គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមិនទាន់កំណត់ថ្ងៃចរចាជាផ្លូវការជាថ្មីទៀតនៅឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាគ្នាក្រៅផ្លូវការនៅចុងសប្ដាហ៍នេះ ដើម្បីកំណត់ថ្ងៃបើកកិច្ចចរចារវាងក្រុមការងារបច្ចេកទេសរបស់បក្សទាំងពីរជាថ្មីនោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា តំណាងក្រុមចរចារបស់គណបក្សទាំងពីរ បានជួបពិភាក្សាគ្នាក្រៅផ្លូវការចំនួនបីលើក ក្នុងរយៈពេលបីថ្ងៃក្នុងសប្ដាហ៍នេះ ប៉ុន្តែមិនទាន់មានលទ្ធផលជាដុំកំភួននៅឡើយ។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃទី៧ ខែមិថុនា មានប្រសាសន៍ថា តំណាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន និងតំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា ជួបពិភាក្សាគ្នាក្រៅផ្លូវការបីលើក ហើយចំណុចដែលភាគីទាំងពីរនៅខ្វែងគំនិតគ្នានោះ នៅត្រង់ថា បក្សសង្គ្រោះជាតិ ចង់ស្នើដាក់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ។ លោកបញ្ជាក់ថា ភាគីទាំងពីរមិនទាន់អាចកំណត់ថ្ងៃចរចារវាងក្រុមការងារបច្ចេកទេសបាននៅសប្ដាហ៍ខាងមុខនេះទេ។
«សំឡេង»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា ដើម្បីបំភ្លឺពីបញ្ហានេះបានទេនៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការព្យាយាមបិទបាំងព័ត៌មានចរចារវាងគណបក្សទាំងពីរ ជាសញ្ញាវិជ្ជមានមួយនៃយុទ្ធនាការចរចានេះ។ លោកបញ្ជាក់ថា គណបក្សទាំងពីរនឹងទម្លាយព័ត៌មានជាសាធារណៈប្រាប់ពលរដ្ឋទូទៅ បើសិនជាពួកគេយល់ថា ព័ត៌មានទាំងនោះនឹងចំណេញដល់បក្ស។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ប្រាកដជាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំហររបស់ខ្លួន នៅពេលដែលម្ចាស់ឆ្នោតកំពុងតែតាមឃ្លាំមើលដំណើរការចរចានោះ បក្សនេះមិនអាចធ្វេសប្រហែសចំពោះល្បិចរបស់ដៃគូចរចាឡើយ។
«សំឡេង»
ក្រុមការងារបច្ចេកទេសរបស់បក្សទាំងពីរ បានជួបចរចាគ្នាចំនួន ៤លើក ហើយចំណុចដែលទាស់គ្នាខ្លាំងជាងគេ គឺសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ ចង់ដាក់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ បានន័យថា ស្ថាប័ននេះត្រូវបង្កើតឡើងតាមរយៈការគាំទ្រពីសមាជិកសភាចំនួន ២ភាគ៣ នៃសមាជិកសរុប។ ហើយបើសិនភាគីទាំងពីរព្រមព្រៀងគ្នាមែននោះ គណបក្សប្រឆាំងទំនងជាចូលទៅក្នុងសភា ដើម្បីអនុម័តច្បាប់ថ្មីនេះ។ ប៉ុន្តែ បក្សកាន់អំណាចយល់ថា គំនិតនេះជាគំនិតដែលអាចធ្វើឲ្យស្ថាប័នជាតិទាំងមូលជាប់គាំង។ ទោះយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់គណបក្សទាំងពីរ ធ្លាប់បញ្ជាក់ថា ដំណោះស្រាយចុងក្រោយនៃវិបត្តិនេះជាការសម្រេចរបស់ លោក ហ៊ុន សែន និងលោក សម រង្ស៉ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
