បក្ស​ទាំង​ពីរ​ជ្រើសរើស​យក​លោក ហង្ស ពុទ្ធា ធ្វើ​ជា​បេក្ខភាព​ទី​៩​នៃ​គ.ជ.ប

ដោយ ខែ សុណង
2015.03.31
ហង្ស ពុទ្ធា ពុង ឈីវកេក ៦១០ នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា និង​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA

ប្រធាន​អង្គការ​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បដិសេធ​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បាន​ប្រកាស​កន្លង​ទៅ​ថា​ប្រគល់​ជូន​អ្នកស្រី។ ក្រោយ​ពី​មាន​ការ​បដិសេធ​នេះ ដំណឹង​អំពី​បេក្ខភាព​ថ្មី​ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បង្ហាញ​ជា​សាធារណៈ។

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ឯកភាព​គ្នា​ជ្រើសរើស​យក​ លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​ថា និកហ្វិច (Nicfec) ធ្វើ​ជា​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ ​លោក ហ៊ុន សែន ផ្ញើ​ទៅ​ លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា តាម​ការ​ឆ្លងឆ្លើយ​គ្នា​រវាង​លោក ​និង​លោក សម រង្ស៊ី តាម​សារ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៩ មីនា គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជ្រើសរើស​យក​ លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ ហៅ​កាត់​ថា និកហ្វិច ធ្វើ​ជា​បេក្ខភាព​ទី​៩ នៃ​គ.ជ.ប។ លិខិត​​មាន​ហត្ថលេខា លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៩ មីនា។

បញ្ហា​នេះ លោក ហង្ស ពុទ្ធា បាន​ឆ្លើយ​តប​ថា លោក​មិន​ដែល​មាន​បំណង និង​ត្រៀម​ខ្លួន​ជា​មុន​សម្រាប់​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នោះ​ទេ។ ប៉ុន្តែ​លោក​នឹង​ពិចារណា៖ «មាន​សមាជិក​សម្ព័ន្ធ​អឺរ៉ា​សំខាន់ៗ​ជាច្រើន​ទៀត​ដែរ។ ប៉ុន្តែ​ខ្ញុំ​នឹង​សុំ​ពេលវេលា​ដើម្បី​ជជែក​ពិចារណា»

ព័ត៌មាន​ជុំវិញ​ការ​ជ្រើសរើស​បេក្ខជន​ទី​៩ នៃ​គ.ជ.ប នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំណឹង​ថា អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី​៣១ មីនា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បដិសេធ​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បាន​ប្រកាស​កន្លង​ទៅ​ថា ប្រគល់​ជូន​អ្នកស្រី។

សេចក្ដី​ថ្លែងការណ៍​មាន​ខ្លឹមសារ​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​ពីរ បាន​ឯកភាព​គ្នា​ជ្រើសរើស​អ្នកស្រី​ជា​សមាជិក​ទី​៩ របស់ គ.ជ.ប ដែល​តំណាង​ភាពឯករាជ​នៅ​ក្នុង​សមាសភាព​សមាជិក គ.ជ.ប ថ្មី។ សមាជិក គ.ជ.ប ថ្មី មាន​សមាជិក​មក​ពី​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ចំនួន ៨​រូប ដោយ ៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ៤​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

តួនាទី​ថ្មី​របស់​សមាជិក​ទី​៩ គឺ​ជា​សមាជិក​ឯករាជ្យ ហើយ​ជួយ​ឲ្យ​ស្ថាប័ន គ.ជ.ប នេះ​មាន​ភាព​ឯករាជ និង​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត។

យ៉ាង​នេះ​ក្ដី អ្នកស្រី ពុង ឈីវកេក ថ្លែង​បញ្ជាក់​ថា អ្នកស្រី​ទទួល​យក​សំណើ​នេះ​បាន ប្រសិន​ជា​ឯករាជភាព​នៃ​ស្ថាប័ន​ថ្មី​មួយ​នេះ ត្រូវ​បាន​ធានា​ច្បាស់​លាស់ និង​លក្ខខណ្ឌ​ដែល​អាច​អនុវត្ត​កិច្ច​ការងារ​របស់ គ.ជ.ប ឯករាជ្យ និង​អព្យាក្រឹត៖ «ខ្ញុំ​ចង់​ឃើញ​ការ​សរសេរ​ច្បាប់​នេះ​ច្បាស់លាស់ ដែល​ជា​ស្ថាប័ន​ឯករាជ្យ។ ឥឡូវ​នេះ​ខ្ញុំ​គ្រាន់​តែ​មាន​ក្ដី​បារម្ភ»

ទោះ​យ៉ាង​ណា គណបក្ស​ទាំង​ពីរ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បដិសេធ​មិន​ទទួល​យក​តួនាទី​ជា​បេក្ខភាព​ទី​៩ គ.ជ.ប របស់​អ្នកស្រី ពុង ឈីវកេក ប៉ុន្តែ​ពួកគេ​លើក​ឡើង​ថា វា​គឺ​ជា​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ឈឹម ផលវរុណ មាន​ទស្សនៈ​ថា គណបក្ស​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល ថ្វី​ត្បិត​តែ​គណបក្ស​ប្រជាជន​កម្ពុជា ពេញ​ចិត្ត​បុគ្គល​របស់​អ្នកស្រី​ក៏​ដោយ៖ «យើង​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​គាត់»

រី​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ មាន​ប្រសាសន៍​ថា គណបក្ស​នៅ​តែ​គាំទ្រ​បេក្ខភាព​របស់​អ្នកស្រី ពុង ឈីវកេក ដដែល។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ទេ​ថា ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​ចែង​តម្រូវ​ឲ្យ​បេក្ខភាព​នេះ​លះបង់​សញ្ជាតិ​នោះ អាច​នឹង​ទាក់ទង​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី​នៅ​ពេល​នេះ៖ «ប៉ុន្តែ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នោះ គឺ​មិន​មាន​ការ​ឯកភាព​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​មិន​កាន់​អំណាច​នោះ​ទេ»

ទាក់ទង​នឹង​បេក្ខភាព​ទី​៩ ថ្មី​នេះ ក្នុង​លិខិត​របស់​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​រៀបចំ​លិខិត​រួម​គ្នា​ជា​ផ្លូវ​ការ​មួយ​ផ្ញើ​ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ដើម្បី​បញ្ជាក់​អំពី​ការ​ព្រមព្រៀង​គ្នា​លើ​សំណើ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។