រដូវភ្ជុំបិណ្ឌឆ្នាំនេះប្រារព្ធឡើងក្នុងពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា ល្អប្រសើរ។ នៅមុនភ្ជុំ គណបក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាបញ្ចប់ទំនាស់នយោបាយ និងប្រើប្រាស់យន្តការសភាដើម្បីដោះស្រាយបញ្ហាជាតិ។ អ្នកនយោបាយទាំងសងខាងក៏ថ្លែងការណ៍ផ្ញើសារៀងៗខ្លួនទៅកាន់ប្រជាពលរដ្ឋខ្មែរ ដើម្បីធានាភាពសុខសាន្តក្នុងសង្គមទៀតផង។
មេដឹកនាំនយោបាយនៃគណបក្សទាំងពីរបានផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅក្នុងរដូវភ្ជុំកុំឲ្យប្រព្រឹត្តអំពើណាមួយដែលនាំទុក្ខទោសដល់សង្គមជាតិ។ មេដឹកនាំគណបក្សប្រជាជនចង់ឲ្យពលរដ្ឋគោរពច្បាប់រាប់តាំងពីច្បាប់ចរាចរណ៍ឡើងទៅ។ ចំណែកមេដឹកនាំបក្សប្រឆាំងចង់ឲ្យមនុស្សចេះដឹង ព្រមទាំងស្គាល់ច្បាស់ថាអ្វីជាគុណអ្វីជាទោស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈនៅថ្ងៃទី១៨ ខែកញ្ញា ថា សូមឲ្យពលរដ្ឋទាំងអស់បន្តធ្វើបុណ្យទានប្រកបដោយសេចក្ដីត្រេកអរ និងសប្បាយចិត្ត។ លោកក៏ថែមទាំងស្នើឲ្យរថយន្តដឹកអ្នកដំណើរកុំឡើងថ្លៃទៀតផង៖ «សូមមេត្តាធ្វើបុណ្យធ្វើទានប្រកបដោយសុខសុវត្ថិភាព ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង កុំឲ្យពេលចប់ភ្ជុំគេបូកថាស្លាប់ប៉ុណ្ណោះរបួសប៉ុណ្ណេះ ខូចប៉ុណ្ណេះ ខូចម៉ូតូប៉ុណ្ណេះ វាច្រើនពេកហើយ។ ម្យ៉ាងទៀត ក៏សុំអំពាវនាវរថយន្តធំៗ រថយន្តតាក់ស៊ីមេត្តាកុំដំឡើងថ្លៃ»។
ទោះជាបែបណាក្ដី សេចក្ដីអំពាវនាវរបស់លោក ហ៊ុន សែន មិនត្រូវបានអ្នករកស៊ីដឹកអ្នកដំណើរអនុវត្តតាមនោះឡើយ។ រថយន្តឈ្នួលចាប់ផ្ដើមឡើងថ្លៃពីជាងពាក់កណ្ដាលទៅទ្វេមួយជាពីរ ដែលធ្វើឲ្យពលរដ្ឋជាច្រើនផ្ដើមរិះគន់នាយករដ្ឋមន្ត្រីតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាហូរហែ។ អ្នកលេងហ្វេសប៊ុក ម្នាក់បង្ហោះរូបសំបុត្រឡានក្រុងពីភ្នំពេញ ទៅបាត់ដំបង ដែលលក់ក្នុងតម្លៃធម្មតា ២ម៉ឺន២ពាន់រៀល ហើយរដូវភ្ជុំគេលក់ ៣ម៉ឺន ៨ពាន់រៀល។ យុវជនម្នាក់នោះសរសេរថា កាលមុនសម្ដេចអំពាវនាវក៏ប៉ុណ្ណឹង ពេលអំពាវនាវរួចក៏ប៉ុណ្ណឹង ដូចជាអត់បានផលអីសោះ។ យុវតីម្នាក់ទៀតត្រូវធ្វើដំណើរទៅខេត្តពោធិ៍សាត់ ក៏ត្រូវចាយប្រាក់ជាង ៤ម៉ឺនរៀលដែរ។
យុវតីម្នាក់នោះកាលពីថ្ងៃទី២១ កញ្ញា ថា ៤៥.០០០រៀលថ្ងៃនេះ ចុះទម្រាំថ្ងៃស្អែកបានខ្ញុំទៅផ្ទះ តើនឹងឡើងដល់កម្រិតណាទៅ ហេ ហេ! ចុះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវថ្ងៃទី១៨ ខែកញ្ញា នេះ កុំឲ្យឡើងថ្លៃនោះ យកទៅអនុវត្តនៅកន្លែងណាទៅ?
ចំណែកឯប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី វិញ បានថ្លែងការណ៍កាលពីថ្ងៃទី២១ ខែកញ្ញា ឲ្យជូនពរឲ្យពលរដ្ឋសុខសប្បាយរកស៊ីមានបាន និងរំលឹកឲ្យពលរដ្ឋគោរពលទ្ធិប្រជាធិបតេយ្យ ស្រលាញ់សេរីភាព។
ទន្ទឹមនឹងនេះ អនុប្រធានបក្សប្រឆាំងលោក កឹម សុខា អំពាវនាវឲ្យពលរដ្ឋធ្វើបុណ្យធ្វើទាន និងបំពេញភាពកតញ្ញូទៅដល់អ្នកមានគុណ មានមាតាបិតាជាដើម។ ប៉ុន្តែលោក កឹម សុខា បកស្រាយពន្យល់ពលរដ្ឋថា ក្រៅពីដឹងគុណឪពុកម្ដាយពលរដ្ឋទាំងអស់ ក៏ត្រូវដឹងគុណទឹកដីកំណើត និងស្នេហាជាតិផងដែរ។
លោកបញ្ជាក់ថា អ្នកតំណាងរាស្ត្រទាំងអស់ដាច់ខាត ត្រូវតែដឹងគុណចំពោះរាស្ត្រដែលខំបោះឆ្នោតឲ្យ៖ «អ្នកមានគុណរបស់អ្នកដឹកនាំ អ្នកនយោបាយហ្នឹង គឺប្រជារាស្ត្រហ្នឹងហើយ ព្រះពុទ្ធផ្ដល់ឱវាទថា ឲ្យដឹងគុណចំពោះអ្នកដែលមានគុណ ហើយបើយើងធ្វើឲ្យអ្នកមានគុណយើងទឹកភ្នែក វានឹងធ្លាក់ទៅបាបកម្មហើយ»។
ទោះជាបែបណាក្តី បីឆ្នាំមកហើយដែលពលរដ្ឋខ្មែរធ្វើបុណ្យភ្ជុំទាំងមិនស្រណុកចិត្ត។ បុណ្យភ្ជុំកាលពីឆ្នាំ២០១១ កម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ។ ភ្ជុំបិណ្ឌឆ្នាំ២០១២ ជាពេលដែលអតីតព្រះមហាក្សត្រព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សោយព្រះទិវង្គត។ ភ្ជុំបិណ្ឌឆ្នាំ២០១៣ ជាពេលដែលគណបក្សប្រកាសធ្វើមហាបាតុកម្ម ហើយរដ្ឋាភិបាលចាប់ផ្ដើមចល័តទ័ពចូលក្រុងភ្នំពេញ។
ភ្ជុំបិណ្ឌឆ្នាំ២០១៤ នេះ ស្ថានភាពរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់។ នៅផ្លូវសំខាន់ៗមួយចំនួនដែលធ្លាប់តែមានចរាចរណ៍កកស្ទះបែរជាស្ងាត់ច្រៀបតែម្ដង ក៏ព្រោះតែពលរដ្ឋរស់នៅភ្នំពេញ បានធ្វើដំណើរត្រឡប់ទៅជួបញាតិមិត្តក្រុមគ្រួសារនៅស្រុកកំណើត។ អ្នកខ្លះទៀតក៏នាំកូនចៅចេញទៅដើរកម្សាន្តតាមរមណីយដ្ឋាននានា។ បន្ទាប់ពីភ្ជុំរួច រដ្ឋសភាជាតិក៏នឹងបើកកិច្ចប្រជុំសាមញ្ញ។ ច្បាប់ដំបូងដែលរដ្ឋសភាគ្រោងលើកយកទៅអនុម័តនោះ គឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការធ្វើវិសោធនកម្មច្បាប់នានាទាក់ទងនឹងដំណើរការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
