លិខិតពីសាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយនាយខុទ្ទកាល័យ លោក កើត ឆែ នៅថ្ងៃសុក្រ ទី២០ ធ្នូ បានបង្ហាញថា ការសម្ដែងមតិដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលកន្លងមកនោះមានប្រការមិនប្រក្រតីជាច្រើន ដែលចាំបាច់ត្រូវកែលំអជាបន្ទាន់។
ភាពមិនប្រក្រតីទាំងនោះរួមមាន បញ្ហាបរិស្ថាន អនាម័យនៅទីលានប្រជាធិបតេយ្យ និងសួនច្បារសាធារណៈ ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ ការសម្ដែងមតិ និងការប្រើពាក្យសម្ដីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថមួយប្រាសចាកពីព្រំដែននៃសិទ្ធិសម្ដែងមតិដែលមានចែងក្នុងច្បាប់។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំង លោក ហូរ វ៉ាន់ នៅថ្ងៃសុក្រ ទី២០ ធ្នូ មានប្រសាសន៍ថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ពុំបានធ្វើឲ្យប៉ះពាល់បរិស្ថានសណ្ដាប់ធ្នាប់សាធារណៈដូចអ្វីដែលមន្ត្រីសាលារាជធានីថ្លែងការណ៍នោះទេ។
លោកបន្តថា តែទោះយ៉ាងណា មន្ត្រីបក្សប្រឆាំង ៣រូប ក្នុងនោះមានរូបលោកផងជាតំណាងឲ្យប្រធាន និងអនុប្រធានគណបក្ស នឹងចូលជួបមន្ត្រីសាលារាជធានីភ្នំពេញតាមការកោះហៅនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
