ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បដិសេធមិនឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មអហិង្សា ៣យប់ ៣ថ្ងៃ នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញា ថា ក្រោយជួបពិភាក្សាជាមួយតំណាងគណបក្សសង្គ្រោះជាតិ សាលារាជធានីភ្នំពេញសម្រេចច្រានចោលសំណើសុំធ្វើមហាបាតុកម្មអហិង្សា ៣យប់ ៣ថ្ងៃ និងសុំធ្វើដំបូលតង់ជម្រកនៅទីលានប្រជាធិបតេយ្យ សម្រាប់ឲ្យក្រុមបាតុករស្នាក់នៅទីនោះនៅពេលយប់ចំនួន ៥ពាន់ និងឲ្យបាតុករចូលរួមចំនួន ២ម៉ឺននាក់ នៅពេលថ្ងៃ។
លោក ឡុង ឌីម៉ង់៖ «បាតុករហ្នឹងគាត់ស្នើសុំ ២ម៉ឺននាក់ ដែលសាលារាជធានីភ្នំពេញមិនអាចអនុញ្ញាតបានទេ ដោយសារយើងអាចអនុញ្ញាតបាន ២០០នាក់ អ៊ីចឹងយើងសុំគោលការណ៍ពីក្រសួងមហាផ្ទៃ សិន។ ប៉ុន្តែ ក្រៅពីហ្នឹង យើងឯកភាពគ្នាស្រុះស្រួលគ្នាច្រើន ដូចជាការមិនហែក្បួនយកញត្តិឲ្យកន្លែងណាផ្សេងៗ ការសហការគ្នាទៅលើការងារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍ជាដើម»។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ការធ្វើមហាបាតុកម្មដោយមានការបោះតង់ និងធ្វើជាប់ៗគ្នារហូត ៣ថ្ងៃ ៣យប់នោះ គឺផ្ទុយពីច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី។ លោកបន្តថា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ នឹងរៀបចំលិខិតមួយផ្សេងទៀតដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីសុំគោលការណ៍សម្រេចថា តើត្រូវអនុញ្ញាតឲ្យគណបក្សប្រឆាំងធ្វើមហាបាតុកម្ម ៣ថ្ងៃជាប់គ្នាឬក៏អត់?
អគ្គនាយករងរដ្ឋបាលរបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ចាត់ទុកការបដិសេធសំណើសុំធ្វើមហាបាតុកម្មអហិង្សារបស់សាលារាជធានីភ្នំពេញនៅពេលនេះ ថាជាការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ ដែលធានាដោយច្បាប់៖ «មិនអនុញ្ញាត ឬក៏មានចេតនាណាមួយ មានន័យថា គាត់មិនបានគោរពឆន្ទៈ ក៏ដូចជាអំណាចរបស់ពលរដ្ឋ»។
លោកធានាថា មហាបាតុកម្ម ៣ថ្ងៃ ៣យប់ ដែលគ្រោងធ្វើនាពេលខាងមុខនោះ គឺជាមហាបាតុកម្មដោយសន្តិវិធី និងគ្មានអំពើហិង្សា។ លោកបន្តថា អាជ្ញាធរមិនត្រូវភ័យខ្លាចពេកទេ ចំពោះបាតុកម្មអហិង្សានោះ ព្រោះក្រុមបាតុករបានយល់អំពីសិទ្ធិរបស់ខ្លួន និងមានវប្បធម៌មួយអហិង្សា ហើយចង់បញ្ចេញឆន្ទៈពិតប្រាកដ ដូច្នេះអាជ្ញាធរត្រូវគោរពឆន្ទៈរបស់ពលរដ្ឋ។
កាលពីថ្ងៃទី៧ ខែកញ្ញា គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាមួយ ដែលមានក្រុមបាតុករជាង ៣ម៉ឺននាក់ចូលរួម។ គណបក្សនេះបានប្រកាសធ្វើមហាបាតុកម្មជាលើកទី២ភ្លាមៗ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលបង្ហាញថា គណបក្សប្រឆាំងចាញ់ឆ្នោតគណបក្សកាន់អំណាច។ គណបក្សប្រជាជនកម្ពុជា បាន ៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិ បាន ៥៥អាសនៈ។ លទ្ធផលនេះ គឺដូចការប្រកាសដំបូងរបស់មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សព្វផ្សាយប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការបោះឆ្នោតរួច កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។
តាមគម្រោង គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មជាលើកទី២ ដោយអហិង្សា និងសន្តិភាព ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។ មហាបាតុកម្មនេះ នឹងមានការសម្ដែងមតិរបស់បាតុករ ការសម្ដែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ ព្រមទាំងការស្នាក់នៅពេលយប់នៅទីលានប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
