុង​អង្គប្រជុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។