មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ឧត្ដរមានជ័យ​ចោទ​អាជ្ញាធរ​រារាំង​ការ​ដូរ​សមាជិក​ក្រុម​ប្រឹក្សា

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ឧត្តរមានជ័យ កំពុង​សង្ស័យ​លើ​អាជ្ញាធរ​ខេត្ត​នេះ ព្រម​ទាំង​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង-សង្កាត់ ថា​អាច​ជា​អ្នក​បន្ទច់បង្អាក់​ទៅ​លើ​ដំណើរ​ការ​សុំ​បញ្ចូល​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ម្នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ ម្នាក់ មិន​បាន​សម្រេច​ជាច្រើន​ខែ​មក​ហើយ។

ការ​ផ្ដោត​ការ​សង្ស័យ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ ម្នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញ​ពី​បក្ស និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ របស់​គណបក្ស សម រង្ស៊ី ម្នាក់​ទៀត​បាន​ស្លាប់ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ដាក់​អ្នក​ថ្មី​ជំនួស​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ឧត្តរមានជ័យ និង​នៅ​ក្រុង​សំរោង កំពុង​ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មក​ពី​គណបក្ស​កាន់​អំណាច ព្រម​ទាំង​មន្ត្រី​ក្រសួង​មហាផ្ទៃ ជំរុញ​ការ​ចុះ​បញ្ជី​បេក្ខភាព​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ម្នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ ម្នាក់​ទៀត ឲ្យ​ចូល​កាន់​តួនាទី​ជំនួស​សមាជិក​ដែល​បាត់បង់​ឲ្យ​បាន​ឆាប់​រហ័ស។

ការ​ទាមទារ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​អះអាង​ថា សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញ​ពី​បក្ស និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ ម្នាក់​ទៀត​បាន​ស្លាប់​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ទាន់​ចេញ​លិខិត​តែង​តាំង​អ្នក​ថ្មី​ជំនួស​នៅ​ឡើយ។

បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ថ្មី​ខេត្ត​ឧត្តរមានជ័យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ឆម សុវណ្ណ។ លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៥ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ លោក ប៊ុត គឹមហេង បាន​ចាក​ចេញ​ពី​បក្ស ហើយ​ចាប់​ពី​ពេល​នោះ​មក លោក​បាន​បំពេញ​លិខិត​ស្នាម​ដើម្បី​សុំ​ចូល​ជា​បេក្ខភាព​ជំនួស ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាច្រើន​ខែ​មក​ហើយ មិន​ទាន់​ឃើញ​ក្រសួង​មហាផ្ទៃ ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ។ លោក ឆម សុវណ្ណ យល់​ថា ការ​គ្មាន​វត្តមាន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ មក​ពី​គណបក្ស​ប្រឆាំង​មួយ​រយៈ​មក​នេះ គឺ​មិន​សមស្រប​ទេ ពីព្រោះ​តែ​រាល់​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ម្ដងៗ បាន​ធ្វើ​ឡើង​ដោយ​ឯក​បក្ស៖ « មិន​ដឹង​យ៉ាង​ម៉េច ស៊ីញេ​យូរ​ដែរ តាំង​ពី​ថ្នាក់​ខេត្ត ឡើង​ដល់​ក្រសួង​មហាផ្ទៃ។ ឥឡូវ​ឈ្មោះ​ហ្នឹង​អត់​ទាន់​ចុះ​មក​ដល់​ខេត្ត​វិញ​ទេ »

ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ អាណត្តិ​ទី​ពីរ​នេះ គឺ​មាន​ប្រធាន​មួយ​រូប និង​សមាជិក ១១​រូប​ទៀត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​មួយ​រូប។

បញ្ហា​សុំ​បញ្ចូល​បេក្ខភាព​ថ្មី​ជំនួស​អ្នក​ចាស់​ដែល​បាត់បង់​នេះ មិន​មែន​កើត​មាន​នៅ​តែ​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ ទេ គឺ​នៅ​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ក៏​មាន​ការ​រាំង​ស្ទះ​ដូច​គ្នា​ដែរ។

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​សំរោង លោក ឃុំ សុផុន ឲ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ មក​ពី​គណបក្ស សម រង្ស៊ី ម្នាក់​ឈ្មោះ នីវ ឈៀប បាន​ស្លាប់ ហើយ​គណបក្ស​បាន​ស្នើសុំ​ដាក់​បេក្ខភាព​ឈ្មោះ ម៉ក់ វ៉ាន់វុទ្ធី ឲ្យ​ចូល​បម្រើ​ការងារ​ជំនួស ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ដាក់​បញ្ចូល​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ថ្មី​ជំនួស​នៅ​ឡើយ​ទេ៖ « ធ្វើ​បែបបទ​អស់​ហើយ យើង​ទៅ​សុំ​មេ​ឃុំ និង​អភិបាល​ក្រុង ស៊ីញេ ប៉ុន្តែ​គេ​មិន​ស៊ីញេ​ឲ្យ​ទេ ថា​ក្រុម​ប្រឹក្សា​សង្កាត់​ជិត​អស់​អាណត្តិ​ទៅ​ហើយ »

សកម្មជន​គណបក្ស​ប្រឆាំង​សង្ស័យ​ថា ហេតុផល​ដែល​អាជ្ញាធរ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ឯកសារ​សុំ​ជំនួស​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នេះ អាច​ជា​លេស​រារាំង​ខាង​នយោបាយ។

ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដែល​មក​ពី​គណបក្ស​កាន់​អំណាច បាន​បដិសេធ​ចោល​ការ​សន្និដ្ឋាន​បែប​នោះ ហើយ​ថា​ការ​យឺតយ៉ាវ​នៃ​ការ​ដាក់​បេក្ខភាព​ថ្មី​មក​ជំនួស​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ ដែល​បាត់បង់​ទៅ​នោះ គឺ​ជា​រឿង​របស់​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ដែល​អាច​មិន​យល់​ដឹង​ពី​នីតិវិធី។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី ៣​ខែ​មុន លោក​បាន​ឃើញ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើសុំ​ដាក់​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ថ្មី។ កាល​ណោះ លោក​បាន​ចុះ​ហត្ថលេខា ហើយ​ក៏​បាន​បញ្ជូន​លិខិត​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដែរ។ លោក ស ថាវី អះអាង​ថា គណបក្ស​ប្រឆាំង​មិន​ត្រូវ​សង្ស័យ​ថា​អាជ្ញាធរ​រារាំង​ចំពោះ​សំណើ​សុំ​ដាក់​បេក្ខភាព​ថ្មី​នោះ​ទេ ពីព្រោះ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​បំពេញ​តួនាទី​របស់​ខ្លួន​លើ​បញ្ហា​នោះ​រួច​រាល់​អស់​ហើយ៖ « គាត់​ស្នើសុំ ខេត្ត​បាន​ចារ​បញ្ជូន​ទៅ​អស់​ហើយ។ ដូច្នេះ​បញ្ហា​នេះ ថ្នាក់​លើ​ជា​អ្នក​សម្រេច មិន​មែន​ជា​រឿង​ដែល​ថ្នាក់​ខេត្ត​ត្រូវ​ដោះស្រាយ​ទៀត​ទេ »

ចំណែក​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​មូលដ្ឋាន លោក សក់ សេដ្ឋា មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ឃើញ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស សម រង្ស៊ី ដែល​ស្នើសុំ​ដាក់​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ នោះ​នៅ​ឡើយ​ទេ។ លោក សក់ សេដ្ឋា ពន្យល់​ថា តាម​ច្បាប់ បើ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង សង្កាត់ បាត់បង់ គឺ​ត្រូវ​ដាក់​បេក្ខភាព​ថ្មី​មក​ជំនួស​យ៉ាង​ឆាប់​រហ័ស ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា យ៉ាង​យូរ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ឡើយ៖ « ដូចជា​គេ​មិន​ទុក​យូរ​ទេ អ្នក​ជំនួស​នោះ។ ពេល​ដែល​បញ្ជី​បេក្ខជន​នោះ​អស់​ទៅ គឺ​ទៅ​សុំ​ចុះ​បញ្ជី​វិញ​ជាមួយ​ក្រសួង​មហាផ្ទៃ ហើយ​មហាផ្ទៃ បញ្ជូន​ទៅ គ . . »

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC)ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ពន្យល់​ថា តាម​នីតិវិធី​ច្បាប់ គឺ​នៅ​ពេល​ណា​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត-ក្រុង ឬ​ក៏​ឃុំ-សង្កាត់​ណា​មួយ​បាត់បង់ គឺ​សាមី​គណបក្ស​របស់​គេ ត្រូវ​ស្នើសុំ​ដាក់​អ្នក​ថ្មី​ជំនួស ក៏ប៉ុន្តែ​ដូច​ករណី​ដែល​អាជ្ញាធរ​ធ្វើ​ឲ្យ​យឺតយ៉ាវ​ជាច្រើន​ខែ​ក្នុង​ការ​ដាក់​បញ្ចូល​បេក្ខភាព​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ឧត្តរមានជ័យ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បន្សាយរាក់ របស់​គណបក្ស សម រង្ស៊ី លោក​យល់​ថា​វា​អាច​ជា​ការ​រារាំង​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​បំពេញ​កាតព្វកិច្ច​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។