គណៈកម្មការរៀបចំបោះឆ្នោតរាជធានីភ្នំពេញ នឹងពិនិត្យលើសំណើរបស់សាលារាជធានីភ្នំពេញ ដែលប្ដឹងគណបក្សសង្គ្រោះជាតិ ក្រោយបោះឆ្នោតក្រុមប្រឹក្សារាជធានី ស្រុក និងខណ្ឌរួច។ ពាក់ព័ន្ធបញ្ហានេះ គណបក្សសង្គ្រោះជាតិ ចាត់ទុកថា ម្ចាស់បណ្ដឹង គឺលោក ឃួង ស្រេង ចេះតែស្រមើស្រមៃ និងញៀននឹងការប្ដឹងទាំងបំពានច្បាប់។
ប្រធានគណៈកម្មការរៀបចំបោះឆ្នោតរាជធានីភ្នំពេញ នឹងសើរើសំណុំរឿងរបស់សាលារាជធានីភ្នំពេញ ដែលប្ដឹងចោទប្រកាន់ប្រឆាំងគណបក្សសង្គ្រោះជាតិ ថាបានរំលោភបំពានច្បាប់ និងពុំមានការទទួលខុសត្រូវតាមស្មារតីនៃកិច្ចប្រជុំ ដូចការសន្យាស្ដីពីយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ស្រុក ខណ្ឌ នៅក្រោយការបោះឆ្នោតអសកលរួច។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ លោក លុន ឆេងកាយ ឲ្យដឹងនៅថ្ងៃទី១៧ ឧសភា ថា បណ្ដឹងទាក់ទងនឹងគណបក្សសង្គ្រោះជាតិ នេះ លោកនឹងសើរើក្រោយការបោះឆ្នោតចប់សព្វគ្រប់។ លោកបន្តថា ភាពយឺតយ៉ាវដែលមិនទាន់អាចឆ្លើយតបនៅពេលនេះ ពីព្រោះតែកំពុងរៀបចំការប្រព្រឹត្តទៅនៃការបោះឆ្នោតនៅឡើយ។
ទោះជាបែបណា លោកហាក់មានភាពអល់អែកក្នុងការចាត់វិធានការ ដោយអះអាងថា ការប្រើភាសាអនុវត្តតាមនីតិវិធីច្បាប់ ប្រឆាំងគណបក្សសង្គ្រោះជាតិ នៅពេលនេះ វាហាក់ដូចជាធ្ងន់ធ្ងរណាស់ពេកហើយ ជាពិសេស គឺវាពុំទាន់ដល់ពេលដែលត្រូវនិយាយថា ប្រើប្រាស់ប្រព័ន្ធច្បាប់នោះទៀតសោតនៅឡើយទៀតផង៖ «ខ្ញុំមិនទាន់បានឆ្លើយតបទេ ពីព្រោះជាប់រៀបចំការបោះឆ្នោតនេះ ទាល់ហើយការបោះឆ្នោតនេះ បានខ្ញុំចាំឆ្លើយតបរឿងហ្នឹង»។
លិខិតរបស់សាលារាជធានីភ្នំពេញនេះ ធ្វើឡើងដំណាលគ្នានឹងក្បួនយុទ្ធនាការឃោសនាថ្ងៃបង្ហើយនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ កាលពីថ្ងៃទី១៦ ឧសភា។
លិខិតចុះថ្ងៃទី១៦ ឧសភា របស់ លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ ចាត់ទុកថា គណបក្សសង្គ្រោះជាតិ បានក្បត់កិច្ចសន្យារបស់ខ្លួនជាមួយសាលារាជធានីភ្នំពេញ ដែលបានព្រមព្រៀងគ្នារួចហើយក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៦ ឧសភា កន្លងមកនេះ។ ហេតុផលដែល លោក ឃួង ស្រេង យល់ឃើញថា គណបក្សសង្គ្រោះជាតិ មិនបានអនុវត្តតាមស្មារតីនៃកិច្ចប្រជុំនោះ គឺទីមួយ បើកយុទ្ធនាការក្នុងថ្ងៃបញ្ចប់ខុសពីតម្រាយផ្លូវ និងទីពីរ បិទផ្លូវសាធារណៈ និងលើកបារ៉ាស់របស់សមត្ថកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍។ ហេតុនេះ លោកជំរុញឲ្យគណៈកម្មការរៀបចំបោះឆ្នោតរាជធានីភ្នំពេញ គប្បីចាត់វិធានការដោយម៉ឺងម៉ាត់ ចំពោះទង្វើមិនគោរពច្បាប់ និងចាត់ទុកថា គ្មានការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ នេះ។
ឆ្លើយតបបញ្ហានេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា ក្បួនយុទ្ធនាការឃោសនាបោះឆ្នោតអសកលរបស់គណបក្សសង្គ្រោះជាតិ ពុំមានត្រង់ណាដែលថា ល្មើសច្បាប់ទេ ហើយរឹតតែមិនខុសច្បាប់ទៅទៀតនោះ គឺផ្លូវជារបស់សាធារណៈ។ ហេតុនេះពុំមានខុសទាស់អ្វី ដែលចាត់ទុកថាផ្ទុយនឹងគោលការណ៍ច្បាប់ឡើយ។ លើសពីនេះទៀត ចាត់ទុកថា ផ្ទុយទៅវិញ អ្វីដែលរឹតតែខុសច្បាប់ ហើយអាជ្ញាធររដ្ឋកំពុងបំពាននោះ គឺរដ្ឋាភិបាលយកកម្លាំងសមត្ថកិច្ចហ៊ុមព័ទ្ធទីលានប្រជាធិបតេយ្យ ដែលជាទីតាំងសម្រាប់ការជួបជុំរបស់ពលរដ្ឋទៅវិញ៖ «ខ្ញុំអត់ឃើញចំណុចកន្លែងណាដែលគណបក្សសង្គ្រោះជាតិ បំពានច្បាប់ទេ ផ្ទុយទៅវិញ អ្នកដែលចេញសេចក្ដីប្រកាសហ្នឹងទេ ដែលបំពានច្បាប់ទៅវិញនោះ»។
លោក ហង្ស ពុទ្ធា នាយកអង្គការនិកហ្វិច (Nicfec) ថ្លែងថា ផ្អែកតាមគោលការណ៍ច្បាប់ស្ដីពីការបោះឆ្នោត អ្វីដែលគណបក្សនយោបាយធ្វើនេះ គឺមិនខុសនឹងនីតិវិធីច្បាប់ទេ ក៏ប៉ុន្តែ ការដែលអនុវត្តផ្ទុយនោះ គឺខាងអាជ្ញាធរទៅវិញទេដែលព្យាយាមទាញហេតុផលដែលពុំមានចែងក្នុងក្របខ័ណ្ឌច្បាប់ ដូចជា ប្រើប្រាស់ផ្លូវសាធារណៈ ហើយយកបម្រាមដែលចេញដោយអាជ្ញាធររដ្ឋ រួចចោទប្រកាន់ប្រឆាំងគណបក្សនយោបាយផ្សេងវិញនោះ៖ «ការចោទថាគណបក្សសង្គ្រោះជាតិ ខុសច្បាប់នេះ គឺការខុសច្បាប់នេះផ្ដើមចេញពីអាជ្ញាធរបិទផ្លូវ ព្យាយាមទប់ស្កាត់មិនឲ្យមានសកម្មភាពដង្ហែ ឬក៏ឃោសនារបស់គណបក្សនយោបាយទៅវិញទេ»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ស្រុក ខណ្ឌ អាណត្តិទីពីរនេះ គេសង្កេតឃើញគណបក្សសង្គ្រោះជាតិ បើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ បើទោះជាបោះឆ្នោតអសកលក្ដីនោះ បើប្រៀបធៀបគណបក្សនយោបាយ ៤ផ្សេងទៀត ចាប់ពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបិទបញ្ចប់កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
