ប៉ុន្តែ បើទោះជាមានភាពភ័យខ្លាច ក៏នៅតែមានមនុស្សជាច្រើនម៉ឺននាក់ គឺមានទាំងចាស់ក្មេងមកពីគ្រប់ស្រទាប់ រួមទាំងជនពិការផង បានចូលរួមមហាបាតុកម្ម។ ក្នុងចំណោមអ្នកទាំងនោះ មានគ្រួសារមួយដែលមានកូនស្រីតូចម្នាក់ផង បានចូលរួមជាមួយគណបក្សប្រឆាំងដែរ។
តើគ្រួសារនេះមិនភ័យខ្លាចពីភាពវឹកវរ ឬអំពើហិង្សាក្នុងពេលបាតុកម្មទេឬយ៉ាងណា?
ទាំងពីរនាក់ប្ដី និងប្រពន្ធ បានប្ដូរវេនគ្នាបីកូនតូចរបស់ខ្លួនដែលទើបបានអាយុមួយខួប នៅកៀកនឹងហ្វូងបាតុករ ដែលចូលរួមមហាបាតុកម្មនៅព្រឹកថ្ងៃទី៧ ខែកញ្ញា។ យូរៗម្ដង នាងជាម្ដាយបានបំបៅទឹកដោះដល់កូនស្រីតូចរបស់ខ្លួន នៅពេលដែលបាតុករដទៃទៀតបានស្រែកហ៊ោអឺងកងបន្ទរតាមមេដឹកនាំគណបក្សប្រឆាំង ស្រែកទាមទារយុត្តិធម៌ក្នុងការបោះឆ្នោត។
ក្នុងវ័យជាង ៣០ឆ្នាំ បុរសជាប្ដី គឺលោក ដុំ រិទ្ធី មានប្រសាសន៍ថា លោកសម្រេចនាំគ្រួសារលោកមកចូលរួមមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ក្នុងបំណងសំខាន់ គឺចង់អោយមានយុត្តិធម៌ក្នុងសង្គម។ លោកបន្តថា គ្រួសារលោក គឺស្ថិតក្នុងចំណោមពលរដ្ឋក្រីក្រជាច្រើនដទៃទៀត ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ និងចង់បានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។
គ្រួសារមួយនេះ គឺជាអ្នកមកពីស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ បញ្ហាចម្បងរបស់គ្រួសារនេះ គឺភាពក្រីក្រដែលបានបន្តតាំងពីឪពុកម្ដាយរហូតដល់ជំនាន់ពួកគាត់។ នៅពេលនេះ ពួកគាត់ភ័យបារម្ភថា ជីវភាពគ្រួសារអាចនឹងកាន់តែដុនដាប ដែលនឹងធ្វើអោយអនាគតកូនៗប្រាកដជាគេចមិនផុតពីភាពក្រីក្រទៀតឡើយ។
បុរសជាប្ដី បន្តទៀតថា ការចូលរួមមហាបាតុកម្មនៅពេលនេះ គឺជាឱកាសដែលលោក ក៏ដូចជាពលរដ្ឋដទៃទៀតបានប្រាប់ពីតម្រូវការពិតប្រាកដ ដែលពួកគាត់ជាអ្នកក្រីក្រចង់បាន។ លោក ដុំ រិទ្ធី យល់ថា សុខចិត្តលះបង់មួយពេលនេះ អាចនឹងមានសង្ឃឹមថា អនាគតបានគ្រាន់បើជាងនេះ។
បច្ចុប្បន្ននេះ គ្រួសារនេះពឹងផ្អែកទាំងស្រុងលើប្រាក់ចំណូលដែលបានពីមុខរបររត់ម៉ូតូឌុបរបស់បុរសជាប្ដី ដ្បិតពួកគេពុំមានដីធ្លីសម្រាប់ធ្វើស្រែចម្ការឡើយ។ ចំណែកស្ត្រីជាប្រពន្ធ ធ្លាប់បម្រើការនៅរោងចក្រកាត់ដេរដែរ ប៉ុន្តែបានឈប់វិញនៅពេលដែលត្រូវការពេលវេលាថែទាំកូនតូច។
ស្ត្រីជាប្រពន្ធឈ្មោះ ជា សាម៉ៃ មានប្រសាសន៍ថា នាងចង់អោយកូនស្រីតូចដែលនាងនាំមកចូលរួមបាតុកម្មដែរនេះ នឹងមានឱកាសរៀនសូត្រចេះដឹងគ្រាន់បើជាងឪពុកម្ដាយ។
គ្រួសារនេះរំលឹកថា បុរសជាប្ដីមិនបានបញ្ចប់មធ្យមសិក្សាទេ ចំណែកប្រពន្ធវិញ គឺពុំបានបញ្ចប់បឋមសិក្សាឡើយ ដោយសារជីវភាពគ្រួសារតម្រូវអោយឈប់រៀន។ លោក ដុំ រិទ្ធី បានចូលបម្រើយោធានៅក្រោយពេលឈប់រៀន។ លោកត្រូវបញ្ជូនទៅធ្វើការនៅបន្ទាយទាហានមួយក្នុងខេត្តកំពង់ស្ពឺ។
ភាពជូរចត់ក្នុងជីវិតបានជំរុញអោយគ្រួសារនេះធុញទ្រាន់នឹងបរិយាកាសនៃសង្គមរស់នៅបច្ចុប្បន្ន និងសម្រេចចិត្តចូលរួមជាមួយសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ។
គោលនយោបាយរបស់គណបក្សប្រឆាំងមួយនេះ ក៏ជាចំណែកសំខាន់ដែលទាក់ទាញការចូលរួមរបស់ពួកគាត់។
អ្នកស្រី ជា សាម៉ៃ អោយដឹងទៀតថា អ្នកស្រីគាំទ្រចំពោះបាតុកម្មអហិង្សានៅពេលនេះ។ ប៉ុន្តែ ក៏ត្រៀមជាស្រេចដែរក្នុងការចូលរួមមហាបាតុកម្មនៅក្នុងរូបភាពផ្សេងទៀត ដូចជាការហែក្បួនតវ៉ាជាដើម។
គ្រួសារអ្នកស្មោះស្ម័គ្រនឹងគណបក្សសង្គ្រោះជាតិ មួយនេះ បញ្ជាក់ថា ពួកគេក៏មានការភ័យខ្លាចចំពោះការបង្ក្រាប ឬអំពើហិង្សាក្នុងពេលធ្វើបាតុកម្មដែរ ប៉ុន្តែបានលើកទឹកចិត្តខ្លួនឯងថា បើមិនតស៊ូក្នុងពេលនេះ គឺនឹងមិនរំពឹងទេថាជីវភាពបានផ្លាស់ប្ដូរ។
ពិតមែនថាបានរក្សាជំហរទាមទារអោយមានការផ្លាស់ប្ដូរជាមួយគណបក្សប្រឆាំង ក៏គ្រួសារហាក់មានសង្ឃឹមតិចតួចប៉ុណ្ណោះចំពោះជោគជ័យនៃការតវ៉ារបស់ខ្លួន នៅពេលដែលបានឃើញថា គណបក្សកាន់អំណាចបន្តនៅស្ងៀមស្ងាត់ មិនអើពើនឹងសំណើរបស់ម្ចាស់ឆ្នោត។
ជាមេគ្រួសារម្នាក់ លោក ដុំ រិទ្ធី បានស្នើអោយរដ្ឋាភិបាលអាណត្តិថ្មី គិតគូរដល់ពលរដ្ឋក្រីក្រអោយបានច្រើនជាងអាណត្តិកន្លងទៅ។
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃ៧ ខែកញ្ញា គឺមានពលរដ្ឋជាង ៣ម៉ឺននាក់ចូលរួម។ ពួកគេបានមកពីគ្រប់ទិសទី ក្នុងគោលបំណងទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោត ដែលពួកគេធ្លាប់គិតថា គឺគណបក្សសង្គ្រោះជាតិ ដែលពួកគេបានបោះឆ្នោតអោយនោះ គឺជាគណបក្សដែលឈ្នះឆ្នោត។ ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតមែននោះ គឺពួកគេនឹងមានជីវភាពគ្រាន់បើតាមរយៈការអនុវត្តគោលនយោបាយទាំង ៧ចំណុច ដែលគណបក្សនេះបានប្រកាសក្នុងពេលយុទ្ធនាការឃោសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
