បាតុករដែលដឹកនាំដោយលោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែង ឈរលើកបដាស្រែកតាមមេក្រូ ឡើងថ្លែងការណ៍ទាមទារឲ្យលោក កឹម សុខា សុំទោសជនរងគ្រោះអតីតអ្នកទោសនៅគុកទួលស្លែង ជាសាធារណៈចំពោះសម្ដីលោកដែលគេចោទថា គុកទួលស្លែង បង្កើតឡើងដោយកងទ័ពវៀតណាម ពេលលុកលុយចូលប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ មិនមែនជាគុកក្នុងរបបខ្មែរក្រហមទេ។
បាតុកម្មដ៏កម្រនេះមានស្ថានភាពផ្ទុយគ្នាទាំងស្រុងពីបាតុកម្មមុនៗ ដូចជាមហាបាតុកម្មរបស់បក្សប្រឆាំង និងបាតុកម្មរបស់ពលរដ្ឋនៅតំបន់បឹងកក់ជាដើម។
មន្ត្រីនគរបាល កងកម្លាំងប្រដាប់អាវុធដែលធ្លាប់តែត្រៀមឡានទឹក អាវក្រោះការពារ ខែល ដំបងឆក់ សម្រាប់បង្ក្រាបក្រុមបាតុករនោះ ក៏មិនមានត្រៀមដូចបាតុកម្មមុនៗនោះទេ។ ម្យ៉ាងទៀត ចំណីអាហារ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ក៏ត្រូវបានគេចែកឲ្យបាតុករទៀតផង។
អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី ថ្លែងការណ៍ថ្កោលទោសលោក កឹម សុខា ថា ជាមនុស្សល្មោភអំណាច ជាមនុស្សកំសាកជាងអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ទៅទៀត។ លោកព្រមានថា នឹងតវ៉ាបន្តទៀត បើសិនណាមិនមានការសូមអភ័យទោសពីសំណាក់លោក កឹម សុខា ទេនោះ។
លោក ជុំ ម៉ី បញ្ជាក់ច្បាស់ថា បាតុកម្មពេលនេះមិនមែនពាក់ព័ន្ធនឹងការគាំទ្រពីសំណាក់គណបក្សនយោបាយទេ។ ប៉ុន្តែលោកបែរជាបញ្ចេញទស្សនៈរិះគន់គណបក្សសង្គ្រោះជាតិ និងលើកតម្កើងកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជាទៅវិញ។
លោក ជុំ ម៉ី៖ «រណសិរ្សសង្គ្រោះជាតិ គឺសម្ដេចតេជោ លោក ហេង សំរិន លោក ជា ស៊ីម គណបក្សប្រជាជន គាត់យូរមកហើយ។ ឥឡូវហ្នឹងគេកំពុងកសាងជាតិ កន្លែងណាក៏មានសាលារៀន កន្លែងណាក៏ត្រូវមានមន្ទីរពេទ្យ កន្លែងណាក៏ត្រូវមានស្ពានថ្នល់គ្រប់សព្វ។ តើគាត់ចង់បានអ្វីទៀត? សម្ដី កឹម សុខា... វាថា ដូរៗៗ ដូរខ្មោចយកស្អី? គេធ្វើការចង់ងាប់វាចង់ដូរម៉េចទៀត? ខ្ញុំក្ដៅក្រហាយណាស់សម្ដី កឹម សុខា ថា ដូរៗៗ»។
បន្ទាប់ពីថ្លែងការណ៍រិះគន់ចំៗសំដៅលោក កឹម សុខា និងក្រើនរំលឹកឲ្យប្រជាពលរដ្ឋចងចាំចំពោះអំពើព្រៃផ្សៃក្នុងរបបខ្មែរក្រហមរួចមក ក្រុមបាតុករបន្តលើកគ្នីគ្នាប្រមាន ៥ពាន់នាក់ សំដៅធ្វើដំណើរដោយឡាន ម៉ូតូ ទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅម្តុំត្រឡោកបែក ស្របពេលដែលមន្ត្រីនគរបាលជាអ្នកបើកផ្លូវឲ្យក្បួនបាតុករធ្វើដំណើរ។
ប្រធាននាយកដ្ឋានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ជាអ្នកចេញមកទទួលញត្តិ។
ទាក់ទងនឹងបញ្ហានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែបង្ហាញជំហរបដិសេធមិនសុំទោសឡើយ ស្របពេលដែលលោកកំពុងចុះជួបសំណេះសំណាលជាមួយពលរដ្ឋនៅរាប់ពាន់នាក់ នៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត។ លោកហៅការធ្វើមហាបាតុកម្មនេះថាជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា ដែលកំពុងតែមានអាការៈផ្ដាសាយឈឺបំពង់កផងនោះ បញ្ជាក់ថា រូបលោកមានការព្រួយបារម្ភខ្លះៗចំពោះបញ្ហាសុវត្ថិភាព ហើយគណបក្សសង្គ្រោះជាតិ បានជូនដំណឹងពីក្តីបារម្ភនេះទៅក្រសួងមហាផ្ទៃ និងសហគមន៍អន្តរជាតិរួចហើយ។
ប្រាក់ចំណាយបាតុកម្មនេះ ដូចជាថ្លៃឡានដឹកបាតុករ ថវិកាសម្រាប់រៀបចំបដា ពាក្យស្លោក ថ្លៃទឹកសុទ្ធ ថ្លៃមេក្រូ និងចំណាយផ្សេងៗទៀត មិនត្រូវបានលោក ជុំ ម៉ី ប្រាប់ថាលុយនោះមានប្រភពមកពីណាទេ។
អ្នកវិភាគមួយចំនួនយល់ថា លោក ជុំ ម៉ី មិនមានឥទ្ធិពលរហូតអាចកៀរគរមនុស្សបានច្រើនដើម្បីធ្វើបាតុកម្ម និងហានចំណាយប្រាក់ឧបត្ថម្ភបែបនេះទេ បើសិនជាមិនមានការគាំទ្រផ្នែកនយោបាយនោះ។
ចំណែកឯសមាជិកសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលមានថ្នាក់ដឹកនាំចំនួន ១០រូប នៅថ្ងៃទី៨ ខែឧសភា នេះ ក៏ចេញសេចក្ដីថ្លែងការណ៍រួមមួយច្រានចោលការចូលរួមបាតុកម្មនោះ ក្រោមហេតុផលផ្សះផ្សាជាតិ មិនបម្រើផលប្រយោជន៍អ្នកនយោបាយ ប្រកាន់ជំហរអព្យាក្រឹត្យជាដើម៕

១-ក្រុមបាតុករឈរលើកបដាស្រែកទាមទារឲ្យលោក កឹម សុខា សុំទោសអតីតអ្នកទោសនៅគុកទួលស្លែង នៅទីលានប្រជាធិបតេយ្យ។ RFA/Van Vichar

២-ក្រុមបាតុករជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ RFA/Van Vichar

៣-អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី ធ្វើសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក កឹម សុខា។RFA/Van Vichar

៤-អ្នកកាសែតចូលរួមយកព័ត៌មាននៅទីលានប្រជាធិបតេយ្យ។ RFA/Van Vichar

៥-ក្រុមអ្នកចែកទឹកសុទ្ធដល់បាតុករដោយមិនគិតថ្លៃ។ RFA/Van Vichar

៦-ឡានដឹកលោក ជុំ ម៉ី ដើម្បីនាំក្បួនបាតុករទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ RFA/Van Vichar

៧-ក្បួនដង្ហែរបស់បាតុករឆ្ពោះទៅកាន់គណបក្សសង្គ្រោះជាតិ។ RFA/Van Vichar

៨-ផ្លូវទំនប់ទួលគោក ត្រូវបានប៉ូលិសបិទចរាចរណ៍ដើម្បីសម្រួលឲ្យក្បួនបាតុករធ្វើដំណើរ។ RFA/Van Vichar

៩-ម៉ូតូរបស់ក្រុមបាតុករ ត្រូវប៉ូលិសឃាត់នៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ RFA/Van Vichar

១០-បាតុករប្រឆាំងលោក កឹម សុខា ជួបជុំគ្នានៅសួនមាត់ទន្លេ ក្រុងតាខ្មៅ។ RFA/Leng Maly

១១-បាតុករកាន់បដាថ្កោលទោស លោក កឹម សុខា នាក្រុងតាខ្មៅ។ RFA/Leng Maly

១២-ក្រុមបាតុករបន្ទាប់ពីបាតុកម្មរួច ត្រូវគេចែកអាវនិងមួកគណបក្សប្រជាជនកម្ពុជា។ RFA/Leng Maly

១៣-បាតុករកាន់បដាថ្កោលទោសលោក កឹម សុខា ឈរខាងមុខវត្តចាក់អង្រែក្រោម។ RFA/Leng Maly

១៤-ពលរដ្ឋអង្គុយកាន់បដា នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ដើម្បីធ្វើបាតុកម្មអហិង្សាតវ៉ាប្រឆាំងលោក កឹម សុខា។ RFA/Soun Sophalmony

១៥-ពលរដ្ឋអង្គុយកាន់បដា នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ដើម្បីធ្វើបាតុកម្មអហិង្សាតវ៉ាប្រឆាំងលោក កឹម សុខា។ RFA/Soun Sophalmony

១៦-តំណាងបុគ្គលិកសិក្សានៃមន្ទីរអប់រំខេត្តរតនគិរី អានញត្តិថ្កោលទោសលោក កឹម សុខា នាទីលានបាល់ទាត់ក្នុងក្រុងបានលុង។ RFA/Ratha Visal

១៧-បាតុករជួបជុំគ្នានៅទីលានបាល់ទាត់ខេត្តរតនគិរី ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។ RFA/Ratha Visal

១៨-បាតុករជួបជុំគ្នានៅទីលានបាល់ទាត់ខេត្តរតនគិរី ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា។ RFA/Ratha Visal

១៩-កម្មករចម្ការកៅស៊ូ ពលរដ្ឋ និងមន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់កាចាញ ហែក្បួនបាតុកម្មទៅជួបជុំគ្នានៅទីលានបាល់ទាត់ខេត្ត ដើម្បីប្រឆាំងលោក កឹម សុខា។ Ratha Visal

២០-ក្រុមបាតុករប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាក្រុងសៀមរាប។ RFA/Hang Savyouth

២១-ក្រុមបាតុករដែលមានអ្នកដឹកនាំដើរដង្ហែក្បួនចេញពីតាមសង្កាត់ នៅក្នុងក្រុងសៀមរាប ស្រែកប្រឆាំងលោក កឹម សុខា។ RFA/Hang Savyouth

២២-កម្លាំងកងរាជអាវុធហត្ថ ត្រូវបានដាក់ការពារនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប នៅពេលដែលក្រុមបាតុករនាំគ្នាដង្ហែក្បួនទៅស្រែកនៅមុខទីស្នាក់ការនោះ។ RFA/Hang Savyouth

២៣-ក្រុមបាតុករដែលមកពីសង្កាត់សៀមរាប មួយក្រុម នាំគ្នាត្រឡប់ទៅវិញ បន្ទាប់ស្រែកប្រឆាំងនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ប្រហែល ១ម៉ោង។ RFA/Hang Savyouth
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។