ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ យល់ឃើញខុសៗគ្នាសម្រាប់កិច្ចពិភាក្សានៅថ្ងៃទី១៤ កញ្ញា។ ដោយមួយចំនួនចាត់ទុកថា ការជួបប្រជុំក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនេះ ទំនងជានឹងមិនអាចទម្លុះទម្លាយការជាប់គាំងផ្នែកនយោបាយបានទេ ខណៈពលរដ្ឋផ្សេងទៀតគិតថា ប្រសិនបើគណបក្សធំៗទាំងពីរនេះ សម្រេចច្របាច់គោលនយោបាយរួមគ្នា អាចនឹងចំណេញដល់ប្រទេសជាតិ និងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងជាងមុន។
ពលរដ្ឋនៅរាជធានីភ្នំពេញ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនិយាយថា ពួកគេប្រាថ្នាចង់ឃើញថ្នាក់ដឹកនាំកំពូល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី អង្គុយតុចរចាជាមួយគ្នាទល់មុខគ្នា ហើយបង្កើតរដ្ឋាភិបាលចម្រុះមួយ។ យ៉ាងណាក៏ដោយ ពលរដ្ឋមានជំនឿថា កិច្ចសន្ទនាលើកនេះ មេដឹកនាំទាំងពីរទំនងអាចនឹងត្រូវរ៉ូវគ្នា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ព្រោះមានការសម្របសម្រួលរបស់ព្រះមហាក្សត្រ៖ «ហើយខ្ញុំសង្ឃឹមថា ខ្ញុំជឿជាក់ថា ព្រះមហាក្សត្រកោះហៅអ៊ីចឹង វាអាចផ្សះផ្សាគ្នាអាចដូចថា ចំណុចណាដែលត្រូវចង់បាន ធ្វើយ៉ាងម៉េចដែលអាច។ ឲ្យតែដោះស្រាយ វាត្រូវគ្នាហ្នឹង រឿងហ្នឹងចាស់ៗដោះស្រាយរួច។ ហេតុអីនឹកឃើញថាយើងសុទ្ធតែខ្មែរ»។
នេះ គឺជាការជួបគ្នាលើកដំបូងដែលពុំធ្លាប់មាន ចាប់តាំងពីបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា មករវាងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ។
ផ្ទុយពីការយល់ឃើញនេះ ប្រជាពលរដ្ឋមួយចំនួនទៀតពុំមានជំនឿថា កិច្ចជំនួបកំពូលដ៏កម្រនេះនឹងអាចនាំលាភសំណាងក្នុងការទម្លាយភាពជាប់គាំងផ្នែកនយោបាយបានទេ។ ពួកគេចាត់ទុកថា ព្រោះឆន្ទៈរបស់អ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពីរដាច់ដោយឡែកពីគ្នា ដូចទឹក និងប្រេង។ ហេតុនេះ បើទោះជាព្រះមហាក្សត្រ ព្រះអង្គ គឺជាអាជ្ញាកណ្ដាលដ៏ប៉ិនប្រសប់យ៉ាងណាក្ដី ក៏មិនអាចចរចារកច្រកចេញបាននៅពេលនេះដែរ៖ «ខ្ញុំជឿអ៊ីចឹង ព្រោះអីបើសិនជាខាងគណបក្សកាន់អំណាចរាល់ថ្ងៃ គាត់មិនអាចសម្របសម្រួលបាន ព្រោះអីបើសិនជាសម្របសម្រួលបានតាំងពីដើមទីមកម្ល៉េះ។ ព្រះករុណាគាត់កោះហៅមកនេះ ត្រង់ថា គាត់ចង់ដឹងយោបល់មតិរបស់គាត់។ ហើយបើសិនណា សម រង្ស៊ី ចូលដៃជាមួយ ហ៊ុន សែន ទឹកដីខ្មែរត្រូវរលាយបាត់សូន្យ ដោយសារយួនៗ ដោយសារថៃ»។
ភាពជាប់គាំងផ្នែកនយោបាយនេះ គឺស្ថិតត្រង់ថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យដែលមានអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមសង្កេតលើលទ្ធផលឆ្នោត ដែលគណបក្សប្រឆាំងហៅថា មានភាពមិនត្រឹមត្រូវនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
