លោក ចម ប្រសិទ្ធ មកពីគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងក្រសួងពាណិជ្ជកម្មរយៈពេលជាង ២០ឆ្នាំ។ ស្ថាប័នសង្គមស៊ីវិលបានរិះគន់ថា សាច់ញាតិរបស់លោក ចម ប្រសិទ្ធ ដែលរាប់តាំងពីប្រពន្ធ កូនបង្កើត និងកូនប្រសា បានទទួលតំណែងសំខាន់ៗ ដូចជា ប្រធានរដ្ឋបាល និងប្រធានគណនេយ្យ នៅពេលដែលលោក ចម ប្រសិទ្ធ មានតួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្រៅពីបញ្ហានេះ ពាណិជ្ជករនិងអាជីវករបានត្អូញត្អែរថា ការស្នើសុំសិទ្ធិអាជីវកម្ម និងការនាំចេញទំនិញ មានការលំបាកនិងការចំណាយខ្ពស់។
លោក ចម ប្រសិទ្ធ បានក្លាយជារដ្ឋមន្ត្រីមួយរូបក្នុងចំណោមរដ្ឋមន្ត្រីជាច្រើនទៀតដែលកាន់កាប់ក្រសួងរយៈពេលយូរជាងគេ ជាពិសេសគឺចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិដំបូងបានបង្កើត។ ជាក់ស្ដែង ក្រោមការគ្រប់គ្រងរបស់លោក ចម ប្រសិទ្ធ នៅក្នុងក្រសួងពាណិជ្ជកម្ម បានឆ្លងកាត់ដំណាក់កាលវិបត្តិសេដ្ឋកិច្ចអាស៊ីដែលកើតឡើងនៅឆ្នាំ១៩៩៧ និងវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកើតឡើងនៅឆ្នាំ២០០៨។
លោក ចម ប្រសិទ្ធ មានអាយុ ៦៣ឆ្នាំ ដែលបច្ចុប្បន្នបានផ្លាស់ប្ដូរតំណែងថ្មីជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម កាលពីដើមឆ្នាំ២០១៤។ ទោះជាយ៉ាងណាក៏ដោយ លោក បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ចុងឆ្នាំ២០១៣។ អំឡុងពេលលោកកាន់តំណែងជារដ្ឋមន្ត្រីនៅពេលនោះ លោកក៏ធ្លាប់បានទទួលមតិរិះគន់ថា គ្មានសមត្ថភាពក្នុងការដឹកនាំក្រសួង និងមានចរិតឆ្មើងឆ្មៃចំពោះការសាកសួររបស់អ្នកសារព័ត៌មាន។
លោក ចម ប្រសិទ្ធ កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥១ នៅរាជធានីភ្នំពេញ។ ប្រភពឯកសារពីវីគីភីឌៀ (Wikipidea) បានសរសេរថា លោក ចម ប្រសិទ្ធ មានឈ្មោះដើមហៅថា ហុង យូតឹកឡេង ឬ អ៊ឹង យូតឹកហោ ដែលលោកជាកូនប្រុសរបស់លោក ហុង យូ។ ក្រៅពីតួនាទីក្នុងជួររាជរដ្ឋាភិបាល លោក ចម ប្រសិទ្ធ ក៏មានងារជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមខ្មែរ- ចិន ត្រកូល អ៊ឹង កម្ពុជា។
ការងាររបស់លោក ចម ប្រសិទ្ធ តែងបានទទួលតំណែងកាន់សំខាន់ឡើងនៅក្នុងជួររដ្ឋាភិបាល។ នៅឆ្នាំ១៩៨៥ លោក ចម ប្រសិទ្ធ បានទទួលភារកិច្ចជាលេខារបស់នាយករដ្ឋមន្ត្រី និងឆ្នាំបន្តបន្ទាប់ទៀត ទទួលបានតួនាទីជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងបានក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរហូតដល់ចុងឆ្នាំ២០១៣។
កិច្ចការសំខាន់មួយក្នុងចំណោមកិច្ចការសំខាន់ជាច្រើនទៀតនោះ គឺគម្រោងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលបានប្រកាសកាលពីឆ្នាំ២០០៥ ដោយអនុក្រឹត្យលេខ ១៤៨ មានគោលបំណងផលិតកែច្នៃទំនិញនាំចេញ ដើម្បីទាក់ទាញឧស្សាហកម្មពីប្រទេសជិតខាង។ ការបង្កើតតំបន់នេះ ក៏មានការផ្ដួចផ្ដើមពីក្រសួងពាណិជ្ជកម្ម ក្រោមការគ្រប់គ្រងរបស់លោក ចម ប្រសិទ្ធ ដែរ។
ម៉្យាងវិញទៀត ក្នុងអំឡុងពេលដែលលោក ចម ប្រសិទ្ធ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានគោលនយោបាយពាណិជ្ជកម្មជាច្រើនដែលផ្ដល់ការអនុគ្រោះពីសហគមន៍អន្តរជាតិ។ គោលនយោបាយអន្តរជាតិទាំងនោះ រួមមាន ការទទួលបានលក្ខខណ្ឌអនុគ្រោះពីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩៦ ដែលហៅថា អឹម.អេហ្វ.អិន (MFN)។ នៅឆ្នាំ១៩៩៧ កម្ពុជា ទទួលបានលក្ខខណ្ឌអនុគ្រោះ ជី.អេស.ភី (GSP) សម្រាប់ការធ្វើសមាហរណកម្មប្រទេសដែលលូតលាស់តិចជាងគេឲ្យចូលនៅក្នុងសេដ្ឋកិច្ចពិភពលោក។ ឆ្នាំ១៩៩៩ កម្ពុជាបានក្លាយជាសមាជិកអាស៊ាន ដែលទទួលបានការកាត់បន្ថយពន្ធគយសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង១០។
បន្ថែមលើនេះ ប្រទេសកម្ពុជាបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៣ ដោយសារតែកម្ពុជា បានកែប្រែប្រព័ន្ធច្បាប់ កែលម្អរចនាសម្ព័ន្ធពន្ធគយ។ ប៉ុន្តែនៅឆ្នាំ ២០០៥ កូតាទីផ្សារនាំចេញនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវផុតកំណត់ និងនៅឆ្នាំ២០០៨ ការរឹតត្បិតបរិមាណផលិតផលកាត់ដេរពីប្រទេសចិន ក៏ត្រូវផុតកំណត់ដែរ។
ទោះជាយ៉ាងណាក៏ដោយ ភាពរស់រាននៃវិស័យពាណិជ្ជកម្មនាំចេញរបស់កម្ពុជា គឺអាស្រ័យលើគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ដែលកម្ពុជាចាប់ផ្ដើមនាំចេញនៅឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន។
ស្របពេលជាមួយគ្នានោះ ស្ថាប័នអភិវឌ្ឍន៍បានរិះគន់លោក ចម ប្រសិទ្ធ។ ធនាគារពិភពលោកបានរកឃើញថា ឧបករណ៍គោលនយោបាយភាគច្រើន ខ្វះគណនេយ្យភាព និងការសម្របសម្រួល និងគ្រឿងលើកទឹកចិត្តក៏មិនចំគោលដៅ។ បញ្ហានេះ គឺត្រូវប្រឹងប្រែងជាអាទិភាពលើការបង្កើនតម្លាភាព គណនេយ្យភាពក្នុងការអនុវត្តឧបករណ៍គោលនយោបាយដែលមានស្រាប់។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មក្រោមការដឹករបស់លោក ចម ប្រសិទ្ធ បានជួយសម្រួលកិច្ចការជាច្រើន ដើម្បីលើកស្ទួយការនាំចេញ និងការប្រកបអាជីវកម្មនានានៅប្រទេសកម្ពុជា៖ «បាទ! ជួយសម្រួល បើនិយាយឲ្យចំទៅជួយជ្រោមជ្រែងច្រើនដែរ យើងឃើញទៅ។ បន្ធូរបន្ថយ សូម្បីតែកម្រៃ (Fees) ខាងគយ ក៏គេកាត់បន្ថយច្រើនដែរ»។
ក្រៅពីតួនាទីនៅក្នុងរដ្ឋាភិបាលនេះ លោកក៏មានតំណែងជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
តួនាទីនៅលើឆាកអន្តរជាតិវិញ លោក ចម ប្រសិទ្ធ ជាប្រធានក្រុមអ្នកចរចាឲ្យប្រទេសកម្ពុជា ចូលនៅអង្គការពាណិជ្ជកម្មពិភពលោកនៅអំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៤។ ក្រៅពីនេះ លោកក៏បានទទួលតំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៣។ លោកក៏បានទទួលតួនាទីនិងភារកិច្ចសំខាន់ជាច្រើនទៀត លើកិច្ចការពាណិជ្ជកម្មនៅប្រទេសមហាអនុតំបន់ទន្លេមេគង្គ និងជាប្រធានក្រុមពិភាក្សារវាងវិស័យឯកជនដើម្បីលើកកម្ពស់ពាណិជ្ជកម្មជាដើម។
អ្នកសេដ្ឋកិច្ចបានអះអាងថា លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីដែលសមត្ថភាពខ្លាំងមួយរួបលើការសម្របសម្រួលពាណិជ្ជកម្ម និងបង្កើតគោលនយោបាយនានា ដើម្បីលើកកម្ពស់ការនាំចេញរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ។ ក្រៅពីនេះ អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោក ចម ប្រសិទ្ធ បានឆ្លើយសំណួរចំដែលអ្នកព័ត៌មានអាចយកជាប្រភពបានល្អ។
លោក ចម ប្រសិទ្ធ បានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៅសកលវិទ្យាល័យមួយនៅភ្នំពេញ កាលពីឆ្នាំ១៩៧៣ និងនៅឆ្នាំ២០០៥ លោកបានថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ អាសវូឌ (Ashwood University) នៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា លោក ចម ប្រសិទ្ធ ធ្លាប់ត្រូវតំណាងគណបក្សប្រឆាំងស្នើឲ្យរដ្ឋសភាដកចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយចោទពីបទគ្មានសមត្ថភាព កាលពីឆ្នាំ២០១១។ ការស្នើរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៅពេលនោះ ដោយរកឃើញថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជំរុញឲ្យកសិផលរបស់ពលរដ្ឋខ្មែរមានទីផ្សារសម្រាប់លក់។
ទោះបីជាមានការចោទប្រកាន់បែបនេះ រហូតដល់បច្ចុប្បន្ន លោក ចម ប្រសិទ្ធ នៅតែទទួលបានតំណែងជារដ្ឋមន្ត្រីកាន់កាប់ក្រសួងដដែល។
ក្រៅពីនេះ លោក ចម ប្រសិទ្ធ ក៏មានសមាជិកក្រុមគ្រួសាររបស់គាត់ដែរ ដោយរាប់តាំងពីកូនបង្កើត រហូតដល់កូនប្រសា មានតំណែងសំខាន់ៗនៅក្នុងក្រសួងពាណិជ្ជកម្ម ដូចជារដ្ឋបាល អ្នកនាំពាក្យ និងគណនេយ្យជាដើម។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច បានអះអាងថា ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការធ្វើអាជីវកម្មឲ្យមានប្រសិទ្ធភាពនោះ គឺក្រសួងត្រូវផ្ទេរភារកិច្ចមួយចំនួនដូចជា ផ្នែកបញ្ជាក់លិខិតប្រភពដើមទំនិញ និងការចុះបញ្ជីពាណិជ្ជកម្មទៅឲ្យសភាពាណិជ្ជកម្ម។
លោកឧកញ៉ា ងួន ម៉េងតិច៖ «ត្រូវតែបានទាំងអស់ទេ! យ៉ាងណាមិញ ដូចជារឿងលិខិតបញ្ជាក់ប្រភពដើមទំនិញ (CO) បំណងរបស់សភាពាណិជ្ជកម្មដើម្បីធ្វើម៉េចឲ្យ CO មកនៅក្នុងកណ្ដាប់ដៃរបស់សភា។ កន្លែងហ្នឹងក្រសួងពាណិជ្ជកម្ម អត់បានអនុញ្ញាតទេ ហើយការចុះឈ្មោះអីហ្នឹង គ៏អត់ទាន់បានអនុញ្ញាត ដោយសារវាមានការណែនាំ។ យើងមើលទៅហាក់ដូចជាមានការលំបាកដែរ ហើយណាមួយរាជរដ្ឋាភិបាលចង់ទុកកន្លែងហ្នឹងដើម្បីជាថវិការមួយទ្រទ្រង់ថវិកាជាតិ ក្នុងការចំណាយរាល់ឆ្នាំហ្នឹងដែរ»។
ចំណែកអ្នកសារព័ត៌មានវិញបានអះអាងថា លោក ចម ប្រសិទ្ធ ហាក់រើសអើងចំពោះការសាកសួរ ឬសុំយោបល់ណាមួយក្រោមការដឹកនាំរបស់លោកជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ អ្នកសារព័ត៌មាន រួមទាំងវិទ្យុអាស៊ីសេរី បានទូរស័ព្ទទាក់ទងលោក ចម ប្រសិទ្ធ ប៉ុន្តែលោកឆ្លើយថា មិននិយាយតាមទូរស័ព្ទឡើយ៖ «អូរសុំទោស! អត់ឆ្លើយសម្ភាសអាស៊ីសេរី ទេ អើតាមទូរស័ព្ទទេ។ អ៊ីចឹងសុំសម្ភាសអីធ្វើលិខិតស្រួលបួលមក បើខ្ញុំមានពេល ខ្ញុំឆ្លើយ។ ខ្ញុំមិនឆ្លើយតាមទូរស័ព្ទទេ»។
ទោះជាយ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី បានដាក់សំបុត្រកាលពីដើមខែមីនា ឆ្នាំ២០១៤ ដើម្បីស្នើសុំធ្វើបទសម្ភាសន៍អំពីកិច្ចការនានាដែលលោកសម្រេចបាន ប៉ុន្តែលោក ចម ប្រសិទ្ធ មិនត្រឹមតែបានបដិសេធថា មិនផ្ដល់បទសម្ភាសន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាឲ្យជំនួយការរបស់លោកទូរស័ព្ទមកវិទ្យុអាស៊ីសេរី ឲ្យមកយកសំបុត្រត្រឡប់ទៅវិញទៀតផង។
លោក ចម ប្រសិទ្ធ បានប្រឹងប្រែងគ្រប់មធ្យោបាយទាំងអស់ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម តាមរយៈការកែប្រែច្បាប់នានា ដើម្បីផ្សារភ្ជាប់ផលិតផលកម្ពុជា ទៅនឹងទីផ្សារអាស៊ាន និងពិភពលោក។ ប៉ុន្តែ ក្រោមការដឹកនាំរបស់លោក ប្រទេសទទួលទិញផលិតផលរបស់កម្ពុជាធំៗមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរកឃើញបញ្ហាមួយចំនួន ដូចជាភាពមិនប្រក្រតីនៅក្នុងនីតិវិធី ធ្វើលិខិតបញ្ជាក់ប្រភពដើមទំនិញ និងការធ្វើពាណិជ្ជកម្ម ហាក់មានភាពមិនស្មោះត្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
