មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី៤ ខែមករា គណបក្សបានទទួលដីកាចំនួនពីរ ចុះថ្ងៃទី៣ ខែមករា កោះអញ្ជើញលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីសាកសួរអំពីដំណើររឿងពាក់ព័ន្ធនឹងការញុះញង់ឲ្យប្រព្រឹត្តនូវបទឧក្រិដ្ឋ និងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ទាក់ទងនឹងការកោះហៅពីតុលាការនេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សុំមិនទាន់ធ្វើការអត្ថាធិប្បាយទេ ដោយថារង់ចាំពិនិត្យមើលព័ត៌មាននេះឲ្យបានច្បាស់លាស់សិន។
ចំណែកមន្ត្រីរដ្ឋាភិបាលក៏មិនធ្វើការអត្ថាធិប្បាយដែរ ដោយអះអាងថា ទុកឲ្យសមត្ថកិច្ចជាអ្នកធ្វើកិច្ចការនេះ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកការប្រើប្រាស់ស្ថាប័នតុលាការជាមធ្យោបាយមួយដើម្បីគំរាមកំហែងបក្សប្រឆាំង និងភាគីពាក់ព័ន្ធដទៃទៀតឲ្យបញ្ចប់សកម្មភាពធ្វើបាតុកម្មស្ទើរគ្រប់ទីកន្លែងនោះ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ការចេញដីកាកោះហៅមេដឹកនាំបក្សប្រឆាំងក្នុងអំឡុងពេលនេះ ក៏មិនខុសពីពេលមុនៗដែរ។ ករណីនេះលោកថា ជាទម្លាប់របស់រដ្ឋាភិបាលទៅហើយ គឺនៅពេលដែលមានរឿងមួយកើតឡើងដោះស្រាយមិនចេញត្រូវបង្កើតបញ្ហាផ្សេងមួយទៀត ដើម្បីទប់ស្ថានការណ៍ដែលកំពុងតែអួអាប់ក្នុងសង្គម ឬដើម្បីលុបស្ថានការណ៍ចាស់និងគេចចេញពីការទទួលខុសត្រូវរបស់ខ្លួន។
លោក នី ចរិយា៖ «ខ្ញុំយល់ថា រឿងនេះគ្រាន់តែជាការបង្កើតបញ្ហាថ្មីមួយដើម្បីឲ្យបញ្ហាដែលស្លាប់ប៉ុន្មាននាក់កាលពីថ្ងៃមុននោះ ធ្វើឲ្យមនុស្សចាប់អារម្មណ៍មកលើបញ្ហាថ្មី ហើយឈប់ចាប់អារម្មណ៍ទៅលើបញ្ហាស្លាប់មនុស្សចំនួន ៥នាក់តែប៉ុណ្ណឹងទេ»។
វិទ្យុអាស៊ីសេរី ក៏ពុំទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញការកោះហៅនេះពីព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានទេ នៅថ្ងៃទី៤ ខែមករា។
មន្ត្រីសង្គមស៊ីវិលបានឲ្យដឹងថា ក្នុងអំឡុងពេលនេះ តុលាការបានត្រៀមចេញដីកាកោះហៅមន្រ្តីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលជាច្រើននាក់ទៀតដែលមានជាប់ពាក់ព័ន្ធនឹងសកម្មភាពដឹកនាំធ្វើបាតុកម្មកន្លងមក។
នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែមករា គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់វីរបាតុកររបស់ខ្លួនឲ្យរក្សាភាពស្ងៀមស្ងាត់ បន្ទាប់ពីកម្លាំងរដ្ឋាភិបាលបានបោសសម្អាតទីលានប្រជាធិបតេយ្យមិនឲ្យក្រុមបាតុករស្នាក់នៅបន្តធ្វើបាតុកម្មដូចសព្វដងនោះ។
ស្របពេលគ្នានេះដែរ គណបក្សសង្គ្រោះជាតិ បានប្រកាសពីជំហររបស់ខ្លួនថា ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏គណបក្សនៅតែរក្សាជំហរដូចដើមដដែល។ ហើយនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមករា នេះ គណបក្សសង្គ្រោះជាតិនឹងរៀបចំធ្វើពិធីបង្សុកូលនៅទីស្នាក់ការរបស់ខ្លួន នៅសង្កាត់ចាក់អង្រែក្រោម ដើម្បីគោរពវិញ្ញាណក្ខន្ធកម្មករដែលបានបាត់បង់ជីវិតដោយការបង្ក្រាបដោយហិង្សាពីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមករា នៅតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងព្រឹត្តិការណ៍នោះ បានបណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ របួសជាង ៣០នាក់ និងចាប់ខ្លួនបាតុករប្រមាណ ២០នាក់បញ្ជូនទៅតុលាការ។ ក្រៅពីនេះ ក៏មានការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលមួយចំនួនទៀតដែរ។ បច្ចុប្បន្នអ្នកទាំងនោះសង្ស័យថា ត្រូវគេបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ដើម្បីរង់ចាំការកាត់ក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
