លោក ហ៊ុន សែន ប្រកាស​ថា​​បើ​លោក​ស្លាប់​មេ​បក្ស​ប្រឆាំង​ក៏​ស្លាប់​ដែរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា លោក​មិន​មាន​ជំងឺ​ដាច់​សរសៃ​ឈាម ឬ​ស្លាប់​ដូច​ពាក្យ ចចាមអារ៉ាម​ទេ ហើយ​បើ​លោក​ស្លាប់ មេ​បក្ស​ប្រឆាំង​ក៏​មាន​វាសនា​ដូច​គ្នា​​ដែរ។

កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាច់​សរសៃ​ឈាម​ខួរក្បាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់​មក​បាន​ស្លាប់។

ពាក្យចចាមអារ៉ាម​នេះ លេចឡើង​ស្រប​ពេល​ដែលលោក​នាយករដ្ឋមន្ត្រី ​មិន​បាន​ដឹកនាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​​ប្រចាំ​សប្ដាហ៍ ​នៅ​រៀងរាល់ថ្ងៃ​សុក្រ ដូច​សព្វ​មួយដង។

តែពាក្យចចាមអារ៉ាម​នេះ ​លោក ហ៊ុន សែន ​បាន​បកស្រាយ​ថា ក្នុងរយៈពេល​បី​ថ្ងៃ ចុង​សប្ដាហ៍​កន្លង​ទៅ ​គឺ​នៅ​ថ្ងៃសុក្រ លោក​បាន​ដឹក​នាំ​មន្ត្រី​រដ្ឋាភិបាល​ចូល​គាល់​ព្រះ​មហាក្សត្រ ចំណែក​ថ្ងៃសៅរ៍ និង​អាទិត្យ លោក​វាយ​កូនគោល។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​យោធិន​ពិការ​នៅ​ខេត្ត​កំពត លោក​នាយករដ្ឋមន្ត្រី បាន​ឆ្លើយ​បក​ទៅ​លោក សម រង្ស៊ី ដោយមិន​ចំពោះ ដែល​លោក​បង្ហើប​ថា លោក សម រង្ស៊ី ជា​អ្នក​បង្កើត​ដំណឹង​ចចាមអារ៉ាម​ថា លោក​ស្លាប់​នោះ​ថា ៖ «បើ​សិន​ជា​ខ្ញុំ​ងាប់​មែន​លោក​ឯង​វេច​បង្វេច​ឲ្យ​ហើយ​ទៅ...»

លោកនាយករដ្ឋមន្ត្រី​​បន្ត​ថា បើ​សិន​ជា​លោក​ស្លាប់​មែន រចនាសម្ព័ន្ធ​គណៈរដ្ឋមន្ត្រី​នឹង​ត្រូវ​រលាយ​ជា​ស្វ័យ​ប្រវត្តិ ដោយ​លោក​បាន​លើក​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ថា នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អវត្តមាន​អចិន្ត្រៃយ៍ មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់​ ឬ​លាលែង​ពី​តំណែង នោះ​រចនាសម្ព័ន្ធ​គណៈរដ្ឋមន្ត្រី​នឹង​ត្រូវ​រលាយ​ជា​ស្វ័យ​ប្រវត្តិ ហើយ​សភាព​ការ​នយោបាយ​​ប្រទេសជាតិ​នឹង​មាន​​ចលាចល។

លោកថា បន្ទាប់មក នឹង​​មិន​មាន​មន្ត្រី​​ក្នុង​​រដ្ឋាភិបាល​ណា​ម្នាក់​ក្រៅពី ហ៊ុន ​សែន ​អាច​គ្រប់គ្រងសភាពការ​ណ៍​ចលាចល គ្រប់​គ្រង​​កម្លាំង​កងទ័ព និង​​កងកម្លាំងនគរបាល​បាន​ ហើយ​ពេល​នោះ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​ហេតុផល​នយោបាយ។

ទាក់ទង​ទៅ​នឹង​ការចរចា​នយោបាយ​​ដែល​កំពុង​ជាប់​គាំង​វិញ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​យល់ព្រម​តាម​សំណើ​របស់​បក្ស​សង្គ្រោះ​ជាតិ ពីរ​ចំណុច​សំខាន់ៗ គឺ​៖ បក្ស​ប្រជាជន​ព្រម​លើ​ការ​ផ្លាស់ប្ដូរ​កាល​បរិច្ឆេទ​នៃ​ការបោះឆ្នោត ឃុំ សង្កាត់ និងផ្លាស់ប្ដូរ​កាល​បរិច្ឆេទ​​នៃការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ខែ​កុម្ភៈ រួមទាំង​​យល់​ព្រម​ឲ្យ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ តាម​ការ​ស្នើសុំ​របស់​បក្ស​សង្គ្រោះ​ជាតិ។ ក៏ប៉ុន្តែ លោក​មិន​យល់ព្រម​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ សាជាថ្មី តាម​ការ​ស្នើសុំ​របស់​បក្ស​សង្គ្រោះ​ជាតិ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។