គោល​ជំហរ​តំណាង​រាស្ត្រ​នៃ​បក្ស​ទាំង​ពីរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2014.04.22
ការិយាល័យ​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង ៦១០ ២០-មេសា-២០១៤៖ ការិយាល័យ​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង។
RFA/Chin Chetha

រយៈពេល​ជិត​១​ឆ្នាំ​នៃ​ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​កម្ដៅ​នយោបាយ​ឡើង​ចុះ​មិន​ទៀង​ទាត់ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ចាប់​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក នៅ​គ្រា​ដែល​តម្រូវ​ការ​ចាំបាច់​មួយ​ចំនួន​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត មិន​អាច​ដោះស្រាយ​ចេញ។ តើ​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មាន​លទ្ធភាព និង​ប្រសិទ្ធភាព​កម្រិត​ណា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​កាលៈទេសៈ​នយោបាយ​ជាប់​គាំង​នេះ?

បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​តំណាង​រាស្ត្រ​ទាំង ៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គ្រាន់​តែ​ជា​បុគ្គល​តំណាង​ឲ្យ​បក្ស មិន​មែន​ជា​តំណាង​រាស្ត្រ​ស្រប​ច្បាប់​តំណាង​ឲ្យ​ជាតិ​ទាំង​មូល​នោះ​ទេ។ បេក្ខជន​រូប​នេះ​បញ្ជាក់​ថា បញ្ហា​ដីធ្លី ព្រៃ​ឈើ និង​បញ្ហា​នេសាទ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នឹង​មិន​អាច​ដោះស្រាយ​ចេញ​ឡើយ ត្បិត​អ្នក​បង្កើត​បញ្ហា​ទាំង​នោះ​ភាគ​ច្រើន គឺ​ជា​បក្ខពួក​នឹង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដារ៉ា មាន​ប្រសាសន៍​ថា រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដោយសារ​តែ​មាន​កម្លាំង​នយោបាយ និង​កម្លាំង​គាំទ្រ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មិន​អាច​ព្រងើយ​កន្តើយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទៀត​ឡើយ នៅ​ក្រោយ​បញ្ហា​នយោបាយ​ត្រូវ​បាន​ដោះស្រាយ៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​ថា បើ​សិន​ជា ៦៨​នាក់​ដែល​សភា​រាល់​ថ្ងៃ​តំណាង​ឲ្យ​គណបក្ស អ៊ីចឹង​គាត់​ពីរ​នាក់​ដែល​ធ្វើ​ការ​ហ្នឹង គឺ​ថា​តំណាង​ឲ្យ​តែ​បក្ស​ទេ មិន​មែន​តំណាង​ឲ្យ​ជាតិ​ទេ។ ពី​មុន​គណបក្ស​ប្រជាជន គាត់​ធ្វើ​អ្វី​ក៏​ជិះ​សេះ​លែង​ដៃ គឺ​គាត់​ចង់​យក​ដី​នរណា គាត់​ចង់​ចាប់​នរណា​ចង់​អី គឺ​គាត់​ធ្វើ​ស្រេច​តែ​ក្បាល​ចិត្ត ព្រោះ​គាត់​ថា​គាត់​មតិ​ភាគ​ច្រើន​ហើយ អ៊ីចឹង​គ្មាន​នរណា​ធ្វើ​អី​កើត​ទេ។ សំខាន់ បើ​យើង​ក្លាយ​ជា​តំណាង​រាស្ដ្រ ហើយ​យើង​មិន​អាច​ជួយ​ប្រជាពលរដ្ឋ​បាន អា​នោះ​ទើប​យើង​សោកស្ដាយ»

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​អស់​សង្ឃឹម និង​មិន​ស្ងប់​ចិត្ត បណ្ដាល​មក​ពី​បញ្ហា​សង្គម​ផ្សេងៗ ដូច​ជា វិបត្តិ​ដីធ្លី​នៅ​ភូមិ​ឡពាង និង​គម្រោង​គាស់​យក​ថ្ម​ភ្នំ​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដែល​បញ្ហា​ទាំង​នេះ​ទាមទារ​ឲ្យ​អ្នក​នយោបាយ​មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ។

លទ្ធផល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ចំណោម​អាសនៈ​សភា​ចំនួន​៤ សម្រាប់​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង គឺ​មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២​រូប ដែល​មាន​ទី​១ លោក គង់ សំអុល និង​ទី​២ អ្នកស្រី កែ ច័ន្ទមុនី។ ចំណែក​អាសនៈ​សភា​ចំនួន ២​ទៀត បាន​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន លោក គី វណ្ណដារ៉ា និង​លោក ង៉ោ គឹមជាង។ ក្រុម​តំណាង​រាស្ត្រ​ទាំង​២​គណបក្ស នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា ហើយ​ការ​អនុវត្ត​តួនាទី​ជា​តំណាង​រាស្ត្រ​របស់​ខ្លួន ក៏​មិន​ទាន់​បាន​ពេញ​ដៃ​ពេញ​ជើង​ដែរ គិត​ចាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ មក។

តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី កែ ច័ន្ទមុនី ថ្លែង​បញ្ជាក់​ថា ការ​រិះគន់​របស់​គណបក្ស​ប្រឆាំង គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ ប៉ុន្តែ​ក្នុង​នាម​អ្នកស្រី​ជា​តំណាង​ស្រប​ច្បាប់​ផ្ដល់​ដោយ​ប្រជាពលរដ្ឋ​នោះ កំពុង​តែ​បំពេញ​ការងារ​ជា​ធម្មតា និង​បន្ត​ប្រឹងប្រែង​ឲ្យ​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស។ អ្នកស្រី​បន្ត​ថា សកម្មភាព ឬ​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ គឺ​អ្នកស្រី​បាន​អនុវត្ត​ទៅ​តាម​ការងារ និង​ភារកិច្ច​របស់​ខ្លួន ដោយ​មិន​ប្រកាន់​បក្ខពួក​អ្វី​ឡើយ៖ «ទំនាក់ទំនង​ជាមួយ​ខាង​នីតិប្រតិបត្តិ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង ហើយ​ខ្ញុំ​ក៏​មិន​ចង់​លើក​ឲ្យ​វែង​ថា តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ទេ? ប៉ុន្តែ​យើង​គ្រាន់​តែ​ថា បុគ្គល​ដែល​ខុស​ឆ្គង​អ្នក​នោះ​ត្រូវ​តែ​ទទួល​នូវ​អ្វី​ដែល​ជា​លទ្ធផល​របស់​ខ្លួន​បាន​ធ្វើ»

អ្នកស្រី​បញ្ជាក់​ថា សព្វថ្ងៃ​ភាគ​ច្រើន​អ្នកស្រី​បាន​បំពេញ​ការងារ​សង្គម ដូច​ជា ការ​ចុះ​សួរ​សុខ​ទុក្ខ​ទុរគត​ជន ភ្លើង​ឆេះ​ផ្ទះ និង​ករណី​ផ្ទុះ​គ្រាប់ ជាដើម។ ប៉ុន្តែ​ទាក់ទង​នឹង​រឿងរ៉ាវ​ធំៗ ដូចជា វិវាទ​ដីធ្លី​នៅ​ឃុំ​តាជេស និង​ឃុំ​ច្រណូក ក្នុង​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី​បាន​សហការ និង​សំណូមពរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ការ​ដោះស្រាយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ទាំង​ស្រុង​នោះ​ទេ។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បេក្ខជន​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ អាច​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ប្រសិន​បើ​អ្នក​ទាំង​នោះ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​តំណាង​រាស្ត្រ​ត្រឹមត្រូវ មិន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បក្ស​ច្រើន​ជាង​ពលរដ្ឋ។ លោក​ថា ក្នុង​កាលៈទេសៈ​នយោបាយ​ជាប់​គាំង​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​មិន​សូវ​មាន​ឥទ្ធិពល​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ ដោយសារ​តែ​មិន​អាច​កោះ​ហៅ​រដ្ឋាភិបាល ឬ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ក្នុង​រឿង​ទាំង​ឡាយ​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ មក​សួរ​ដេញដោល គឺ​គ្រាន់​តែ​បាន​បញ្ចេញ​មតិ​រិះគន់​ដើម្បី​ស្ថាបនា ដូច​ជា​មហាជន​ទូទៅ​ដែរ៖ «ប្រសិទ្ធភាព​អត់​បាន​ច្រើន​ទេ បើ​សិន​ជា​នៅ​ក្នុង​រដ្ឋសភា ហើយ​មាន​ចំនួន​ច្រើន​អាច​កោះ​រដ្ឋមន្ត្រី​នីមួយៗ បើ​មិន​កោះ​ទេ ឬ​ទន្ទឹម​គ្នា​ដែរ​ហ្នឹង អាច​សួរ​ផ្ទាល់ៗ តវ៉ា​ផ្ទាល់ៗ ជួស​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ»

ចំណែក​អ្នក​វិភាគ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា បញ្ហា​សង្គម​កម្ពុជា បច្ចុប្បន្ន​ប្រៀប​ដូច​ជា​អំបោះ​ឆៅ​រុំ​ជំពាក់​ចាក់​ស្រេះ​គ្នា​មិន​ងាយ​នឹង​ដោះស្រាយ​ចេញ ហើយ​មិន​អាច​គណបក្ស​ណា​មួយ​អួតអាង ឬ​ធានា​ថា​នឹង​ដោះស្រាយ​ចេញ​ដោយ​ឯកឯង​នោះ​ទេ គឺ​ទាមទារ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​បាន​ទៅ​រួច៖ «ប្រជាពលរដ្ឋ​យល់​ដឹង​ច្បាស់! ប្រសិន​បើ​គាត់​មាន​ទុក្ខ​សោក គាត់​រត់​មក​រក​តុលាការ​ក៏​គ្មាន​ប្រយោជន៍ គាត់​រត់​ទៅ​រក​អាជ្ញាធរ​ក៏​គ្មាន​ប្រយោជន៍ គាត់​រត់​ទៅ​រក​រដ្ឋាភិបាល​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​គាត់​បាន គាត់​រត់​ទៅ​រក​តំណាង​រាស្ត្រ​វា​រឹត​តែ​មិន​អាច​ដោះស្រាយ​ឲ្យ​គាត់​បាន។ អ៊ីចឹង​ប្រជាពលរដ្ឋ​អស់​ជម្រើស។ រាល់​ថ្ងៃ​នេះ បើ​មាន​បញ្ហា គឺ​រត់​ទៅ​រក​ព្រះអង្គ​ដង​កើ ទៅ​រក​បន់​ស្រន់​ដាក់​ទំនាយ​ទៅ​វិញ»

ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​សង្គម ឬ​វិបត្តិ​ជីវភាព​រស់​នៅ​ប្រចាំ មិន​ដែល​នឹក​ឃើញ​ទៅ​រក​តំណាង​រាស្ត្រ​របស់​ខ្លួន​ឲ្យ​ជួយ​ដោះស្រាយ​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​រត់​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ផ្សេងៗ ឬ​ទៅ​ប្រមុខ​រដ្ឋាភិបាល​តែ​ម្ដង។ ក្រោយ​ពី​ការ​ខ្នះខ្នែង​រក​អ្នក​ជួយ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​នោះ ពួក​គាត់​ចាប់​ផ្ដើម​អស់​សង្ឃឹម និង​មាន​គំនិត​ធ្វើ​ពិធី​អប្បិយ​ជំនឿ​ផ្សេងៗ ដើម្បី​រម្ងាប់​នូវ​ភាព​ឈឺ​ចាប់​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។