វេទិកា​សាធារណៈ​លើក​ដំបូង​រវាង​តំណាង​រាស្ត្រ​និង​ម្ចាស់​ឆ្នោត​នៅ​បាត់ដំបង

0:00 / 0:00

សមាជិក​សភា​គណបក្ស​ប្រឆាំង រៀបចំ​វេទិកា​សាធារណៈ​តំណាង​រាស្ត្រ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​មក​ពី​ស្រុក​នានា​ប្រមាណ​ជាង ២០០​នាក់ នា​ទីស្នាក់ការ​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង នៅ​ថ្ងៃ​ទី​២៨ តុលា។

វេទិកា​សាធារណៈ​នេះ ជា​លើក​ដំបូង​ហើយ​ដែល​បាន​រៀបចំ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ម្ចាស់​ឆ្នោត​សម្ដែង​មតិ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន ដែល​បាន​ជួប​ប្រទះ​នៅ​តាម​មូលដ្ឋាន​នា​ពេល​កន្លង​មក ដើម្បី​ឲ្យ​តំណាង​រាស្ត្រ​នាំ​ទៅ​ដោះស្រាយ​បន្ត។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​បាត់ដំបង អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ក្នុង​វេទិកា​នោះ​ថា ប្រជាពលរដ្ឋ គឺ​ជា​ម្ចាស់​អំណាច​ដ៏​សំខាន់ ដែល​តំណាង​រាស្ត្រ និង​ថ្នាក់​ដឹក​នាំ​ចេញ​ពី​ការ​បោះ​ឆ្នោត​ទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពួក​គាត់។ អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​បញ្ចប់​វេទិកា​នេះ​ទៅ អ្នកស្រី​នឹង​នាំ​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​សម្ដែង​មតិ នាំ​ទៅ​ឲ្យ​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត លើក​ជា​ប្រធានបទ​សំខាន់​ដាក់​ទៅ​ក្នុង​អង្គ​ប្រជុំ​របស់​សាលា​ខេត្ត ដើម្បី​ដោះស្រាយ​បន្ត។

អ្នកស្រី មូរ សុខហួរ៖ «ហើយ​ខ្ញុំ​ជម្រាប​ថា​បន្តិច​ទៀត បង​ប្អូន​ហ្នឹង​មាន​ពេល​វេលា​នៅ​ក្នុង​ការ​បញ្ចេញ​មតិ ឬ​យក​បញ្ហា​របស់​បង​ប្អូន​ឲ្យ​យើង​ខ្ញុំ​ឮ យើង​ខ្ញុំ​ដោះស្រាយ​ដោយ​របៀប​ណា មិន​មែន​តែ​ខ្ញុំ​ទេ ទាំងអស់​គ្នា​នេះ​អ្នក​បម្រើ​រាស្ត្រ​ណោះ។ ហើយ​នៅ​ក្នុង​មាន​ចៅ​សង្កាត់​រង ចៅ​សង្កាត់​អី​ទាំងអស់ នៅ​ក្នុង​នោះ​ទៀត មក​ដោះស្រាយ​ជូន​បង​ប្អូន​ហ្នឹង ហើយ​គេ​ហៅ​ថា​ធ្វើ​ការងារ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ។ ពួក​យើង​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រាស្ត្រ»

ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកា ភាគ​ច្រើន​លើក​ពី​ទុក្ខ​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​មាន​អំណាច​មក​លើ​ប្រជាពលរដ្ឋ បញ្ហា​សេវា​សាធារណៈ​របស់​រដ្ឋ​មិន​បាន​ត្រឹមត្រូវ ដូចជា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ការ​ធ្វើ​ផ្លូវ​ថ្នល់ ជាដើម។

ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា មាន​មតិ​ស្រដៀងៗ​គ្នា​ថា វេទិកា​នេះ​មាន​សារសំខាន់​ដល់​ពួក​គាត់​យ៉ាង​ខ្លាំង ដែល​កន្លង​មក​មិន​ធ្លាប់​មាន​កម្មវិធី​បែប​នេះ​ឡើយ។ ពួក​គាត់​បន្ត​ថា វេទិកា​នេះ​ធ្វើ​ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាប់​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន ដែល​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា៖ «នេះ​ជា​សង្ឃឹម​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ ព្រោះ​ពី​មុន​មក​តំណាង​រាស្ត្រ​មុន​ដែល​ខ្ញុំ​ដាក់​ទៅ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន តាំង​ពី​លោក​ជំទាវ​ណា​លោក​ណា​អី​ណា អត់​គេ​គ្រាន់​តែ​ចារ​បញ្ជូន​ឲ្យ​តែ​អ៊ីចឹង អត់​មាន​យក​ទៅ​ដោះស្រាយ​ឲ្យ​ខ្ញុំ​ទេ។ មាន​ចំណាប់​អារម្មណ៍​ចង់​ស្ដាប់​នូវ​តំណាង​រាស្ត្រ​អត់​ដែល​បាន​ស្ដាប់ ឥឡូវ​បាន​ស្ដាប់​បាន​ដឹង​ហើយ។ ពី​មុន​ខ្ញុំ​អត់​ដឹង​ទេ តែ​ពេល​នេះ​ខ្ញុំ​ដឹង បាទ​ខ្ញុំ​ត្រេកអរ​យ៉ាង​ខ្លាំង តែ​ទៅ​វិញ​នេះ ខ្ញុំ​នឹង​ផ្សព្វផ្សាយ​ពី​ដែល​គាត់​បាន​និយាយ​នេះ​ទៅ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ទាំងអស់​គ្នា»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ខេមរៈ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​បញ្ជាក់​ថា តំណាង​រាស្ត្រ​ចុះ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទទួល​ព័ត៌មាន​ជុំវិញ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ ដោយ​ពុំ​មាន​ពាក់ព័ន្ធ​កិច្ចការ​នយោបាយ គឺ​ជា​រឿង​ត្រឹមត្រូវ ហើយ​វេទិកា​បែប​នេះ គួរ​តែ​ចាត់​ឲ្យ​មាន​ទូទាំង​ប្រទេស៖ «អឺ! នៅ​ពេល​តំណាង​រាស្ត្រ​ទាំងអស់ គាត់​ចុះ​ទៅ​ធ្វើ​ការ​នៅ​មូលដ្ឋាន​សម្រាប់​រាស្ត្រ​ហ្នឹង អ៊ីចឹង គឺ​ការ​ធ្វើ​ឲ្យ​ប្រទេស​យើង​រីក​ចម្រើន​ទៅ​វិញ​ទេ ព្រោះ​ប្រជាពលរដ្ឋ​យើង​គាត់​អត់​សូវ​យល់​ពី​បញ្ហា​ការ​លំបាក ឬ​ដោះស្រាយ​បញ្ហា​ជីវភាព។ អ៊ីចឹង​តំណាង​រាស្ត្រ​គ្រប់​ភាគី​គណបក្ស​ហ្នឹង គួរ​តែ​ចុះ​ទៅ​ឲ្យ​បាន​ជាមួយ​រាស្ត្រ ហើយ​ត្រូវ​កសាង​ថា តើ​ទិដ្ឋភាព​កន្លែង​ដែល​រាស្ត្រ​មាន​ទុក្ខ​លំបាក​ហ្នឹង យើង​ត្រូវ​ដាក់​អី​វិញ»

នៅ​ក្នុង​វេទិកា​សាធារណៈ​នោះ មាន​កម្លាំង​កង​ប្រដាប់​អាវុធ​ខេត្ត​បាត់ដំបង ប្រមាណ​ជាង ១០​នាក់ ដាក់​ពង្រាយ​ការពារ​នៅ​ខាង​ក្រៅ​វេទិកា​រហូត​ទល់​ចប់​កម្មវិធី។ តំណាង​រាស្ត្រ​ឲ្យ​ដឹង​ថា កម្មវិធី​វេទិកា​សាធារណៈ​បែប​នេះ នឹង​មាន​រៀបចំ​បន្ត​ទៀត​រៀង​រាល់​មួយ​ខែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។