នៅតាមភោជនីយដ្ឋាន ឬហាងលក់អាហារភេសជ្ជៈ និងទីផ្សារលក់បន្លែត្រីសាច់ រួមទាំងទីតាំងធ្វើសេវាកម្មអាជីវកម្មនានានៅខេត្តរតនគិរី មិនសូវមានមនុស្សអ៊ូអរដូចសព្វដងទេ ក៏ប៉ុន្តែការជជែកបញ្ចេញទស្សនៈស្ដីពីការធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ នៅតែជាប្រធានបទសំខាន់ ដែលប្រជាពលរដ្ឋនៅខេត្តភាគឦសានមួយនេះ លើកមកជជែកគ្នាពីចំណុចអវិជ្ជមាន និងវិជ្ជមាន ទាក់ទិននឹងផលប៉ះពាល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
អ្នកបើកបររថយន្តដឹកជញ្ជូនអ្នកដំណើរពីខេត្តរតនគិរី មកភ្នំពេញ លោក សុខ ខុម សម្ដែងទុទ្ទិដ្ឋិនិយមថា ការអាប់អួរផ្នែកនយោបាយជាតិបច្ចុប្បន្ន បង្កការលំបាកដល់ក្រុមរថយន្តអ្នកដឹកជញ្ជូនអ្នកដំណើរ ដោយសារចំនួនអ្នកដំណើរបានថយចុះ។ លោកកត់សម្គាល់ថា មានការឆែកឆេរនៅតាមដងផ្លូវជាច្រើនកន្លែង ដើម្បីរារាំងប្រជាពលរដ្ឋកុំឲ្យទៅចូលរួមធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ។ លោកបង្ហាញទស្សនៈថា ក្រុមគ្រួសារលោកបានបំពេញករណីកិច្ចទៅបោះឆ្នោតរួចហើយ ដូច្នេះបំណងប្រាថ្នារបស់លោក គឺធ្វើយ៉ាងណារកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ ហេតុនេះ លោកយល់ថា វិបត្តិនយោបាយជាតិបច្ចុប្បន្ន និងការដឹកនាំធ្វើបាតុកម្ម បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពលរដ្ឋ។
លោក សុខ ខុម៖ «បាទ! បើតាមខ្ញុំ អត់ចង់ឲ្យមានទេ គិតមើលទៅដូចវាអត់មានចំណេញអ្វីផង វាប៉ះពាល់ការងាររកស៊ីទាំងអស់គ្នា តាំងពីអ្នកលក់ដូរ តាំងពីអ្នករត់ឡាន គាត់ត្អូញត្អែរ។ អ្នកខេត្តហ្នឹងអត់ហ៊ានទៅ ខ្លាចច្របូកច្របល់នៅក្រុងអ៊ីចឹងណា! តាមផ្លូវហ្នឹង ឆែកពីរបីកន្លែង ដើម្បីជំរឿនប្រជាពលរដ្ឋ ខ្លាចទៅចូលរួមបាតុកម្ម។ ប៉ះពាល់ដែរ អត់មានភ្ញៀវចេញចូលផងតាំងពីបោះឆ្នោតរួចហើយ បាតុកម្មកាន់តែអត់ទៀតហើយ»។
ចំណែកអាជីវករលក់ត្រីនៅផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី លោក កា រ៉េ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតែមកផ្សារទិញចំណីអាហារត្រីសាច់ជាធម្មតា ក៏ប៉ុន្តែ អ្វីដែលលោកចាប់អារម្មណ៍ គឺការភ័យខ្លាចរបស់ពលរដ្ឋចំពោះសភាពការណ៍នយោបាយជាតិ ដែលកំពុងមានបញ្ហាចោទរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ជាពិសេសការដឹកនាំធ្វើបាតុកម្មជាបន្តបន្ទាប់ និងការធ្វើពហិការមិនទទួលយកលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។ លោកបន្តថា ថ្វីត្បិតលោកមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏ប៉ុន្តែលោកនៅតែមិនចង់ឲ្យមានបាតុកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យព្រួយនោះទេ៖ «វាប៉ះពាល់ប្រជាពលរដ្ឋ ជ្រួលច្របល់ ថាមានអ៊ីចេះមានអ៊ីចុះ ការងារបោះឆ្នោតតាមមតិប្រជាជនហ្នឹង បោះឆ្នោតហ្នឹង យុត្តិធម៌ដែរ មិនថាកាន់ខាងណាៗទេ។ ស្ងាត់ដែរ តើនៅក្នុងផ្សារអត់មាននរណាមានបញ្ហាស្អីទេ មិនចង់ឲ្យធ្វើអ្វីទេ ប៉ុណ្ណាឲ្យវាទៅប៉ុណ្ណឹងសិនចុះ ចិត្តខ្ញុំអត់ឲ្យធ្វើទេ ព្រោះធ្វើទៅនាំខាតពេលវេលាប្រជាពលរដ្ឋ ការងាររកស៊ីចិញ្ចឹមជីវិត»។
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី ប្រមាណ ៣០នាក់ បានធ្វើដំណើរពីខេត្តរតនគិរី ទៅចូលរួមបាតុកម្មលើកទីបីនេះ នៅទីក្រុងភ្នំពេញ ដោយនាំទៅជាមួយញត្តិផ្ដិតមេដៃគាំទ្រការតវ៉ារបស់ប្រជាពលរដ្ឋជិត ៤ពាន់នាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនទៀតបានទៅចូលរួមបាតុកម្មជាលក្ខណៈផ្ទាល់ខ្លួន។
អ្នកសម្របសម្រួលអង្គការបណ្ដាញគាំទ្រសហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនគិរី លោក ទេព បូរិន បង្ហាញទស្សនៈផ្ទាល់ខ្លួនថា ការចូលរួមធ្វើបាតុកម្ម ឬគាំទ្រញត្តិគណបក្សសង្គ្រោះជាតិ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែលោកចង់ឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយជាប់ឆ្នោតនៅរដ្ឋសភាអាណត្តិនេះ គួរធ្វើការពិភាក្សាសម្របសម្រួលគ្នាបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន ដើម្បីរួមគ្នាដឹកនាំប្រជាពលរដ្ឋទទួលបានការរីកចម្រើន៖ «ក្នុងនាមយើងជាប្រជាពលរដ្ឋ យើងក៏ជាប្រជាជនកម្ពុជា មួយតាមរដ្ឋធម្មនុញ្ញ យើងមានសិទ្ធិ មានការតវ៉ានូវអ្វីដែលយើងថាមិនសមស្រប ឬក៏អយុត្តិធម៌សង្គម។ អ៊ីចឹង ខាងលើវានៅតែជាការរៀបចំក្បាលម៉ាស៊ីន ខាងលើទេ តែខាងក្រោមឃើញថា គាត់យល់ពីតួនាទីភារកិច្ច។ អ៊ីចឹង គាត់បម្រើសេវាកម្មធម្មតាជាក់ស្តែង»។
ដូចគ្នានេះដែរ ប្រធានសមាគមខ្មែរលើ អ្នកស្រី ដាំ ចន្ធី មានប្រសាសន៍បញ្ជាក់ថា វិបត្តិនយោបាយក្រោយការបោះឆ្នោត ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពសង្គម ក៏ប៉ុន្តែជាទូទៅ ប្រជាពលរដ្ឋបានប្រកបរបរចិញ្ចឹមជីវិតជាធម្មតា។ អ្នកស្រីកត់សម្គាល់ថា ជនជាតិដើមភាគតិចមួយចំនួនធំ មិនបានចាប់អារម្មណ៍ពីបញ្ហានយោបាយ ឬការធ្វើបាតុកម្មអ្វីនោះទេ ក៏ប៉ុន្តែ ក្នុងនាមអ្នកស្រីជាជនជាតិដើមមួយរូប មានបំណងចង់ឲ្យអ្នកនយោបាយជាតិ ធ្វើការសម្របសម្រួលគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជាជាងយកការប្រឈមមុខដាក់គ្នាដោយធ្វើបាតុកម្ម ឬប្រើវិធានការបង្ក្រាបបាតុកម្ម៖ «គាត់ដូចអត់សូវចាប់អារម្មណ៍ទេ។ គាត់រវល់ប្រកបរបរធ្វើការងាររកស៊ីរបស់គាត់។ ដល់ស្រុកទេសយើងច្របូកច្របល់ យើងក៏មានការពិបាកដែរ ក្នុងការធ្វើការ យើងវាខ្លាច។ ខ្ញុំគិតថា ទៅប្រជុំអ៊ីចឹង យើងមានការភ័យខ្លាចដែរ វាអត់មានសុវត្ថិភាព។ កុំឲ្យប្រកាន់បក្ខពួកធ្វើការរួមគ្នាទៅ ខុសត្រូវជួយគ្នាទៅ»។
កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខេត្តរតនគិរី កន្លងទៅនេះ គណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រឈ្នះទទួលបានកៅអីរដ្ឋសភាក្នុងសំឡេងជាង ៣ម៉ឺនសំឡេង។ ចំណែកគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋក្នុងខេត្តបោះឆ្នោតបានជាង ៧ពាន់សំឡេង។
បុគ្គលិកសិក្សាមួយរូបនៅខេត្តរតនគិរី សុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍បញ្ជាក់ថា លទ្ធផលបោះឆ្នោតកន្លងទៅនេះមានភាពមិនប្រក្រតីច្រើន ជាហេតុនាំឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការតវ៉ា។ ចំណែករូបលោកផ្ទាល់ ក៏មិនគាំទ្រលទ្ធផលបោះឆ្នោតនោះដែរ។ លោកបន្តថា អំពើពុករលួយ អសកម្មនៃរាជរដ្ឋាភិបាលអាណត្តិមុន បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើន ចង់ធ្វើការផ្លាស់ប្ដូរ ឬកែទម្រង់នយោបាយដឹកនាំជាតិ។ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាល គួរបំពេញបំណងប្រជាពលរដ្ឋម្ចាស់ឆ្នោតតាមរយៈយន្តការបង្កើតគណៈកម្មការឯករាជ្យត្រួតពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ៖ «ដើម្បីដឹកនាំប្រទេសឲ្យបានប្រសើរទៅមុខទៀត លុះត្រាតែយើងមានការផ្លាស់ប្ដូរទេ ទើបមានការអភិវឌ្ឍ និងកែប្រែនូវអំពើពុករលួយជាច្រើន។ គោលបំណងរបស់ខ្ញុំៗគិតថា ប្រទេសជាតិឥឡូវស្ថិតក្នុងភាពយ៉ាប់យ៉ឺនជាខ្លាំងមែនទែន។ ច្បាស់ ឬក៏ពិតប្រាកដ យើងអាចឲ្យអង្គការសហប្រជាជាតិ ចូលរួមបង្ហាញពីបញ្ហាមិនប្រក្រតីជាច្រើន ធ្វើអ៊ីចឹងទើបយុត្តិធម៌ត្រឹមត្រូវ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានរៀបចំធ្វើបាតុកម្មលើកទីបីរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា និងបានអះអាងថា បានប្រមូលស្នាមមេដៃប្រជាពលរដ្ឋជាង ២លាននាក់ ហែនាំទៅដាក់ជូនតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សការិយាល័យនៅទីក្រុងភ្នំពេញ និងតំណាងស្ថានទូតបណ្ដាប្រទេសមួយចំនួនទៀត នៅប្រទេសកម្ពុជា ដើម្បីជួយស្វែងរកដំណោះស្រាយយុត្តិធម៌ស្ដីពីលទ្ធផលបោះឆ្នោត។
យ៉ាងនេះក្តី ទស្សនៈមតិរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គមស៊ីវិល សហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី មួយចំនួន មានបំណងប្រាថ្នាដូចគ្នា សុំឲ្យថ្នាក់ដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរ ងាកមករកកិច្ចចរចាសម្របសម្រួលប្រកបដោយសុឆន្ទៈជាតិ ដើម្បីបន្តដឹកនាំប្រជាពលរដ្ឋ និងបង្កើនស្ថិរភាពសេដ្ឋកិច្ចសង្គម ឲ្យបានប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
