សម្ដេច​ក្រុមព្រះ​ដាក់​លិខិត​សុំ​​បង្កើត​​គណបក្ស​ផ្លូវការ

គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ បាន​យក​លិខិត​ស្នើ​សុំ​បង្កើត​គណបក្ស​ទៅ​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា។

នាយក​ខុទ្ទកាល័យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ គឺ​លោក អានន្ត ដាយ៉ាត ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា លិខិត​ដែល​ដាក់​ទៅ​នោះ ក្រសួង​មហាផ្ទៃ បាន​ទទួល​យក​ដោយ​មិន​មាន​បញ្ហា​អ្វី​ទេ ដែល​ក្នុង​លិខិត​ស្នើសុំ​នោះ ក៏​មាន​ដាក់​បញ្ចូល​សមាសភាព​គណៈកម្មការ​បណ្ដោះអាសន្ន​ចំនួន ៧​រូប​ផង។

លោក អានន្ត ដាយ៉ាត៖ «គណៈកម្មការ ៧​រូប​ហ្នឹង គឺ​គណៈកម្មការ​ដែល​ច្បាប់​តម្រូវ​ឱ្យ​យើង​បង្កើត​នូវ​គណៈកម្មការ​បណ្ដោះអាសន្ន ក្នុង​គោល​បំណង​រៀបចំ​លក្ខន្តិកៈ បទ​បញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​ក្នុង​ការ​ត្រៀម​ដាក់​សំណើ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​ជា​មួយ​ក្រសួង​មហាផ្ទៃ»

លោក អានន្ត ដាយ៉ាត មាន​ប្រសាសន៍​ថា គណបក្ស​នៅ​មិន​ទាន់​មាន​ផែនការ​បង្កើត​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ចម្លើយ​ពី​ក្រសួង​មហាផ្ទៃ​សិន។ លោក​បន្ត​ថា ក្រសួងមហាផ្ទៃ​មិន​បាន​ដាក់​កាលបរិច្ឆេទ​សម្រាប់​ឆ្លើយតប​ទេ ក៏​ប៉ុន្តែ​តាម​ច្បាប់ គឺ​ក្រសួង​មហាផ្ទៃ ត្រូវ​ឆ្លើយតប​វិញ ក្នុង​រយៈ​ពេល ១៥​ថ្ងៃ បើ​មិន​មាន​ចម្លើយ​ទេ គឺ​ចាត់​ទុក​ជា​បានការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។