ការសម្រេចព្រះទ័យធ្វើកូដកម្មដោយអត់សោយអាហាររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នាពេលនេះ ទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន ដែលធ្វើការឃ្លាំមើលការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រកាសបូជាព្រះជន្ម ដើម្បីទាមទារឲ្យមានយុត្តិធម៌ក្នុងសង្គម សម្រាប់បុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋតាមរយៈសកម្មភាពអហិង្សា។
នៅថ្ងៃសុក្រ ទី២០ កញ្ញា ព្រះអង្គម្ចាស់បានចាប់ផ្ដើមធ្វើកូដកម្មបង្អត់អាហារ ហើយការធ្វើបែបនេះ លោកជឿថា ជាមធ្យោបាយមួយដែលសង្ឃឹមថា អាចនឹងទាមទាររកយុត្តិធម៌ក្នុងសង្គមបាន។ ជាងនេះទៅទៀត គឺដើម្បីប្រឆាំងនឹងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកព្រះមហាក្សត្រមកលេងសើច ឬទាញឲ្យចូលក្នុងចង្កោមស្ថាប័នតែមួយ ដូចជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាដើម ដែលសុទ្ធសឹងតែជាតួអង្គចូលរួមលេងឆាកកំប្លែងកំដរឆាកនយោបាយ បម្រើឲ្យគណបក្សប្រជាជនកម្ពុជា។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីសុំប្រតិកម្មជុំវិញបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នោះទេ នៅល្ងាចថ្ងៃសុក្រ ទី២០ កញ្ញា។
ការសម្រេចព្រះទ័យធ្វើកូដកម្មដោយអត់សោយអាហាររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នាពេលនេះ មានការគាំទ្រពីប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន ដែលធ្វើការឃ្លាំមើលការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមប្រជាពលរដ្ឋថា នេះជាការបង្ហាញពីឆន្ទៈពិត ទាំងកម្លាំងចិត្ត កម្លាំងកាយ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយនេះក៏ជាគំរូល្អមួយសម្រាប់បង្ហាញទៅដល់អ្នកស្នេហាជាតិដទៃទៀតដែរ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលខេត្តព្រះសីហនុ និងជាអតីតព្រះរាជលេខាផ្ទាល់របស់ សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គធ្លាប់ធ្វើកូដកម្មដោយបង្អត់អាហារបែបនេះម្តងរួចមកហើយ កាលពីខែកក្កដា ឆ្នាំ១៩៧៩ ដែលមានរយៈពេល ១១ថ្ងៃ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទាមទារកុំឲ្យថៃ ជំរុញជនភៀសខ្លួនខ្មែរដែលចូលទៅប្រទេសថៃ ឲ្យត្រឡប់មកប្រទេសខ្មែរវិញ នៅពេលប្រទេសនេះកំពុងមានសង្គ្រាម។
ដំបូង ព្រះអង្គគ្រោងធ្វើកូដកម្មនេះនៅមុខព្រះបរមរាជវាំង ប៉ុន្តែក្រោយមក ត្រូវផ្លាស់មកធ្វើនៅវត្តភ្នំវិញ ដោយសារនៅមុខវាំង សមត្ថកិច្ចកំពុងពង្រឹងសន្តិសុខខ្លាំង ដោយដាក់របាំងដែកជាច្រើនជាន់ ធ្វើឲ្យមហាជនទាំងឡាយពិបាកចេញចូល និងប្រាស្រ័យទាក់ទងជាមួយព្រះអង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
