ប្រធាន​គ.ជ.ប​ថ្មី​លោក ស៊ិក ប៊ុនហុក សរសើរ​ការងារ​របស់​គ.ជ.ប​ចាស់

0:00 / 0:00

ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី លោក ស៊ិក ប៊ុនហុក ប្ដេជ្ញា​ថា នឹង​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ឯករាជ្យ អព្យាក្រឹត និង​តម្លាភាព ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទទួល​យក​បាន។ ការ​ថ្លែង​ប្ដេជ្ញា​ដូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​សមាសភាព គ.ជ.ប ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មេសា នា​ទីស្នាក់ការ គ.ជ.ប ក្នុង​ក្រសួង​មហាផ្ទៃ។

​ពិធី​ប្រកាស​ផ្ទេរ​តំណែង​សមាសភាព គ.ជ.ប ថ្មី បាន​ធ្វើ​ឡើង​ប្រហែល ១​ម៉ោង ដោយ​មាន​ការ​យាង​ចូលរួម​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​២​គណៈ និង​ការ​ចូល​រួម​របស់​ព្រះរាជតំណាង​ព្រះមហាក្សត្រ លោក គង់ សំអុល ព្រមទាំង​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​ទាំង​២ និង​សមាជិក សមាជិកា គ.ជ.ប ចាស់-​ថ្មី សរុប​ប្រមាណ ១០០​នាក់។

​នៅ​មុន​ពិធី​ប្រគល់​និង​ទទួល​ត្រា ប្រធាន គ.ជ.ប ចាស់ លោក អ៊ឹម សួស្តី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​ចុង​ក្រោយ​របស់​លោក​មុន​ពេល​ចាក​ចេញ​ពី​តំណែង។ លោក អ៊ឹម សួស្តី បាន​ថ្លែង​រម្លឹក​អំពី​ប្រវត្តិ​និង​ការងារ​របស់ គ.ជ.ប និង​គុណសម្បត្តិ​របស់​ស្ថាប័ន​នេះ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ក្នុង​ពេល​កន្លង​មក។

លោក អ៊ឹម សួស្តី ក៏​បាន​ថ្លែង​រិះគន់​លើ​អ្នក​ដែល​ធ្លាប់​រិះគន់​ស្ថាប័ន គ.ជ.ប កន្លង​មក។ លោក​ថា បើ​ទោះ​ជា​ស្ថាប័ន​នេះ​បំពេញ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ទៀងទាត់ និង​ទទួល​បាន​ជោគជ័យ​រហូត​ដល់​មាន​ការ​កោត​សរសើរ​ពី​មតិ​ជាតិ​និង​អន្តរជាតិ​ក្តី ក៏​ស្ថាប័ន​មួយ​នេះ​នៅ​តែ​ទទួលរង​នូវ​ការ​ចោទ​ប្រកាន់​ថា មិន​ឯករាជ្យ មិន​អព្យាក្រឹត និង​មិន​មាន​តម្លាភាព។ យ៉ាង​ណា​ក៏ដោយ លោក អ៊ឹម សួស្តី ថ្លែង​ជូនពរ​និង​សង្ឃឹម​ថា គ.ជ.ប ថ្មី នឹង​មាន​គំនិត​ថ្មី​ក្នុង​ការ​កែច្នៃ​ការ​បោះឆ្នោត​ខាង​មុខ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ទំនើប និង​ល្អ​ប្រសើរ​ជាង​ការ​បោះ​ឆ្នោត​មុនៗ។

​នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​តំណែង​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨ មក។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ ប្រធាន គ.ជ.ប ថ្មី​ចូល​កាន់​តំណែង លោក ស៊ិក ប៊ុនហុក ប្ដេជ្ញា​ថា នឹង​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ប្ដេជ្ញា​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​មួយ​ដ៏​សមរម្យ ស្រប​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ដើម្បី​សម្រេច​បាន​ការ​បោះ​ឆ្នោត​មួយ​ដែល​លទ្ធផល អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

លោក ស៊ិក ប៊ុនហុក ក៏​បាន​ថ្លែង​កោត​សរសើរ​ការងារ​របស់​ថ្នាក់ដឹកនាំ គ.ជ.ប ចាស់ ហើយ​ថា ថ្នាក់ដឹកនាំ គ.ជ.ប ថ្មី នឹង​បន្ត​អនុវត្ត​តាម​គំរូ និង​បទពិសោធន៍​ល្អៗ ក្នុង​ការ​ដឹកនាំ​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ៖ «នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​ពុំ​មាន​ការងារ​បោះឆ្នោត​ណា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ល្អ​ឥត​ខ្ចោះ ១០០% នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បទពិសោធន៍​ល្អ​កន្លង​មក យើង​ខ្ញុំ​នឹង​ខិតខំ​ជំរុញ​អនុវត្ត​បន្ត ហើយ​អ្វី​ដែល​ជា​ចំណុច​អវិជ្ជមាន​យើង​ខ្ញុំ​នឹង​ខិតខំ​ពុះពារ​កែលំអ។ យើង​ខ្ញុំ​សង្ឃឹម​ថា លោក លោកស្រី ជា​មន្ត្រី គ.ជ.ប ទាំង​អស់ នឹង​ចូល​រួម​អនុវត្ត​ការងារ​ជា​បន្ត​ទៀត ជួយ គ.ជ.ប ថ្មី ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​ទទួល​បាន​លទ្ធផល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត»

ចំណែក​អនុ​ប្រធាន គ.ជ.ប ថ្មី លោក គួយ ប៊ុនរឿន ថ្លែង​ចាត់​ទុក​ការ​ប្រកាស​ផ្ទេរ​តំណែង​សមាសភាព គ.ជ.ប នៅ​ពេល​នេះ ថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​លោក​ថា សមាសភាព គ.ជ.ប ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ។

លោក គួយ ប៊ុនរឿន ដែល​កន្លងមក​ក៏​ធ្លាប់​រិះគន់ គ.ជ.ប ចាស់​ដែរ​នោះ ប្ដេជ្ញា​ថា នឹង​បំពេញ​ការងារ​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​ជា​សមាជិក​នៃ គ.ជ.ប ថ្មី ប្ដេជ្ញា​ចិត្ត​អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់​ដើម្បី​ធានា​អព្យាក្រឹតភាព ភាព​ឥត​លំអៀង ភាព​សច្ចៈ ផ្ដល់​យុត្តិធម៌​ប្រកប​ដោយ​តម្លាភាព ក្នុង​ការ​ផ្ដល់​ជំនឿ​ដល់​គ្រប់​ភាគី​ទាំង​អស់​ដែល​ចូលរួម​ប្រកួត​ប្រជែង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​និង​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ហើយ​ឆន្ទៈ​របស់​ពលរដ្ឋ​ត្រូវ​បាន​គោរព​ពិត​ប្រាកដ»

ទាក់ទង​នឹង​តំណែង​របស់​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប ថ្មី​វិញ លោក គួយ ប៊ុនរឿន អះអាង​ថា ការ​សម្រេច​យ៉ាង​ណា​នោះ សមាជិក គ.ជ.ប ថ្មី នឹង​ពិនិត្យ​មើល​នៅ​បន្ទាប់​ពី​ពួកគេ​ចូលកាន់​តំណែង​រួច។ លោក​បញ្ជាក់​ដែរ​ថា មិន​មាន​ការ​ព្រមព្រៀង​គ្នា​ណា​មួយ​ដែល​ថា តំណែង​របស់​អគ្គលេខាធិការ ឬ​អគ្គលេខាធិការ​រង គ.ជ.ប ថ្មី​នេះ នឹង​ត្រូវ​ចេញ​ពី​កូតា​គណបក្ស​ណា​មួយ​នោះ​ទេ។ លោក​ថា តាម​ច្បាប់​ពួក​គេ​គឺ​ត្រូវ​ជ្រើស​តាំង​ដោយ​មតិ​ភាគ​ច្រើន​នៃ​សមាជិក គ.ជ.ប ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។