ភាព​ក្រីក្រ​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្លះ​នៅ​រតនគិរី​មិន​​ខ្វល់​រឿង​បោះ​ឆ្នោត

ការ​បោះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​នីមួយៗ មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នំា និង​ផ្លាស់ប្ដូរ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាដើម។

0:00 / 0:00

ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្ត​ទី​៥ នឹង​ខិត​ជិត​មក​ដល់​នៅ​ខែ​កក្កដា ខាង​មុខ។ តែ​យ៉ាង​នេះ​ក្ដី សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ ពិសេស​ជនជាតិ​ដើម​ភាគ​តិច ហាក់​បី​ដូច​ជា​មិន​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​បោះ​ឆ្នោត​នេះ​ទៅ​វិញ។ តើ​មូលហេតុ​អ្វី​បាន​ជា​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខែត្រ​រតនគិរី មិន​ចាប់​អារម្មណ៍​នឹង​រឿង​បោះ​ឆ្នោត?

ជន​ជាតិ​ភាគ​តិច​ទំពួន រស់​នៅ​ផ្ទះ​ខ្ទម​តូចៗ​ ខ្លះ​នៅ​អម​សង​ខាង​ផ្លូវ ផ្ទះ​ខ្លះ​នៅ​ក្នុង​ចម្ការ​ដាច់​ឆ្ងាយ​ពី​គ្នា​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ខែត្រ​រតនគិរី។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ ភាគ​ច្រើន​មិន​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​រឿង​បោះ​ឆ្នោត​ឡើយ។

ពួក​គាត់​ខ្លះ​យល់​ថា ការ​បោះ​ឆ្នោត​សំខាន់ ខ្លះ​ទៀត​ថា ការ​បោះ​ឆ្នោត​មិន​ចាំបាច់​សម្រាប់​ពួកគាត់​ជា​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ ពីព្រោះ​ថា ថ្វីត្បិតតែ​បច្ចុប្បន្ន​ពួក​គាត់​ចេះ​មក​សម្រប​ខ្លួន​រស់​នៅ​លាយឡំ​នឹង​ប្រជាពលរដ្ឋ​ទូទៅ​ក្ដី ប៉ុន្តែ​ជីវភាព​របស់​ពួកគាត់​នៅ​តែ​យ៉ាប់យ៉ឺន ហើយ​ក៏​គ្មាន​អ្នក​នយោបាយ​ណា​ទៅ​សួរ​សុខទុក្ខ​ពួក​គាត់​នៅ​តំបន់​ដាច់​ស្រយាល​នោះ​ដែរ។

អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​ជនជាតិ​ដើម​ភាគ​តិច​ទំពួន កំពុង​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ភាព​គ្មាន​ការងារ​ធ្វើ ពេល​ខ្លះ​រស់​នៅ​អាស្រ័យ​លើ​ការ​ស៊ី​ឈ្នួល​គេ និង​ចិញ្ចឹម​ជ្រូក​លក់​ជាដើម។

លោក សឺន និល នៅ​ស្រុក​លំផាត់ ខែត្រ​រតនគិរី បាន​រៀប​រាប់​ថា ការ​បោះ​ឆ្នោត​ជា​រឿង​មួយ​សំខាន់​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មិន​ដឹង​ថា សំខាន់​យ៉ាង​ណា​នោះ​ទេ លោក​គ្រាន់​តែ​ឮ​គេ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ។ លោក​បាន​និយាយ​មួយៗ​ថា អ្វី​ដែល​លោក​គិត​ថា សំខាន់​គឺ​ការ​ការពារ​ដី​ចម្ការ​របស់​ពួកគាត់​ជា​រឿង​សំខាន់​ជាង ពីព្រោះ​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ពួកគាត់​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ចម្ការ​តាម​បែប​ប្រពៃណី ធ្វើ​ចម្ការ​វិលជុំ តែ​សព្វថ្ងៃ​នេះ​ពួក​គាត់​មិន​អាច​ចល័ត ដើរ​ធ្វើ​ចម្ការ​ដូច​កាល​ពី​មុន​ទៀត​បាន​ឡើយ ដោយសារ​ដី​ចម្ការ​មាន​ម្ចាស់​ឯកជន​រៀងៗ​ខ្លួន៖ «ដី​ចង្អៀត​មនុស្ស​កើន​ឡើង។ សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​លំបាក​សម្រាប់​ការ​ដើរ​ហើយ»

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​បាន​លើក​ឡើង​ថា កាល​ពី ១០​ឆ្នាំ​មុន ពួក​គាត់​មិន​ដែល​ខ្វល់​អំពី​ការ​រក​លុយ ឬ​ការ​ប្រកួត​ប្រជែង​ផ្នែក​សម្ភារៈ​និយម​ដូច​ពេល​ឥឡូវ​ទេ ដោយ​ហេតុ​ថា ការ​រស់​នៅ​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ទាំង​ស្រុង ពោល​គឺ​ពួក​គាត់​បរបាញ់​សត្វព្រៃ និង​បេះ​បន្លែ​ធម្មជាតិ​ក្នុង​ព្រៃ​ភ្នំ​ធ្វើ​ជា​ចំណី​អាហារ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ពួក​គេ​មិន​អាច​ធ្វើ​ដូច​កាល​ពី​មុន​ទៀត​ទេ ពីព្រោះ​ព្រៃ​ឈើ​ត្រូវ​បាន​​កាប់​រាន​ធ្វើ​ចម្ការ​អស់។

ការ​ថ្លែង​អំពី​បញ្ហា​មិន​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​បោះ​ឆ្នោត​នេះ មិន​មែន​មាន​តែ​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន នេះ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​នៅ​ក្នុង​ខែត្រ​រតនគិរី ក៏​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​បោះ​ឆ្នោត​ដែរ ប៉ុន្តែ​អ្វី​ដែល​ជា​តម្រូវ​ការ​ចាំបាច់ និង​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង​របស់​ពួក​គាត់​ដែល​គិត​ជា​ប្រចាំ​នោះ គឺ​បញ្ហា​ជីវភាព។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ត្អូញត្អែរ​ថា ប្រទេស​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពួក​គាត់​បាន​អះអាង​ថា សម្រាប់​ជីវភាព​ពួក​គាត់​រស់​នៅ​ទី​ជនបទ​ដាច់​ស្រយាល​មិន​មាន​អ្វី​ផ្លាស់ប្ដូរ​ទេ ពីព្រោះ​ថា ពួកគាត់​នៅ​តែ​ដើរ​ស៊ី​ឈ្នួល​គេ​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក​ដដែល៖ «ចង់​ផ្លាស់ប្ដូរ ស្រួល​ការងារ​ធ្វើ ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​យ៉ាង​ណា​មាន​ហូប​គ្រប់គ្រាន់ រឿង​ក្រ គឺ​ក្រ គ្មាន​អ្នក​ណា​ជួយ​យើង​ទេ ដូច​ថា បើ​អ្នក​ណា​មាន​ដី​ទៅ គេ​ជ្រះ​ថ្លា​ទៅ»

បុរស​មួយ​រួប​ឈ្មោះ ប៊ុន ធឿន បាន​រៀបរាប់​ថា លោក​និង​ក្រុម​គ្រួសារ​មក​ពី​ខែត្រ​ព្រៃវែង បាន​ទៅ​រស់​នៅ​ខែត្រ​រតនគិរី ចំនួន ៥​ឆ្នាំ​មក​ហើយ ដើម្បី​ស៊ី​ឈ្នួល​គេ​ដាំ​ដំឡូង និង​ជម្រះ​ស្មៅ។ លោក ប៊ុន ធឿន បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខែត្រ​ផ្សេងៗ ទៅ​រក​ការងារ​ធ្វើ​នៅ​ខែត្រ​រតនគិរី នោះ​ថា ជា​កម្មករ​សេរី។ ប្រការ​នេះ​មាន​ន័យ​ថា នៅ​រដូវ​ណា​មាន​ការងារ​ធ្វើ​ទៅ​ធ្វើ ហើយ​ពេល​ណា​គ្មាន​ការងារ​ធ្វើ សម្រាក​នៅ​ផ្ទះ។

លោក​បញ្ជាក់​ថា បញ្ហា​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​មិន​សូវ​មាន​ការ​រីក​ចំរើន៖ «យើង​រស់​ដើម្បី​បោះ​ឆ្នោត យើង​មាន​សន្លឹក​ឆ្នោត​មួយ​សម្រាប់​យើង​រើស​អ្នក​ដែល​ថា ចេះ​ជួយ​ប្រជាជន ហើយ​ឥឡូវ​យើង​មើល​ឃើញ​ហើយ​ថា ខ្វះ​ខាត​អី​ខ្លះ?»

ស្ថានភាព​រស់​នៅ​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​មុខ​របរ​ស៊ី​ឈ្នួល​គេ​នោះ មិន​ថា​ជនជាតិ​ទំពួន ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ពួកគាត់​រស់​នៅ​ប្រឈម​នឹង​បញ្ហា​លំបាក​សព្វ​បែប​យ៉ាង។ ក្រៅ​ពី​បញ្ហា​លំបាក​ផ្នែក​ស្បៀង​អាហារ​នោះ ពួកគាត់​លំបាក​គ្មាន​ទី​ជម្រក​ស្នាក់​នៅ​សមរម្យ។ ការ​រស់​នៅ​របស់​ពួក​គាត់​មួយ​ចំនួន គឺ​រស់​នៅ​ក្នុង​រោង​ប្រក់​តង់​កៅស៊ូ​តូចៗ នៅ​ក្នុង​ដី​ចម្ការ​របស់​គេ ខ្លះ​ទៀត​នៅ​លើ​ដី​ភូមិ​របស់​ខ្លួន។

បន្ថែម​ពី​លើ​នេះ​ទៀត អ្វី​ដែល​ជា​រឿង​លំបាក​ខ្លាំង គឺ​កុមារ​តូចៗ ដែល​ជា​កូន​របស់​ពួកគាត់។ នៅ​ពេល​មាន​ភ្លៀង​ខ្យល់​ម្ដងៗ ពួកគាត់​និង​កូន​តូចៗ​នោះ​គ្មាន​បាន​ដេក​ទេ ប្រសិន​បើ​ភ្លៀង​ពេល​យប់​ទទឹក​ខ្លួន​ប្រាណ និង​ភួយ​មុង​ទាំង​អស់។ ឪពុក​ម្ដាយ​អង្គុយ​ឱប​កូន​ក្រោម​ដំណក់​ទឹក​ភ្លៀង។

ស្ត្រី​មួយ​រូប​ឈ្មោះ ស្រី ម៉ៅ បាន​រៀបរាប់​ថា សព្វថ្ងៃ​នេះ​ជីវភាព​របស់​ពួក​គាត់​មាន​ការ​លំបាក​ណាស់ គាត់​មិន​ចង់​ដឹង​អំពី​រឿង​នយោបាយ​អ្វី​ទេ។ អ្នកស្រី​បញ្ជាក់​ថា ប្រសិន​បើ​ការ​បោះ​ឆ្នោត​ធានា​ថា ជីវភាព​គាត់​មាន​ការ​ផ្លាស់ប្ដូរ ទើប​គាត់​គិត​ថា ការ​បោះ​ឆ្នោត​ជា​រឿង​សំខាន់ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គាត់​គ្មាន​ទី​ជម្រក​ស្នាក់​នៅ​សមរម្យ គ្មាន​ការងារ​ធ្វើ​ពិត​ប្រាកដ រស់​នៅ​អាស្រ័យ​លើ​ការ​ស៊ី​ឈ្នួល​គេ ពេល​កូន​ឈឺ​គ្មាន​លុយ​ទៅ​ពេទ្យ​ជាដើម។

ស្រី ម៉ៅ បាន​សម្ដែង​នូវ​ការ​តូច​ចិត្ត និង​អាណិត​កូន​តូចៗ​របស់​គាត់​ដែល​រង​ទុក្ខ​ជាមួយ​គាត់​ក្នុង​ឋានៈ​ជា​កសិករ​ក្រីក្រ​រស់​នៅ​ក្នុង​ខ្ទម​ប្រក់​តង់​មើល​ឃើញ​មេឃ​ពេល​ភ្លៀង​ធ្លាក់ គ្មាន​បាន​ដេក​ពួន រងារ​ឱប​កូន​នៅ​រៀង​រាល់​ពេល​ភ្លៀង​ធ្លាក់​ម្ដងៗ៖ «បាន​ក្រណាត់​កៅស៊ូ​មួយ​ហ្នឹង​នៅ​គ្រប។ ក្មេងៗ​ពេល​ភ្លៀង​យើង​ដេក​ឱប​ទៅ បើ​ភ្លៀង​ទាល់ភ្លឺ​យើង​អង្គុយ​ឱប​ទាល់​ភ្លឺ​ទៅ។ ពេល​ហ្នឹង​មាន​ពស់​មក​ទៀត...»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា មូលហេតុ​ចម្បង​ដែល​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​មិន​គិត​ពី​បញ្ហា​បោះ​ឆ្នោត​នេះ​មាន​កត្តា​មួយ​ចំនួន រួម​មាន​ខ្វះ​ព័ត៌មាន និង​ខ្វះ​ការ​វិភាគ កក្តា​ក្រីក្រ ការ​បោះ​ឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ មិន​មាន​ការ​ផ្លាស់ប្ដូរ ហើយ​គណបក្ស​ដែល​ជាប់​ឆ្នោត​មិន​គោរព​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ​អស់​ជំនឿ និង​អស់​សង្ឃឹម។ បញ្ហា​មួយ​ទៀត គឺ​ប្រជាពលរដ្ឋ​យល់​ថា ខ្លួន​គាត់​ម្នាក់​មិន​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​សង្គម​បាន ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មិន​ចាប់​អារម្មណ៍ ឬ​មិន​ចង់​បោះ​ឆ្នោត។ បញ្ហា​នេះ​ជា​ការ​យល់​ខុស និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​មួយ​សន្លឹក​មាន​តម្លៃ​ណាស់​សម្រាប់​ឲ្យ​សង្គម​មាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​នៅ​ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ថា បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ហើយ​ក៏ដោយ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​ថា ហិចហ្វិក (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា អ្នក​រស់​នៅ​តំបន់​ជនបទ ឬ​ជន​ជាតិ​ដើម​ភាគ​តិច មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដូច​អ្នក​រស់​នៅ​ទី​ប្រជុំ​ជន​ទេ តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នោះ។

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) បាន​ចេញ​របាយការណ៍​កាល​ពី​ខែ​មេសា ថា នៅ​តំបន់​ដាច់​ស្រយាល និង​ជនជាតិ​ដើម​ភាគ​តិច​នោះ ក្រុម​ប្រឹក្សា ឬ​តំណាង​គណបក្ស​នយោបាយ​នៅ​មូលដ្ឋាន មិន​បាន​ធ្វើ​ទាល់​តែ​សោះ ឬ​ធ្វើ​បាន​តិចតួច​ចំពោះ​តម្រូវការ​ជា​អាទិភាព​របស់​ពួក​គាត់ រួម​មាន​មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព អណ្ដូង​ទឹក​ស្អាត ឥណទាន​ជនបទ ពេទ្យ​ឆ្មប រថយន្ត​សង្គ្រោះ​បន្ទាន់ ម៉ូតូ​កង់​បី សាលារៀន គ្រូបង្រៀន​មាន​គ្រប់គ្រាន់ និង​បញ្ហា​ផ្សេងៗ​ទៀត​ជាដើម។

ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។ ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ការ​ចូល​រួម​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ជ្រើសរើស​មេដឹកនាំ​ដែល​ត្រូវ​នោះ ជា​រឿង​មួយ​សំខាន់​សម្រាប់​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​ផ្លាស់ប្ដូរ ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ មាន​ទី​ជម្រក​ស្នាក់​នៅ​សមរម្យ និង​មាន​ភាព​ថ្លៃថ្នូរ​នៅ​ក្នុង​សង្គម​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។