ខួប​៦​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

0:00 / 0:00

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ក៏ប៉ុន្តែ​រយៈពេល ៦​ឆ្នាំ​មក​នេះ កម្ពុជា​មិន​មាន​ឱកាស​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​តំបន់​ជុំវិញ​ប្រាសាទ និង​អភិរក្ស​សម្បត្តិ​របស់​មនុស្ស​ជាតិ​មួយ​នេះ​បាន​ពេញ​ដៃ​ពេញ​ជើង​នោះ​ទេ។ ឧបសគ្គ​ចម្បង​របស់​កម្ពុជា គឺ​ជា​វត្តមាន​កងទ័ព​ថៃ ដែល​ចូល​មក​ឈ្លានពាន​តំបន់​ប្រាសាទ​ព្រះវិហារ បើ​ទោះ​បី​ជា​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​សម្រេច​បក​ស្រាយ​សាលក្រម​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ជា​លើក​ទី​២ ទៅ​ហើយ​ក្តី។

អស់​រយៈពេល​ជាង ៧​ខែ​ទៅ​ហើយ​ដែល​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ សម្រេច​បកស្រាយ​សាលក្រម​ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ជា​ថ្មី តាម​បណ្ដឹង​របស់​ភាគី​កម្ពុជា ដែល​ប្ដឹង​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម​តាំង​ពី​ឆ្នាំ​១៩៦២។ សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បញ្ជាក់​ថា តុលាការ​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ហើយ​បង្គាប់​ឲ្យ​ថៃ ដក​ចេញ​នូវ​ឆ្មាំ​យាម​ប្រាសាទ និង​កង​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ទាំង​អស់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​និង​ថៃ​មិន​ទាន់​បាន​ជជែក​គ្នា​ទាល់តែសោះ​ពី​បញ្ហា​ដកទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ។

រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស​ថៃ លោក សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeon) ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា​ថា ភាគី​ថៃ​មិន​ទាន់​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ពិចារណា​ដោះស្រាយ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នេះ​ទេ ដោយសារ​តែ​ជាប់​ដៃ​នឹង​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន ហើយ​ថៃ​សន្យា​ថា នឹង​អនុវត្ត​តាម​សេចក្ដី​បង្គាប់​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ។

ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង វិញ​ប្រាប់​ថា ភាគី​កម្ពុជា​និង​ថៃ បាន​ព្រមព្រៀង​គ្នា​តាំង​ពី​មុន​ពេល​​ដែល​តុលាការ​អន្តរជាតិ​ប្រកាស​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា មក​ម្ល៉េះ ថា​ភាគី​ទាំង​ពីរ​នឹង​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ហើយ​ការ​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​នេះ ដោយសារ​តែ​កម្ពុជា យោគយល់​ចំពោះ​ភាគី​ថៃ ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ប៉ុន្តែ​កម្ពុជា​មិន​អាច​រង់ចាំ​រហូត​បាន​ឡើយ។

​ទោះជា​បែប​ណា​ក្ដី អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ថា កម្ពុជា​មិន​គួរ​ណា​ពន្យារ​ពេល​យូរ​ពេក​ក្នុង​ការ​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ នេះ​ទេ។ លោក​បន្ត​ថា ភាគី​ថៃ តែង​ប្រើ​ពុតត្បុត​ដើម្បី​ទន្ទ្រាន​យក​ទឹកដី​កម្ពុជា ឯ​កម្ពុជា​វិញ​ដោះស្រាយ​បញ្ហា​ដោយ​ដើរ​តាម​ភាគី​ថៃ ប៉ុណ្ណោះ ហើយ​អ្នកស្រី យីងឡាក់ និង​កម្ពុជា ព្រមព្រៀងគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ មិន​មែន​ព្រមព្រៀងគ្នា​ពន្យារ​ពេល​​ដោះស្រាយ​នោះ​ទេ។

លោក​បន្ថែម​ថា កម្ពុជា​ត្រូវតែ​អនុវត្ត​នយោបាយ​ការពារ​ជាតិ​ប្រកប​ដោយ​ភាព​ក្លាហាន មិន​ត្រូវ​ទន់ភ្លន់​ពេក​ទេ៖ «យើង​មិន​អាច​ទន់ភ្លន់​រឿង​អធិបតេយ្យភាព​ទេ យើង​គិត​មើល​យើង​ចក្រភព​មក​នៅ​តូច​ប៉ុណ្ណោះ។ យើង​ត្រូវតែ​ប៉ះ​ដៃ​យកដៃ​ប៉ះ​ជើង​យក​ជើង យើង​មិន​ត្រូវ​ឲ្យ​ប្រទេស​ជិត​ខាង​ហ្នឹង​ឈ្លាន​ពាន​យើង​ត​ទៅ​ទៀត​ទេ។ រឿង​ទំនាក់ទំនង​អន្តរជាតិ យើង​នៅតែ​ជា​សមាគម​អាស៊ាន យើង​មិនមែន​ឈ្លានពាន​គេ​ទេ​តែ​យើង​គោរព​ច្បាប់​​អន្តរជាតិ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​បន្ត​ដំណើរ​អនុវត្ត​ការងារ​ផ្នែក​អភិរក្ស និង​អភិវឌ្ឍន៍​នៅ​តំបន់​ប្រសាទ​ព្រះវិហារ ប៉ុន្តែ​ចំពោះ​ទីតាំង​ដែល​កងទ័ព​ថៃ ឈរ​ជើង​នោះ​ចាំបាច់​ត្រូវ​បាន​ការ​ដោះស្រាយ​រវាង​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ជា​មុន​សិន។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​អនុវត្ត​គ្រប់​មធ្យោបាយ ទាំង​រឹង​និង​ទន់​ដើម្បី​បុព្វហេតុ​ជាតិ​មិន​ដែល​ធ្វេសប្រហែស​ឡើយ៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង​យើង​ទុក​ឲ្យ​គណៈកម្មការ​ព្រំដែន ទាំង​កម្ពុជា​និង​ថៃ ទាំង​ខណ្ឌ​សីមា​ទាំង​បង្គោល​ព្រំដែន»

មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​ត្រឹមតែ​មិន​ទាន់​បាន​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ នោះ​ទេ នៅ​ឆ្នាំ​នេះ ពិធី​រំលឹក​ខួប​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​វិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ស្ងាត់​ជាង​ឆ្នាំ​មុនៗ​ឆ្ងាយ​ណាស់។ ឆ្នាំមុន អាជ្ញាធរ​បាន​រៀបចំ​កម្មវិធី​រំលឹក​អបអរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​មាន​ភាព​ហ៊ឹកហ៊ាក់ ហ៊ឺហា ចង​បដា​ព្រោងព្រាត។ ដោយឡែក​ឆ្នាំនេះ ទាំង​ទូរទស្សន៍​ឯកជន និង​ទូរទស្សន៍​ជាតិ មិន​មាន​កម្មវិធី​អបអរ​ដូច​រាល់​ឆ្នាំ​ទេ នៅ​តាម​ផ្លូវ​ក៏​មិន​ឃើញ​បដា​អបអរ​ដូច​រាល់​ដង​ដែរ។

ក៏​ប៉ុន្តែ​នៅ​ខេត្ត​ព្រះវិហារ ឯ​ណោះ​វិញ មាន​ពិធី​ជួបជុំ​គ្នា​មួយ​អបអរ​ខួប ៦​ឆ្នាំ​នេះ ដោយ​មាន​មនុស្ស​ជាង ១.៥០០​នាក់​ចូល​រួម។ ប្រធាន​អាជ្ញាធរ​ព្រះវិហារ លោក​សាស្ត្រាចារ្យ ជុច ភឿន ឲ្យ​ដឹង​ថា ការ​ជួបជុំ​ឆ្នាំ​នេះ​មាន​ទ្រង់ទ្រាយ​មិន​ធំ​ដុំ​ប៉ុន្មាន​មែន តែ​ជា​ការ​ផ្ញើ​សារ​សំខាន់​មួយ​អោយ​មនុស្ស​ជាតិ​លើ​សកលលោក​ជួយ​ថែ​រក្សា​ប្រសាទ​ព្រះវិហារ។

លោក​បន្ត​ថា លោក​ទទួល​អនុវត្ត​តែ​ការ​ថែរក្សា​អភិរក្ស​ប្រាសាទ និង​អភិវឌ្ឍន៍​នៅ​តំបន់​ក្បែរ​ប្រាសាទ​ប៉ុណ្ណោះ តែ​ចំពោះ​បញ្ហា​ទាក់ទង​នឹង​ព្រំដែន​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៖ «យើង​ប្រជារាស្ត្រ​ខ្លួន​ឯង​ហ្នឹង​ដឹង​ថា ប្រសាទ​ហ្នឹង​ស្ថិត​នៅ​កន្លែង​ណា​មិន​មាន​ប្រជាជន​ថៃ ឬ​ប្រទេស​ថៃ ធ្វើ​អី​ឲ្យ​យើង​លំបាក​ទេ បើ​មាន​រឿង​កងទ័ព​គេ​ដោះស្រាយ​គ្នា​គេ​ទៅ ហើយ​បើ​ប្រជាជន​ថៃ ចង់​ឆ្លង​ចូល​ព្រះវិហារ ត្រូវ​ឆ្លង​កាត់​ផ្លូវ​ផ្សេង​ទៅ មិន​អោយ​ឆ្លង​ដូច​មុន​ទេ»

​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​កាត់​ក្ដី​ឲ្យ​កម្ពុជា ឈ្នះ​ថៃ​ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។ បន្ទាប់​ពី​បាន​ចាញ់​ក្ដី​កម្ពុជា ថៃ​ក៏​បាន​លួច​បោះ​ពុម្ព​ផែនទី​ថ្មី​មួយ ដើម្បី​ជា​ទុន​ក្នុង​ការ​លើកទ័ព​មក​ទន្ទ្រាន​ប្រសាទ​ព្រះវិហារ​ជាថ្មី​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ គឺ​មួយ​អាទិត្យ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ កងទ័ព​កម្ពុជា និង​ថៃ បើ​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើនដង​ច្រើន​សា​បណ្ដាល​ឲ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ និង​នាំ​អោយ​តួ​ប្រសាទ​ខូចខាត​ជា​ដំណំ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។