សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បង្សុកូល​នៅ​ទីលាន​ប្រជាធិបតេយ្យ

សាលា​រាជធានី​ភ្នំពេញ ប្រកាស​នៅ​ថ្ងៃ​ទី​៣ មករា ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ដើម្បី​សម្ដែង​មតិ និង​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​អ្នក​បាត់​បង់​ជីវិត​គម្រប់​ខួប​១​ឆ្នាំ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​របស់​គណបក្ស​ប្រឆាំង គឺ​មាន​ចេតនា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​អ្នក​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ។ លោក​ថា ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ចរិត​ញុះញង់ និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្តិសុខ​សង្គម ក្នុង​ពេល​ដែល​កម្ពុជា កំពុង​តែ​មាន​ស្ថិរភាព​ល្អ​ហើយ​នោះ។

លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា «ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​ជា​ការ​ចំណេញ​នយោបាយ។ ដូច្នេះ​អាជ្ញាធរ​មិន​ចង់​ឲ្យ​ស្រមោល​អតីតកាល​កើត​មក​ជា​ថ្មី​ទៀត​នោះ​ទេ»

ទោះ​យ៉ាង​ណា លោក ឡុង ឌីម៉ង់ អះអាង​ថា សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង អាច​ប្រារព្ធ​ពិធី​នេះ​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​ក្នុង​វត្ត​ណា​មួយ ដែល​មាន​ការ​អនុញ្ញាត​ទីតាំង​ពី​ព្រះចៅ​អធិការ និង​គណៈកម្មការ​របស់​វត្ត​នោះ។

សាលា​រាជធានី​ភ្នំពេញ ព្រមាន​ថា ក្នុង​ករណី​មាន​ការ​ជួប​ជុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀបរយ​សាធារណៈ ព្រម​ទាំង​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​កើត​ឡើង​នោះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់។

ឆ្លើយ​តប​ចំពោះ​ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣ មករា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្ដែង​ការ​សោកស្ដាយ ហើយ​ចាត់​ទុក​ការ​រារាំង​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​នៅ​ទី​សាធារណៈ ដែល​ត្រូវ​បាន​ធានា​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ទោះ​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ពួក​គេ​នឹង​ផ្លាស់ប្ដូរ​ទីតាំង​សម្រាប់​ការ​ប្រារព្ធ​ធ្វើ​ពិធី​បង្សុកូល មក​ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។