ព្រះសង្ឃ ពលរដ្ឋមកពីសហគមន៍មួយចំនួនដែលរងគ្រោះដោយបញ្ហាដីធ្លី សហគមន៍ខ្មែរកម្ពុជាក្រោម និងក្រុមយុវជនប្រមាណ ៥០០នាក់ នៅថ្ងៃសុក្រ ទី១៧ តុលា នេះ បាននាំគ្នាដង្ហែញត្តិដាក់ជូនស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតមួយចំនួន ដោយបដិសេធផែនការរបស់រដ្ឋាភិបាល ក្នុងការទទួលជនភៀសខ្លួនដែលសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកម្ពុជា។ ប៉ុន្តែការជួបជុំគ្នាហែញត្តិនេះ ត្រូវបានកងសន្តិសុខ និងកម្លាំងសមត្ថកិច្ចចម្រុះព្យាយាមរារាំង។
កងកម្លាំងសន្តិសុខសាលាខណ្ឌដូនពេញ និងកងកម្លាំងសមត្ថកិច្ចចម្រុះ បានប្រើដំបងអគ្គិសនីឆក់លើក្រុមអ្នកហែញត្តិនៅពេលពួកគេព្យាយាមយកញត្តិដាក់វិមានសន្តិភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៧ តុលា។ ការប៉ះទង្គិចគ្នានេះ បានបណ្ដាលឲ្យព្រះសង្ឃមួយអង្គ និងពលរដ្ឋខ្លះរងរបួសស្រាល។
ព្រះតេជព្រះគុណ ស៊ឹម សុវណ្ណឌី ដែលរងរបួសនៅលើព្រះកាយ និងព្រះកេស មានថេរដីកាថា ការប្រើអំពើហិង្សានេះជាការរំលោភសិទ្ធិពលរដ្ឋ៖ «នេះត្រូវត្រង់នេះ ត្រូវមុខវាវាយអាត្មា អាមួយមកវាយក្បាលអាត្មារួចទៅវាឆក់យក វាឆក់យកតែមែនទែន។ នេះជាការរំលោភសិទ្ធិទី១។ ទី២ គេដង្ហែដើម្បីយកញត្តិជូនគណៈរដ្ឋមន្ត្រី មិនមែនមកធ្វើប្រឆាំងគណៈរដ្ឋមន្ត្រីទេ គឺដើម្បីផ្ញើសារដើម្បីឲ្យគាត់បានដឹងថា ប្រទេសខ្មែរកំពុងជួបប្រទះនូវឧបសគ្គក្រីក្រលំបាក»។
សមាជិកអនុគណៈកម្មាធិការដោះស្រាយដីធ្លី និងទទួលពាក្យបណ្ដឹងនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក សេង សាវួន ដែលបានចេញមកទទួលញត្តិពីពលរដ្ឋបានសន្យាថា នឹងបញ្ជូនញត្តិទៅរដ្ឋាភិបាលដើម្បីដោះស្រាយ៖ «ញត្តិនេះខ្ញុំនឹងជូនប្រមុខរដ្ឋាភិបាលអ្វីៗដែលដោះស្រាយស្ថិតនៅប្រមុខរដ្ឋាភិបាល ក៏ប៉ុន្តែបងប្អូនសង្ឃឹមទៅ។ ខ្ញុំទទួលហ្នឹងដល់ដៃប្រមុខរដ្ឋាភិបាល»។
ទោះជាយ៉ាងណាការរារាំងនេះ មិនបានបញ្ឈប់អ្នកតវ៉ានោះទេ ពួកគេបានបន្តហែញត្តិនេះ ចាប់ពីស្ថានទូតអាមេរិក ដល់ទីស្ដីការគណៈរដ្ឋមន្ត្រីការិយាល័យសហភាពអឺរ៉ុប និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ដើម្បីដាក់ញត្តិស្នើឲ្យស្ថាប័នធំៗទាំងនោះអន្តរាគមន៍ទៅរដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺប្រទេសកម្ពុជា និងអូស្ត្រាលី ឲ្យបញ្ឈប់ជាបន្ទាន់នូវការបន្តនីតិវិធីបញ្ជូនជនភៀសខ្លួនដែលសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីមកកម្ពុជា។
ខ្លឹមសារសំខាន់នៅក្នុងញត្តិរួមមាន សុំឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលអូស្ត្រាលី បញ្ឈប់ការរំលោភសិទ្ធិ មនុស្ស និងការរើសអើងជាតិសាសន៍ និងប្រឆាំងការបញ្ជូន និងការទទួលជនភៀសខ្លួនចូលមកទឹកដីកម្ពុជា។
«សំឡេងស្រែកតវ៉ា»
យ៉ាងណាមន្ត្រីអង្គការសហប្រជាជាតិ គឺលោក ចន ខហ្វឡែន (John Coughlan) អ្នក សម្របសម្រួលកម្មវិធីសិទ្ធិមូលដ្ឋាននិងសង្គមស៊ីវិល បានទទួលយកញត្តិពីអ្នកតវ៉ា។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បដិសេធមិនអត្ថាធិប្បាយទេ។ ប៉ុន្តែលោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលបានចូលដាក់ញត្តិបានថ្លែងថា មន្ត្រីអង្គការសហប្រជាជាតិក៏មានក្ដីបារម្ភពីបញ្ហានេះដែរ ហើយអង្គការសហប្រជាជាតិនឹងដោះស្រាយបញ្ហានេះតាមនីតិវិធីរបស់អង្គការសហប្រជាជាតិ។
ក្រុមអ្នកតវ៉ាមានកាន់ផ្កាឈូកនៅនឹងដៃ ក្បាលចងក្រណាត់សដែលសរសេរថា "ប្រឆាំងដាច់ខាត" លើកបដា កាន់ទង់ជាតិ ទង់សាសនា និងខ្លះតែងខ្លួនជាជនជាតិដើមភាគតិច ដើរបណ្ដើរបាចលុយដុល្លារក្រដាស់នៅតាមដងផ្លូវបណ្ដើរ និងសម្ដែងដេកលើលុយដុល្លារក្រដាស់នោះ។
ក្រុមអ្នកតវ៉ាបានបរាជ័យមិនបានដាក់ញត្តិជូនអ្នកតំណាងរាស្ត្រនៃគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមន្ទីររដ្ឋសភា ដោយសារអ្នកតំណាងរាស្ត្រទាំងនោះមិនបានចេញមកទទួលញត្តិ ហើយមានតែតំណាងមន្ទីររដ្ឋសភា។ នៅទីបញ្ចប់ទៅ អ្នកតវ៉ាបាននាំគ្នាសម្ដែងមតិនៅខាងមុខស្ថានទូតអូស្ត្រាលីវិញ។
អ្នកតវ៉ាមិនបានដាក់ញត្តិទៅស្ថានទូតអូស្ត្រាលី ឡើយ ពីព្រោះពួកគេបានដាក់កាលពីថ្ងៃទី២៦ ខែកញ្ញា រួចហើយ។
ទាក់ទងនឹងការទទួលជនភៀសខ្លួនសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកម្ពុជានេះ មន្ត្រីរដ្ឋាភិបាល លោក ស ខេង តែងតែអះអាងថា រដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលយកជនភៀសខ្លួន និងផ្ដល់ការតាំងទីលំនៅឲ្យជនភៀសខ្លួនទាំងនោះនៅប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
