មតិ​បាតុករ​ចំពោះ​ជំនួប​ចរចា​រវាង​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​បាតុករ​ដែល​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​នៅ​ទីក្រុង​ភ្នំពេញ បាន​ព្រមាន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ច្របាច់​កម្មវិធី​នយោបាយ ឬ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពួក​គាត់​នឹង​បោះ​បង់​ជំហរ​គាំទ្រ​បក្ស​ប្រឆាំង​នេះ​ត​ទៅ​ទៀត។ ការ​ប្រកាស​ជំហរ​របស់​ក្រុម​បាតុករ​នេះ ស្រប​ពេល​មាន​ការ​ចរចា​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា នៅ​តែ​មិន​អាច​រក​ចំណុច​រួម​បាន​នៅ​ឡើយ។
ដោយ ម៉ម មុនីរតន៍
2013.09.17
បាតុករ បក្ស​សង្គ្រោះ​ជាតិ ៦១០ បាតុករ​រៀប​ចំ​ឥវ៉ាន់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ បន្ទាប់​ពី​មហា​បាតុកម្ម​អហិង្សា​បាយ​រំសាយ​នៅ​រសៀល​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Sek Bandith

ស្រប​ពេល​ដំណើរ​ការ​នៃ​ការ​ចរចា​ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​កំពុង​ដំណើរ​ការ ប្រជាពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ បាន​បញ្ជាក់​ជំហរ​ថា ពួក​គេ​នឹង​មិន​ព្រម​សោះ​ឡើយ បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​រួប​រួម​កម្មវិធី​នយោបាយ​ចម្រុះ​តាម​រយៈ​ការ​បែង​ចែក​អំណាច ដើម្បី​បង្កើត​រដ្ឋាភិបាល​រួម​គ្នា​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា មែន​នោះ។

ពលរដ្ឋ​មក​ពី​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង លោក មាស សុទ្ធ ថ្លែង​ថា លោក​ពុំ​អាច​ទទួល​យក​បាន​ឡើយ ក្នុង​ករណី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​បំផុត​សម្រេច​បង្កើត​គោល​នយោបាយ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក សុទ្ធ គិត​ថា ការ​បោះ​ឆ្នោត​លើក​នេះ​មាន​ភាព​លម្អៀង មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​មិន​ប្រក្រតី។ ហេតុ​នេះ ពួក​គេ​គួរ​ត្រូវ​បាន​យុត្តិធម៌​មុន​នឹង​សម្រេច​ធ្វើ​អ្វី​មួយ។

ក្រុម​បាតុករ​ភាគ​ច្រើន ឲ្យ​ដឹង​ថា ការ​ចូល​រួម​បាតុកម្ម​អហិង្សា​នេះ គឺ​កើត​ចេញ​ពី​ទឹក​ចិត្ត​ដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ទេ និង​ត្រូវ​ចំណាយ​ថវិកា​ដោយ​ខ្លួន​ឯង។

ចំណែក​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្ត​មួយ​ចំនួន​ក្នុង​ចំណោម​ខេត្ត​ដទៃ​ទៀត ដូច​ជា​ខេត្ត​កំពង់ចាម ព្រៃវែង និង​ខេត្ត​កណ្ដាល និយាយ​ថា ប្រសិន​បើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​អាណត្តិ​នេះ​ពុំ​ទទួល​បាន​ជោគជ័យ​ទេ នោះ​អ្វីៗ​នឹង​ត្រូវ​យឺត​ពេល ជា​ពិសេស ត្រូវ​ធ្វើ​កំណែ​ទម្រង់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ហើយ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​នេះ​ចាំ​បាច់​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។

បើ​ទោះ​ជា​ការ​ចរចា​ចូល​ដល់​ថ្ងៃ​ទី២ នេះ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ជំហរ​រៀង​ខ្លួន​ថា មាន​ដំណើរ​ការ​ហាក់​ដូច​ត្រូវរ៉ូវ​គ្នា​លើ​របៀបវារៈ​នៃ​កម្មវិធី​នយោបាយ​ខ្លះ​ក៏ដោយ ក៏ប៉ុន្តែ​ចំណុច​សំខាន់​ដែល​បក្ស​ទាំង​ពីរ​ចង់​បាន នៅ​មិន​ទាន់​អាច​ខិត​ជិត​គ្នា​បាន​នៅ​ឡើយ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​គោលការណ៍​ថា ត្រូវ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ត្រឹមត្រូវ និង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ ចាត់​ទុក​ថា យន្តការ​នេះ​ហួស​ពេល​ទៅ​ហើយ។ អ្វី​ដែល​គណបក្ស​កាន់​អំណាច​ចង់​បាន គឺ​គោរព​តាម​គោលការណ៍​ដែល​ចេញ​ដោយ គ.ជ.ប អំពី​លទ្ធផល​ឆ្នោត កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា កន្លង​ទៅ​នេះ និង​ស្នើ​ឲ្យ​ប្រជុំ​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី៕

ក្ដី​រំពឹង​របស់​បាតុករ​ក្រោយ​បញ្ចប់​មហា​បាតុកម្ម​អហិង្សា

ដោយ ខែ សុណង

ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​បណ្ដា​ខេត្ត​នានា ដែល​បាន​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល ៣​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ មាន​សន្ទុះ​កើន​ជាង​ថ្ងៃ​ទី២។ ពួក​គាត់​បាន​សម្ដែង​ក្ដី​រីករាយ​ថា ការ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ គឺ​មិន​ឥត​ប្រយោជន៍​នោះ​ទេ។

ក្រុម​បាតុករ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​មហា​បាតុកម្ម ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​មហា​បាតុកម្ម​អហិង្សា អះអាង​ថា ពួក​គាត់​បាន​នាំ​យក​ទៅ​ជាមួយ​នូវ​ជោគជ័យ។

ពលរដ្ឋ​មក​ពី​ឃុំ​ក្ដាញ់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ស្ត្រី​វ័យ​អាយុ ៦៦​ឆ្នាំ ឈ្មោះ ជា ស្រៀម បាន​ថ្លែង​ដោយ​ក្ដី​រីករាយ​ថា បន្ទាប់​ពី​ការ​ចរចា​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច ឃើញ​ថា រដ្ឋាភិបាល​បាន​ដក​កម្លាំង​ចម្រុះ និង​បន្លា​លួស​ចេញ​ពី​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​មាន​ទឹក​ចិត្ត​ក្លៀវក្លា​ថែម​ទៀត​ក្នុង​ការ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​នេះ។

ព្រះសង្ឃ​មួយ​អង្គ​មក​ពី​វត្ត​មួយ​នៅ​ទីក្រុង​ភ្នំពេញ ព្រះនាម សំ សុខៃ មាន​ថេរ​ដីកា​ថា រដ្ឋាភិបាល​ហាក់​បន្ទន់​ឥរិយាបថ​បន្តិច​ក្នុង​ដំណាក់​កាល​ចរចា​នៃ​គណបក្ស​ទាំង​ពីរ បើ​ទោះ​ជា​ចំណុច​ខ្លះ​មិន​ទាន់​អាច​អនុវត្ត​នៅ​ពេល​នេះ ដូច​ជា​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ក្ដី។

ចំណែក​អ្នកស្រី ហ៊ឹម សុខជា រស់នៅ​សង្កាត់​ទឹកល្អក់២ ខណ្ឌ​ទួលគោក ដែល​បាន​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ចំនួន ២​ថ្ងៃ ក្នុង​ចំណោម​មហា​បាតុកម្ម ៣​ថ្ងៃ​នោះ បាន​បង្ហាញ​ក្ដី​រំពឹង​ថា មហា​បាតុកម្ម​នេះ​មិន​ឥត​ប្រយោជន៍​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ការ​ដែល​រដ្ឋាភិបាល​សម្រេច​ដក​កម្លាំង​ចេញ​ពី​ទីក្រុង​នោះ គឺ​ជា​ជោគជ័យ​មួយ។

យុវជន ឡោ រចនា មក​ពី​ភូមិ​ជ្រោយអំពិល ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ថ្លែង​ថា ថ្វី​ត្បិត​តែ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​បាន​បញ្ចប់​ទៅ​ដោយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ក៏ដោយ យ៉ាង​ហោច​ណាស់​រូប​គេ​បាន​ទទួល​បទ​ពិសោធន៍ និង​ហ៊ាន​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដែរ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ជា​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ទី​២ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន ក្នុង​ជំនួប​ត​ទល់​គ្នា​ប្រមាណ ៥​ម៉ោង​នៅ​វិមាន​រដ្ឋសភា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទូច​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ព្រម​ឯកភាព។

ប៉ុន្តែ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​លើ​បញ្ហា​សំខាន់ៗ​បី​ចំណុច គឺ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គ្រប់​ប្រភេទ រៀប​ចំ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​កំណត់​បើក​ការ​ចរចា​ជា​បន្តបន្ទាប់ នៅ​មុន​ថ្ងៃ​ទី២៣ ខែ​កញ្ញា ដែល​ថ្ងៃ​ទី​២៣ គឺ​ជា​ថ្ងៃ​ប្រជុំ​សភា​ដំបូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។