សម្ដេច​ក្រុម​ព្រះ​រិះគន់​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា​ប្រើ​វប្បធម៌​សន្ទនា​បោកប្រាស់​ពលរដ្ឋ

0:00 / 0:00

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​រិះគន់​សាជាថ្មី​ទៅ​កាន់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ចូលរួម​បង្កើត និង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ការ​រិះគន់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន ២​ពាន់​នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដើម្បី​បង្ហាញ​គោល​នយោបាយ​នៃ​ចលនា​យុវជន​រាជា​និយម​កម្ពុជា។

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​រិះគន់​ថា វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឡើង​ដោយ​មិន​មាន​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ និង​មិន​ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ​នោះ​ទេ។

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ក្នុង​ពិធី​សំណេះសំណាល សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​ថ្លែង​រិះគន់​ចំៗ​ទៅ​កាន់ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​វប្បធម៌​សន្ទនា​មាន​ចរិត​នយោបាយ បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «ខ្ញុំ​ព្រះករុណា​ខ្ញុំ សូម​ផ្តាំ​ទៅ​កាន់ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ខ្ញុំ​ព្រះករុណា​ធ្លាប់​ស្រោចស្រង់​ជីវិត ហើយ​ប្រសិន​ជា​ប្រុង​ធ្វើ​វប្បធម៌​សន្ទនា​ដដែល សូម​ផ្ដាំ​ថា សូម​កុំ​នាំ​យក​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ស្លាប់​ជំនួស និង​វេទនា​ជំនួស សូម​គិត​ពី​ប្រយោជន៍​រាស្ត្រ​យក​ជាតិ​ជា​ធំ»

ឆ្លើយ​តប​នឹង​ការ​រិះគន់​ចំពោះ​វប្បធម៌​សន្ទនា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍ និង​មិន​ខ្វល់​ចំពោះ​ការ​រិះគន់​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​ចរិត​របស់​អ្នក​នយោបាយ​ប៉ុណ្ណោះ ហើយ​វា​ជា​ទម្លាប់​របស់​សម្ដេច​ក្រុម​ព្រះ​ទៅ​ហើយ។ លោក​បន្ត​ថា រាល់​ការ​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​វប្បធម៌​សន្ទនា ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាស់លាស់៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទាំងអស់​រាល់​សម្ដី​របស់​សម្ដេច​ក្រុម​ព្រះ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​អ្វី​ក៏ដោយ​មាន​គោល​ជំហរ​របស់​ខ្លួន មាន​ការ​ពិចារណា​ត្រឹមត្រូវ ពិសេស​វប្បធម៌​សន្ទនា គឺ​យើង​ចេះ​គិតគូរ​ហើយ»

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា ក្នុង​នាម​សម្ដេច​ក្រុម​ព្រះ​ជា​អ្នក​ដឹក​នាំ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ លោក​គួរ​តែ​ទទួល​ស្គាល់​ពី​ចំណុច​ខ្សោយ និង​ការ​បរាជ័យ​របស់​ខ្លួន​ដែល​ធ្វើ​ជា​អ្នក​នយោបាយ។ លោក​បន្ត​ថា វប្បធម៌​សន្ទនា​របស់​បក្ស​ទាំង​ពីរ​នៅ​ពេល​នេះ ជា​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ និង​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ ព្រម​ទាំង​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា៖ «ខ្ញុំ​គិត​ថា សម្ដេច​ក្រុម​ព្រះ​គួរ​តែ​គិត​ឡើង​វិញ សម្ដេច​ក្រុម​ព្រះ​ត្រូវ​ចេះ​ធ្វើ​នយោបាយ កុំ​គ្រាន់​ចេះ​តែ​ទិតៀន​អ្នក​ដទៃ គួរ​តែ​ចេះ​ទទួល​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន។ ម្យ៉ាង​ទៀត​គួរ​តែ​រក​យុទ្ធសាស្ត្រ​អី ដើម្បី​បម្រើ​ប្រយោជន៍​បក្ស​របស់​ខ្លួន​ទៅ»

ក្រៅ​ពី​ការ​រិះគន់​ចំពោះ​វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ក៏​ដាស់តឿន​ទៅ​កាន់​អ្នក​រាជា​និយម កុំ​ឲ្យ​ភ្លេច​ជ័យជម្នះ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ឆ្នាំ​១៩៩៣ ដែល​ជា​អ្នក​ជាតិ​និយម យក​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ។ លើស​ពី​នេះ សម្ដេច​ក្រុម​ព្រះ​ប្រកាស​ថា នឹង​ឈរ​ឈ្មោះ​ជា​អ្នក​នយោបាយ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។