តែទោះយ៉ាងណា ប្រជាពលរដ្ឋដែលបានតាមដានស្ថានការណ៍នេះ បង្ហាញទស្សនៈថា ការបើកឲ្យដំណើរការស្ថាប័នកំពូលទាំងពីរ គឺរដ្ឋសភា និងរដ្ឋាភិបាលនៅអាណត្តិថ្មីទី៥ នេះ ប្រព្រឹត្តទៅដោយឆក់កណ្ដៀត ដោយមានភាពមិនប្រក្រតី និងបន្សល់ទុកនូវការមិនទុកចិត្តចំពោះស្ថាប័ននេះ។
ប្រជាពលរដ្ឋមួយចំនួនបានចាត់ទុកការបង្កើតរដ្ឋសភានៅអាណត្តិទី៥ នេះ ថាជាសភាមិនគ្រប់ទឹក។ ចំណែករដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សប្រជាជន ដដែលនោះ ក៏មិនត្រូវតាមនីតិវិធី ឬហៅថាខុសបច្ចេកទេស ដោយសារតែអវត្តមានតំណាងរាស្ត្រពីបក្សជំទាស់។
បុរសម្នាក់អង្គុយលើម៉ូតូលើដងផ្លូវ ភ្នែកសម្លឹងទៅរបាំងដែកបន្លាលួស ដែលសមត្ថកិច្ចដាក់បិទផ្លូវនៅម្តុំបូឌីង ក្នុងរាជធានីភ្នំពេញ លោកមិនប្រាប់ឈ្មោះទេ តែបង្ហាញថា លោកជាសាស្ត្រាចារ្យម្នាក់បង្រៀននៅនៅសាកលវិទ្យាល័យមួយក្នុងបរិវេណមជ្ឈមណ្ឌលភ្នំពេញ ឬហៅថាភ្នំពេញសេនធ័រ (Phnom Penh Center)។ ក្នុងអំឡុងពេលរង់ចាំអាជ្ញាធរបើកផ្លូវឲ្យចូលធ្វើការនៅថ្ងៃទី២៣ កញ្ញា ដែលជាថ្ងៃបើកប្រជុំសភាដំបូងនោះ លោកបានថ្លែងថា ការបើកប្រជុំសភាដោយឯកបក្សនោះ ប្រៀបបានជាយន្តហោះបាក់ស្លាបម្ខាង ដែលមិនអាចហោះហើរបាននោះទេ ហើយលោកចាត់ទុកថាជាសភាមិនស្របច្បាប់ ឬមិនផ្លូវការ ដោយលោកសម្អាងថា សមាជិកសភាត្រូវមាន ១២៣រូប។ ប៉ុន្តែ ការប្រជុំនោះបានអវត្តមានតំណាងរាស្ត្រជិតពាក់កណ្ដាលពីបក្សប្រឆាំង ដែលកំពុងតវ៉ារកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត៖ «ពីព្រោះនេះជាតំណាងឆន្ទៈរបស់ពលរដ្ឋ ដែលគាត់បានបោះឆ្នោតឲ្យបក្សម្ខាងទៀត។ អ៊ីចឹង បើបក្សហ្នឹងចូលរួមតែម្ខាង មានន័យថា ពលរដ្ឋកន្លះនគរគាត់អត់បានចូលដែរ តំណាងឆន្ទៈរបស់គាត់អត់បានចូលទៅបង្ហាញមុខ អ៊ីចឹងចាត់ទុកការប្រជុំសភាថ្ងៃហ្នឹងអត់ផ្លូវការ»។
ចំណែកប្រជាពលរដ្ឋផ្សេងទៀតរស់នៅទីក្រុងភ្នំពេញ និងអ្នករស់នៅតំបន់ផ្សេងៗទៀត ក៏មានទស្សនៈស្រដៀងគ្នានេះដែរ។
កញ្ញា សុខ លក្ខិណា រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានបង្ហាញការយល់ឃើញរបស់នាងជុំវិញការប្រជុំរដ្ឋសភាលើកដំបូងដោយឯកបក្ស និងការបង្កើតរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ មិនអាចចាត់ទុកជាបានការនោះទេ ដោយសារតែដំណើរការបង្កើតឡើងនោះបានដើរបញ្ច្រាសគ្នាពីរដ្ឋធម្មនុញ្ញ ដែលចែងថា កម្ពុជា ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៖ «ហើយសភាហ្នឹងអាចទុកចិត្តបានទេ ក្នុងនាមជាពលរដ្ឋម្នាក់? អូយ! ខ្ញុំគិតថា មិនទុកចិត្តទេចំពោះការប្រជុំសភា ដោយខ្វះតំណាងរាស្ត្រដែលត្រូវចូលមកប្រជុំមិនគ្រប់អ៊ីចឹង ខ្ញុំតែងតែឮថា ប្រជុំសភា មានតំណាងរាស្ត្រ ១២៣រូប អាហ្នឹងបានគេហៅថាប្រជុំសភាគ្រប់លក្ខណៈ ដល់ពេលអត់គ្រប់អ៊ីចឹងទៅ ខ្ញុំគិតការប្រជុំសភាហ្នឹងដូចជាសភាមិនគ្រប់ទឹក ថាអ៊ីចឹងតែម្តងទៅ!»។
ចំណែកមន្ត្រីរាជការម្នាក់នៃក្រសួងសុខាភិបាល ឈ្មោះ សុខ រស់នៅទីក្រុងភ្នំពេញ មានទស្សនៈយល់ឃើញថា ការចូលប្រជុំរដ្ឋសភានៅអាណត្តិទី៥ នេះ ធ្វើឡើងដោយឆក់កណ្ដៀត ធ្វើឡើងដោយប្រញាប់ប្រញាល់ដូចខ្លាចរឿងអ្វីមួយ ដោយមានអាថ៌កំបាំងជាច្រើនដែលពលរដ្ឋភាគច្រើនមិនយល់។ លោកបន្តទៀតថា សភាបែបនេះឆ្លុះបញ្ចាំងឲ្យឃើញថា មិនមែនជាសភាបម្រើពលរដ្ឋម្ចាស់ឆ្នោតនោះទេ៖ «ខ្ញុំគិតថា សភានេះមិនមែនជាសភាជាតិទេ ព្រោះមិនបានគិតពីជាតិហ្នឹងឯង វេទនាស្ទះចរាចរណ៍ អ្នកណាទៅរៀនអ្នកណាទៅធ្វើអ្នកណាឈឺត្រូវទៅពេទ្យទៅអី គេមិនបានគិតពីជាតិទេ អ៊ីចឹងបានខ្ញុំថា សភានេះមិនមែនសភាជាតិទេ គឺជាសភាបុគ្គល ហើយការប្រជុំសភានេះឯងមិនមែនប្រព្រឹត្តទៅដោយរលូនទេ អានេះប្រព្រឹត្តទៅដោយប្រទ្រូសប្រទ្រាស់ដូចជាបង្ខំឆាប់បានឡើងកាន់អំណាច ឆាប់បានចូលកាន់តំណែងឆាប់ៗអ៊ីចឹង»។
ទាក់ទងបញ្ហានេះ មន្ត្រីរដ្ឋាភិបាល និងសមាជិកសភាដែលទើបជាប់ឆ្នោតជាថ្មីមកពីគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការបើកប្រជុំរដ្ឋសភាដំបូងដោយឯកបក្ស និងការបង្កើតរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ គឺស្របច្បាប់ ដែលជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលជាថ្មីទៀតនោះ មានប្រសាសន៍នៅថ្ងៃទី២៤ កញ្ញា នៅរដ្ឋសភាថា រដ្ឋសភាមិនបានបិទទ្វារមិនឲ្យតំណាងរាស្ត្រខាងគណបក្សប្រឆាំងមិនឲ្យចូលរួមប្រជុំនោះទេ៖ «ហើយសូមកុំនិយាយពាក្យថា សភាឯកបក្សខុសរដ្ឋធម្មនុញ្ញ។ សភាឯកបក្សពីម្សិលមិញ ដោយសារបក្សមួយមិនព្រមចូល ហើយកាលបោះឆ្នោតមាន ៨បក្ស»។
ប៉ុន្តែ បណ្ឌិតច្បាប់ និងជាប្រធានអង្គការស៊ី.អិន.រ៉ូ (CNRO) លោកបណ្ឌិត ហ៊ាង រិទ្ធី មានប្រសាសន៍បញ្ជាក់ថា ការប្រជុំសភាលើកនេះមិនស្របច្បាប់ទេ ហើយការរៀបចំតែងតាំងរដ្ឋាភិបាលថ្មី ក៏មិនស្របច្បាប់ដែរ ដោយខុសនឹងនីតិវិធីនៃដំណើរក្នុងកិច្ចនោះ និងចំណុចមួយចំនួនទៀត គឺខុសបច្ចេកទេស ខុសទៅមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ៖ «ខ្ញុំសូមបញ្ជាក់ជូនថា អ្វីដែលគេធ្វើនេះកំពុងតែរំលោភច្បាប់រដ្ឋធម្មនុញ្ញហើយ ហើយការដែលគេធ្វើបែបហ្នឹង វាផ្ទុយនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញបានចែង។ នៅក្នុងមាត្រា ៥១ វគ្គខ្ជាក់ខណ្ឌទីមួយបានចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទីមួយ។ ទី២ នៅក្នុងមាត្រា ១៥៣ បានចែងថា នៅរាល់ការសើរើ ឬធ្វើវិសោធនកម្មទាំងឡាយណា ដែលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយម ត្រូវបានហាមឃាត់ដាច់ខាត ដូច្នេះចំណុចនេះ គឺចែងពីពហុបក្សដែរ»។
ដោយឡែក អ្នកវិភាគឯករាជ្យ លោក កែម ឡី វិញ មើលឃើញថា ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ គ្រាន់តែអ្នកនយោបាយចង់ឈ្នះចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងឲ្យឃើញថា មានភាពស្របច្បាប់ចំពោះទិដ្ឋភាពរួម ដែលមានការគាំទ្រពីអន្តជាតិ ឬពិភពលោកនោះទេ៖ «អ្នកនយោបាយអាចដើរបាន លេងល្បែងនយោបាយហ្នឹងបាន ប៉ុន្តែភាគច្រើននៃប្រជាពលរដ្ឋខ្មែរមិនផ្តល់ការគាំទ្រទេ មិនត្រឹមតែមិនគាំទ្រដល់រាជរដ្ឋាភិបាល រដ្ឋសភាដែលបង្កើតឡើងដោយឯកបក្សនោះទេ ថែមទាំងមិនគាំទ្រដល់ស្ថាប័នរាជបល្ល័ង្កទៀត។ កន្លែងនេះ ប្រទេសខ្មែរយើងត្រូវកសាងមិនតិចជាង ១០ឆ្នាំទេ ដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រ អាហ្នឹងមួយ។ ទី២ ប្រជុំបានតែគ្នាគាត់ ប៉ុន្តែគ្រាន់តែថាមហាជនភាគីពាក់ព័ន្ធមើលឃើញរូបភាពហ្នឹងអាក្រក់មែនទែន ដែលគួរឲ្យសោកស្ដាយ និងមានឧបសគ្គហើយ»។
ទោះយ៉ាងណាក្តី រដ្ឋសភានីតិកាលទី៥ បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួនកាលពីថ្ងៃទី២៣ ដោយមានព្រះមហាក្សត្រជារាជាធិបតីភាព ដោយគ្មានការរាំងស្ទះអ្វីឡើយ។ បន្ទាប់មក សមាជិកសភាទាំង ៦៨រូប ជាបេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា ទាំងអស់ នៅព្រឹកថ្ងៃទី២៤ កញ្ញា បានបោះឆ្នោតជាកញ្ចប់ជ្រើសតាំង លោក ហេង សំរិន ជាប្រធានរដ្ឋសភា និងជ្រើសតាំង លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថ្មីរួចទៅហើយ។
គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលស្បថក្នុងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ហើយថានឹងចាប់ផ្ដើមបន្តអនុវត្តការងារក្នុងរាជរដ្ឋាភិបាលថ្មីនីតិកាលទី៥ ចាប់ពីពេលនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
