បន្ទាប់ពីច្បាំងបង្ហូរឈាមគ្នាអស់រយៈពេលបីទសវត្សមក បក្សនយោបាយខ្មែរទាំងអស់បានដាក់អាវុធព្រមព្រៀងប្រកួតប្រជែងដណ្ដើមអំណាចគ្នាតាមរយៈការបោះឆ្នោតវិញម្ដង គឺប្រកាន់យករបបនយោបាយលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ អ្នកវិភាគសង្គមឯករាជ្យ បានកត់សម្គាល់ថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សព្វថ្ងៃកំពុងបែងចែកជាបក្ខពួក ធ្វើឲ្យសង្គមខ្មែរ គ្រួសារខ្មែរបែកបាក់គ្នាសាជាថ្មី ដោយសារតែការប្រកាន់បក្សនយោបាយជ្រុលនិយម។
ការសាបព្រោះមនោគមវិជ្ជាឲ្យប្រកាន់បក្សនយោបាយបែបផ្កាប់មុខ កំពុងតែចាក់ឫសក្នុងសង្គមខ្មែរក្នុងសតវត្សទី២១ នេះ បន្ទាប់ពីកម្ពុជា ងើបផុតពីរបបប្រល័យពូជសាសន៍មួយដ៏រន្ធត់ ក្នុងសតវត្សទី២០ ដែលធ្វើឲ្យខ្មែរជិត ២លាននាក់ស្លាប់ ដោយសារតែការប្រកាន់មនោគមវិជ្ជាបក្សនយោបាយផ្ដាច់មុខជ្រុលនិយមនេះ។
សព្វថ្ងៃ ទស្សនៈប្រកាន់បក្សនយោបាយបែបជ្រុលនិយម បានធ្វើឲ្យសមាជិកគ្រួសារខ្លះឈ្លោះប្រកែកគ្នារហូតបណ្ដាលឲ្យកូនខ្លះហ៊ានវាយឪពុកទៀតផងក៏មាន ដោយសារទទួលឥទ្ធិពលនៃមនោគមនយោបាយខុសគ្នា។
ជាអាទិ៍ ដូចជាគ្រួសារលោក ឈាន ឈន មានកូន ៦នាក់ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ មានទំនាស់រ៉ាំរ៉ៃក្នុងគ្រួសារយូរមកហើយ ដោយឪពុកកាន់បក្សប្រឆាំង កូនភាគច្រើនកាន់បក្សប្រជាជន។
ទស្សនៈប្រកាន់និន្នាការបក្សនយោបាយក្នុងគ្រួសារនេះ តែងតែប៉ះទង្គិចសម្ដីគ្នារវាងឪពុក និងកូន ហើយជម្លោះនេះក៏បានផ្ទុះឡើងម្ដងទៀតនៅដើមខែឧសភា នេះ។ លោក ឈាន ឈន ថ្លែងថា លោកសែនហួសចិត្តដ្បិតកូនស្រីហ៊ានវាយឪពុកបង្កើត ដោយសារតែរឿងទំនាស់នយោបាយ៖ «និយាយស្រួលទេ។ ខ្ញុំថាកូន ពុកមិនសូវចូលចិត្តសោះ អ្នកសព្វថ្ងៃនិយាយមក គឺអត់ចូលចិត្តតែម្ដង ព្រោះគោលការណ៍ខុស។ អ៊ីចឹងកូនឆ្លើយថា ពុកកុំចេះ។ ដល់អ៊ីចឹង! ខ្ញុំជ្រុលមាត់ថា កូននេះយ៉ាប់តែម្ដង ស្រាប់ខ្ទប់មាត់ខ្ញុំ ខ្ញុំខាំដៃ វាវ៉ៃខ្ញុំ យកខ្សែយឺតមករឹតកខ្ញុំ ខ្ញុំវ៉ៃមួយដៃ»។
លោក ឈាន ឈន មិនបានបញ្ជាក់ថា ជម្លោះនេះបង្កឡើងដោយរូបលោកជាឪពុកបង្ខំឲ្យកូនគាំទ្របក្សប្រឆាំង ឬក៏កូនបង្ខំឪពុកឲ្យគាំទ្របក្សប្រជាជន ឬយ៉ាងណានោះទេ។
ចំណែកលោកស្រី ឈាន ស្រីណេង គូទំនាស់ដែលចោទថា ឪពុកចូលចិត្តទទួលទានស្រា ហើយនិយាយរឿងនយោបាយបង្ករឿងជម្លោះ បញ្ជាក់ថា ក្នុងគ្រួសារលោកស្រីមិនដែលនិយាយរឿងនយោបាយទេនៅក្នុងផ្ទះ គឺម្នាក់ៗរវល់ខិតខំធ្វើការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ ក៏ប៉ុន្តែ បើនិយាយពីសិទ្ធិជ្រើសរើសបក្សនយោបាយវិញ លោកស្រី ឈាន ស្រីណេង ដែលជាមន្ត្រីរាជការដែរនោះ បានបញ្ជាក់ថា ទោះជាឪពុកជាអ្នកមានគុណលើកូនក៏ដោយ ក៏មិនអាចបង្ខំកូនឲ្យចូលបក្សដែលខ្លួនមិនចូលចិត្តបានដែរ ព្រោះសិទ្ធិធ្វើនយោបាយផ្សេងពីសិទ្ធិក្នុងគ្រួសារ៖ «ព្រោះគាត់ជាមនុស្សម្នាក់មានសិទ្ធិស្មើគ្នាចា៎! បើទោះគាត់ជាឪពុក ក៏មិនប្រាកដថាសិទ្ធិលើសខ្ញុំ។ ហើយខ្ញុំជាកូន ក៏មិនប្រាកដមានសិទ្ធិលើសគាត់ដែរ។ អ៊ីចឹង ឪពុក និងកូន សិទ្ធិស្មើគ្នា។ គាត់ចង់កាន់ខាងណាជារឿងរបស់គាត់។ ខ្ញុំចង់កាន់ខាងណាជារឿងរបស់ខ្ញុំ ព្រោះអីយើងធំៗអស់ហើយ»។
តែលោក ឈាន ឈន បានពោលថា មិនដូចពាក្យកូនអះអាងទេ គឺកូនស្រីរបស់លោកបានបិទសិទ្ធិសេរីភាពនយោបាយរបស់លោក។ ត្រង់ចំណុចនេះ ធ្វើឲ្យលោកនឹកឃើញរឿងប្រវត្តិសាស្ត្រនយោបាយខ្មែរ កាលពីជំនាន់ ប៉ុល ពត ដឹកនាំប្រទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ កាលនោះ កូនហ៊ានវាយសម្លាប់ឪពុកម្ដាយ ដោយដៃឯង ដោយចោទឪពុកម្ដាយថាជាខ្មាំងរបស់អង្គការ។ លោកថា អំពើទាំងនេះក៏ដោយសារកូនចៅទទួលឥទ្ធិពលមនោគមវិជ្ជានយោបាយកុម្មុយនិស្ត បំពាក់បំប៉នដោយមេខ្មែរក្រហមដឹកនាំជំនាន់នោះ ឲ្យកូនៗស្រឡាញ់តែបក្សមួយ។
លោក ឈាន ឈន ពោលថា ដោយខ្លាចកូនចៅដើរជាន់ដានប្រវត្តិសាស្ត្រ គឺកូនហ៊ានសម្លាប់ឪពុកម្ដាយ ដើម្បីបំពេញចិត្តអង្គការដូចជំនាន់ ប៉ុល ពត បានជំរុញឲ្យលោកប្រើសិទ្ធិជាឪពុកអប់រំកូនកុំឲ្យលង់នឹងនយោបាយជ្រុលនិយម ចាត់ទុកអ្នកមានគុណជាសត្រូវ។ តែផ្ទុយទៅវិញ លោកថាមិនត្រឹមតែកូនមិនស្ដាប់ទេ ថែមទាំងហាមលោកកុំឲ្យធ្វើអ្វីៗដែលបង្ហាញថា ប្រឆាំងនឹងបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចទៀតផង៖ «ខ្ញុំនិយាយយូរណាស់ហើយ ខ្ញុំថាកូនកុំតាមគេពេក។ ពេលនោះ ខ្ញុំស្ដាប់ប៉ុស្តិ៍អាស៊ីសេរី (Radio Free Asia) វីអូអេ (VOA) ខ្ញុំស្ដាប់ណា! កូនថាស្ដាប់បានការអី កូនឯងមិនបានការតែពុកបានការ កូនឯងគ្មានប្រយោជន៍ តែពុកមានប្រយោជន៍។ កូនថាស្តាប់បានប្រយោជន៍ ពួកអាអស់ហ្នឹង។ ខ្ញុំថាទេ ព្រោះ ប៉ុល ពត អ៊ីចឹង! វាមិនដែល ប៉ុល ពត ណាមកសម្លាប់ទេ មានតែកូនសម្លាប់ឪពុកម្ដាយឯង វាបំពាក់បំប៉នកូនក្មេងជំនាន់ក្រោយ។ យើងចាស់ៗយើងដឹងប្រវត្តិ»។
អ្នកសង្កេតការណ៍បោះឆ្នោត និងសង្គម អះអាងថា ទំនាស់ប្រកាន់បក្សនយោបាយរវាងសមាជិកគ្រួសារខ្មែរ បានកើតឡើងច្រើន មិនមែនមានតែគ្រួសារមួយនេះទេនាសព្វថ្ងៃនេះ ដែលបញ្ហានេះអាចឈានទៅបង្កឲ្យមានបញ្ហានៅក្នុងសង្គមទៅថ្ងៃមុខបាន បើគ្មានវិធីដោះស្រាយទេ។ ក៏ប៉ុន្តែ មិនមានរបាយការណ៍ជាផ្លូវការណាមួយបង្ហាញអំពីចំនួន ឬភាគរយនៃជម្លោះនេះទេ។
ទំនាស់គ្រួសារនេះ កើតឡើងក្នុងពេលអ្នកដឹកនាំបក្សនយោបាយ បក្សប្រឆាំង និងបក្សកាន់អំណាច កំពុងឡើងកម្ដៅខាងផ្ញើសារនយោបាយ ដោយប្រើសង្គ្រាមពាក្យសម្ដីឌឺដងដាក់គ្នា ខណៈពេលបោះឆ្នោតកាន់តែខិតចូលមកដល់។
អ្នកសង្កេតការណ៍បោះឆ្នោត និងសង្គម អះអាងថា ការរើសអើងនៃការប្រកាន់បក្សនយោបាយ កំពុងរីករាលដាលនៅក្នុងសង្គមខ្មែរ ហើយការប្រកាន់និន្នាការបក្សនេះ បានជះឥទ្ធិពលអាក្រក់ដល់សង្គម និងប្រពៃណីខ្មែរសព្វថ្ងៃ ដូចការអញ្ជើញចូលរួមពិធីមង្គលការ ពិធីបុណ្យ ក៏ប្រកាន់បក្ខពួកដែរ។ ជាងនេះទៅទៀតនោះ នៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សា សាលារៀន សូម្បីគ្រឹះស្ថានសាសនា ទីវត្តអារាមខ្លះក៏មានប្រកាន់បក្សនយោបាយដែរ។ អ្នកវិភាគបានប្រដូចការប្រកាន់បក្សនយោបាយក្នុងសង្គមខ្មែរសព្វថ្ងៃ រវាងបក្សប្រឆាំង និងបក្សកាន់អំណាច ទៅនឹងជំនាន់ ប៉ុល ពត ដែលបែងចែងវណ្ណៈរវាងប្រជាជនចាស់ និងប្រជាជនថ្មី គឺប្រជាជន ១៧មេសា។
លោក អ៊ុំ វណ្ណា ដែលអះអាងថាជាអ្នកវិភាគឯករាជ្យ បានបញ្ជាក់ថា មូលហេតុនេះ គឺដោយសារកត្តាចម្បងមួយចំនួន គឺការធ្វើនយោបាយដឹកនាំបក្សមួយៗច្រើនជ្រុលនិយម គំរាមកំហែងគូប្រកួត។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋភាគច្រើនមិនសូវយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងតម្លៃនៃសិទ្ធិបោះឆ្នោតរបស់ខ្លួន។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក៏យល់ប្រហាក់ប្រហែលគ្នានេះដែរ។ លោកថា ចាប់ពីថ្ងៃនេះទៅ អ្នកនយោបាយគួរចេះអត់ឱនឲ្យគ្នា ព្រោះគោលការណ៍ប្រជាធិបតេយ្យ គឺអភិវឌ្ឍប្រទេសឲ្យរីកចម្រើន មិនមែនបំបែកបំបាក់ចែកបក្ខពួកក្នុងសង្គម។ តែលោកបានហៅជម្លោះក្នុងគ្រួសារខ្មែរនេះថា ជាសញ្ញាមួយល្អរបស់ប្រជាពលរដ្ឋខ្មែរ ដែលហ៊ានជជែកវែកញែករឿងនយោបាយក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ខុសពីប៉ុន្មានឆ្នាំមុន ដែលប្រជាពលរដ្ឋខ្មែរ មិនហ៊ានបញ្ចេញមតិរឿងនយោបាយ ហើយហិង្សានយោបាយក៏កើតច្រើនជាងសព្វថ្ងៃ។
ទោះយ៉ាងណា ការចោទប្រកាន់ដូច្នេះ ត្រូវបានមន្ត្រីបក្សប្រជាជនតែងតែបដិសេធជាបន្តបន្ទាប់រយៈពេលកន្លងមក។
ទាក់ទងនឹងបរិយាកាសទំនាស់នយោបាយក្នុងសង្គមគ្រួសារខ្មែរបច្ចុប្បន្ន ត្រូវបានអ្នកវិភាគសង្គមក្រើនរំឭកថា ក្នុងរបបនយោបាយនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គេយកប្រជាពលរដ្ឋជាធំ ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការបោះឆ្នោតរើសអ្នកដឹកនាំប្រទេស តែបានក្រើនរំឭកថា គ្រួសារខ្មែរនីមួយៗត្រូវចេះពិចារណាដឹងខុសត្រូវអំពីតួនាទីក្នុងគ្រួសារ និងតួនាទីក្នុងសង្គម ចេះថ្លឹងថ្លែងរវាងរឿងទឹកចិត្តស្នេហាបក្សនយោបាយ ស្នេហាគ្រួសារ និងស្នេហាជាតិ ចៀសវាងកុំឲ្យមានជម្លោះបែកបាក់ក្នុងគ្រួសារ និងនៅក្នុងសង្គមជាតិទាំងមូល ដែលអាចបណ្ដាលឲ្យផ្ទុះសង្គ្រាមឡើងជាថ្មីម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
