អភិបាលរាជធានីភ្នំពេញ ថា លោកគ្មានកំហុសដែលត្រូវសុំទោសដោយសារការលុបគំនូរស្ត្រីកាន់ម្ជុលដេរប៉ាក់នៅលើជញ្ជាំងអគារប៊ូឌីង នោះទេ។ លោក ប៉ា សុជាតិវង្ស នៅតែអះអាងថា ចំណាត់ការរបស់សាលារាជធានីដើម្បីឲ្យសណ្ដាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ហៅការគូរគំនូរនោះថា ធ្វើឡើងដោយអាធិបតេយ្យ ដូច្នេះសាលាក្រុងលុបរូបចោលព្រោះគ្មានច្បាប់ទម្លាប់ និងគ្មានការអនុញ្ញាត។ ប្រតិកម្មតបរបស់លោក ប៉ា សុជាតិវង្ស នេះ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម និងសង្គមស៊ីវិល ដែលទាមទារឲ្យអភិបាលរាជធានីភ្នំពេញ សុំទោសចំពោះការលុបរូបនេះ។
ឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរី បន្ទាប់ពីសម្ពោធសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលស្ពានថ្ម ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ លោក ប៉ា សុជាតិវង្ស ថា លោកទទួលយករាល់ការរិះគន់ទាំងឡាយ ប៉ុន្តែអាជ្ញាធរត្រូវតែប្រកាន់ជំហរគ្រប់គ្រងការងាររបស់ខ្លួនឲ្យបានកាន់តែល្អ។ លោកអភិបាលបន្តអះអាងថា កន្លងមកមិនមែនមានតែអ្នករិះគន់នោះទេ តែក៏មានអ្នកសរសើរលើការលុបរូបនេះដែរ៖ «សព្វថ្ងៃមិនមែនមានតែរូបនារីហ្នឹងទេដែលនៅលើជញ្ជាំង នៅមានរូបច្រើនទៀតដែលជនអនាធិបតេយ្យដែលទៅគូរគ្រប់កន្លែង ដែលរូបទាំងនោះមិនបានសុំការអនុញ្ញាត។ ខ្ញុំដូចជាគ្មានទោសពៃរ៍អីជាមួយរឿងហ្នឹងអីទេ សង្គមស៊ីវិលគាត់យ៉ាងម៉េចជាសិទ្ធិរបស់គាត់ចុះ»។
សាលារាជធានីភ្នំពេញ បានលុបរូបស្ត្រីនៅលើជញ្ជាំងអគារប៊ូឌីង ផ្នែកខាងជើង កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ដោយចោទថា អ្នកគូររូបមិនបានសុំការអនុញ្ញាតជាមុន។ ប្រតិកម្មនេះបានកើតមានជាបន្តបន្ទាប់ ផ្ដើមដំបូងដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ស្ត្រីដែលជាម្ចាស់រូបនៅលើជញ្ជាំង ពលរដ្ឋទូទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងចុងក្រោយគឺអង្គការសង្គមស៊ីវិលធ្វើការលើការងារទាក់ទងនឹងស្ត្រី។ សមាគមធាងត្នោត រកឃើញថា អគារប៊ូឌីង ត្រូវបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៦២ សព្វថ្ងៃមានពលរដ្ឋជាង ៥០០គ្រួសារកំពុងរស់នៅ។
ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីទី២៥ ខែធ្នូ នាយកប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព លើកឡើងថា ការលុបរូបនេះ ធ្វើឲ្យប៉ះពាល់ដល់សង្គម និងកិត្តិយសស្ត្រីខ្មែរ។ អ្នកស្រីយល់ថា សាលារាជធានីភ្នំពេញ គួរលុបផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងរូបស្ត្រីស្លៀកពាក់ស៊ិចស៊ី នៅតាមក្លឹបកម្សាន្ត ទើបជាចំណាត់ការដែលធ្វើឲ្យទីក្រុងថ្លៃថ្នូរ៖ «ខ្ញុំស្ដាយណាស់បើខ្ញុំស្ដាយប៉ុណ្ណឹងមិនដឹងថា ម្ចាស់រូបនោះគាត់ស្ដាយយ៉ាងណាទេ ហើយរូបនេះបង្ហាញពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដ ដែលជាស្ត្រីខ្មែរម្នាក់បានដេរបណ្ដើរ និងគិតវែងឆ្ងាយ»។
លោក មេកហ្គ្រេហ្គឺ (MacGregor) ដែលជាអ្នកគូរគំនូរម្នាក់ក្នុងក្រុមអ្នកគូរជាជនជាតិបរទេសផ្សេងទៀត បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា លោកគូររូបស្ត្រីនេះ ដើម្បីឧទ្ទិសដល់សិល្បករកម្ពុជា ដែលត្រូវបានគេសម្លាប់ក្នុងសម័យខ្មែរក្រហម។ លោកបន្ថែមថា ក្រុមលោកសម្រេចគូររូបមនុស្សសាមញ្ញ ដែលមិនមែនជាតារាល្បីល្បាញ ដោយសារចង់តំណាងឲ្យមនុស្សភាគច្រើននៅកម្ពុជា។
គំនូរនេះត្រូវបានគូរនៅលើជញ្ជាំងអគារប៊ូឌីង កាលពីអំឡុងខែតុលា ដោយចំណាយពេលប្រមាណជា ៤យប់ ដោយវិចិត្រករប្រើឡានស្ទូចទើបអាចគូរបាន។
ដោយឡែកស្ត្រីដែលជាសាមីម្ចាស់រូបនៅលើជញ្ជាំងអគារប៊ូឌីង អ្នកស្រី មឿន ថារី ថាអ្នកស្រីចង់ឃើញមានការគូររូបនេះឡើងវិញ ប៉ុន្តែអ្នកស្រីគ្មានរំពឹងថា អាចកើតឡើងដូចក្ដីរំពឹងរបស់អ្នកស្រីនោះទេ៖ «គ្មានសង្ឃឹមទេ ព្រោះអ្នកគូររូបនោះចំណាយកម្លាំងចំណាយពេលវេលា ដើម្បីគូររូបឲ្យពលរដ្ឋខ្មែរ។ ដល់ពេលលុបរូបគាត់ចឹង ប្រហែលគាត់មិនមកគូរវិញទេ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សរសេរនៅទំព័រហ្វេកប៊ុក (Fecebook) ផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី១៨ ខែធ្នូ ថា "បើជ្រុលលុបរូបនៅលើជញ្ជាំងអគារប៊ូឌីង ដ៏កញ្ចាស់អ៊ីចឹងហើយ សុខចិត្តលាបពណ៌អគារប៊ូឌីង ដើម្បីឲ្យបានស្អាតទីក្រុង"។ សង្គមស៊ីវិលយល់ថា បន្ទាប់ពីមានការរិះគន់លើចំណាត់ការរបស់អាជ្ញាធរក្រុងភ្នំពេញ នៅពេលក្រោយៗទៀត ប្រសិនបើសាលាក្រុងសម្រេចចិត្តធ្វើអ្វីមួយ ពួកគេនឹងពិចារណា ឬមានការជជែកជាមួយអ្នកពាក់ព័ន្ធ និងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
