ប្រទេសកម្ពុជា បានប្រារព្ធខួប ៥ឆ្នាំ នៃការដាក់បញ្ចូលប្រសាទព្រះវិហារ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ កក្កដា។ មន្ត្រីរដ្ឋាភិបាលបានប្រកាសថា ការដាក់បញ្ចូលសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រទាំងរូបិយ និងអរូបិយនោះ ក៏បានបង្ហាញពីសក្ដានុពលនៃសម្បត្តិវប្បធម៌ខ្មែរ និងមោទនភាពជាតិចំពោះសម្បត្តិវប្បធម៌ទាំងអស់ដែលកម្ពុជាមាន។ មិនតែប៉ុណ្ណោះ កម្ពុជារឹតតែអាចបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងជួយអភិរក្សប្រាសាទបុរាណខ្មែរ និងការទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។
ទិដ្ឋភាពយ៉ាងគគ្រឹកគគ្រេងនៃការអបអរសាទរខួប ៥ឆ្នាំ ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកធ្វើឡើងកាលពីថ្ងៃ៧ កក្កដា នៅពហុកីឡាដ្ឋានជាតិ រាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងសិស្សនិស្សិតប្រមាណជាជាង ១ម៉ឺននាក់។
ថ្លែងក្នុងពិធីនោះ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការដាក់បញ្ចូលសម្បត្តិវប្បធម៌ខ្មែរទៅជាសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោកនោះ រឹតតែបង្កភាពងាយស្រួលសម្រាប់ប្រទេសកម្ពុជា ក្នុងកិច្ចប្រតិបត្តិការដើម្បីអភិរក្សប្រាសាទបុរាណខ្មែរ។
លោក សុខ អាន៖ «នេះគឺបង្កើតសហប្រតិបត្តិការអន្តរជាតិ និងគឺបង្កើននូវអ្វីដែលគេហៅថា សាមគ្គីភាពអន្តរជាតិ ដែលគេហៅជាភាសាអង់គ្លេសថា International Solidarity ក្នុងការថែរក្សាបេតិកភណ្ឌឱ្យគង់វង្សក្នុងការថែរក្សាសម្បត្តិវប្បធម៌របស់ប្រទេសផ្សេងៗ ឱ្យបានគង់វង្សដែលជាផលប្រយោជន៍ចំពោះមុខមួយដ៏សំខាន់ដែលយើងទទួលបាន»។
ពិធីនេះមិនត្រឹមតែជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរនោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់រដ្ឋាភិបាលវាយប្រហារទៅលើគណបក្សប្រឆាំងដែរ។ លោក សុខ អាន ដែលមានតួនាទីជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីដែរនោះ បានលើករឿងចំណូលដែលអាជ្ញាធរអប្សរាទទួលបានពីវិស័យទេសចរណ៍នោះថា រដ្ឋាភិបាលបានប្រាក់ចំណូលប្រហែលជា ៣០លានដុល្លារពីសម្បត្តិវប្បធម៌ខ្មែរតាមរយៈភ្ញៀវទេសចរក៏ក្នុងឆ្នាំកន្លងទៅមិនមែនដូចមន្ត្រីគណបក្សប្រឆាំងអះអាងថា បានចំណូលប្រហែលចំនួន ១៥០លានដុល្លារនោះទេ។
លោក សុខ អាន៖ «ចំណុចនេះខ្ញុំសូមលើកបន្តិចដែរ មានគណបក្សខ្លះគាត់បានទិតៀនថា អាជ្ញាធរអប្សរាគាត់បានលក់សំបុត្រចូលមើលអង្គរបានលុយ ១៥០លាន។ អ៊ីចឹងគាត់អាចដកលុយនេះទៅបើកប្រាក់ខែជូនមន្ត្រី ឬបើកប្រាក់ខែជូនចាស់ៗម្នាក់ ៤ម៉ឺនរៀលជាឧទាហរណ៍ នេះហើយគាត់នឹងទៅប្រើអ្វីៗ ហើយគាត់បានលើកឡើងជាប្រាក់ផ្សេងៗទៀតជាច្រើនមុខណាស់។ ខ្ញុំសូមបញ្ជាក់ថា នេះជាការនិយាយដោយល្ងង់ខ្លៅបំផុត ដោយមិនយល់អំពីការងារបេតិកភណ្ឌទាល់តែសោះ»។
សម្រាប់បញ្ហានេះ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានលើកឡើងថា ការប្រារព្ធពិធីខួប ៥ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌកាលពីថ្ង៧ កក្កដា គឺជារឿងកេងចំណេញខាងនយោបាយ ពីព្រោះជាឱកាសក្នុងយុទ្ធនាឃោសនា ហើយម្យ៉ាងទៀត គឺមានការចំណាយថវិកាជាតិសម្រាប់ការរៀបចំពិធីនេះ។
លោក សុន ឆ័យ៖ «ក្នុងឱកាសដែលយើងកំពុងតែរៀបចំការបោះឆ្នោត ហើយប្រើប្រាស់ថវិកាជាតិដើម្បីយកចំណេញ។ រឿងនេះគឺជាមួយរឿងដែលៗៗ។ ខ្ញុំយល់ថា គួរតែគណបក្សប្រជាជនយល់ថា ពេលនេះជាឱកាសក្នុងការបោះឆ្នោត ហើយរឿងប្រាសាទព្រះវិហារ បញ្ហាអ្វីដែលធ្វើកន្លងទៅ វាជាករណីរឿងជាតិទាំងអស់គ្នា វាមិនមែនជារឿងតែសម្រាប់គណបក្សប្រជាជននោះទេ»។
លោកបានបន្ថែមទៀតថា ចំពោះចំណូលថវិកាដែលទទួលបានពីភ្ញៀវទេសចរដែលលោក សុខ អាន បានលើកនោះ គឺជាការបង្ហាញពីភាពមិនស្មោះត្រង់ និងជាការឆ្លើយដោះសា៖ «ជាការងារមួយដែលបង្ហាញពីច្បាស់លាស់ថែមទៀតថា ឯកឧត្ដម សុខ អាន នេះ គឺមិនបង្ហាញភាពស្មោះត្រង់ចំពោះចំណូលដែលបានលក់សំបុត្រចូលអង្គរវត្តទេ។ ការប្រើប្រាស់ឱកាសនោះជាវេទិកាដើម្បីចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិនេះថា ធ្វើការលើកឡើងពីបញ្ហាពុករលួយអង្គរវត្តនោះ ធ្វើដោយគ្មានការយល់ដឹង ឬធ្វើដោយគ្មានការពិតអីហ្នឹង នេះគឺជាការឆ្លើយដោះសាជាក់ស្ដែង»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹតដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក បានបញ្ជាក់ពីបញ្ហានេះថា ការប្រារព្ធពិធីខួប ៥ឆ្នាំនៃប្រាសាទព្រះវិហារ គឺជារឿងចាំបាច់ ប៉ុន្តែគ្រាន់តែពិធីនេះចំពេលនៃយុទ្ធនាការឃោសនា ប្រសិនបើអ្នករៀបចំមានគោលបំណងផ្សេងក៏អាចទាញយកផលចំណេញពីឱកាសនេះដែរ។
លោក ហង្ស ពុទ្ធា៖ «ខ្ញុំយល់ថា ការរៀបចំដើម្បីអបអរនូវទិវាដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអន្តរជាតិ វាគឺជារឿងចាំបាច់មួយហើយ ប៉ុន្តែដោយសារកម្មវិធីនេះចំពេលនៃការឃោសនា អ៊ីចឹងពេលខ្លះ ក៏អាចជាការច្រឡំ ហើយប្រសិនបើអ្នករៀបចំមានគោលបំណងផ្សេង ក៏អាចប្រើប្រាស់វេទិកានេះដើម្បីគោលបំណងផ្សេងក៏អាចថាបាន»។
ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ៧ កក្កដា ២០០៨។ កម្មវិធីរំលឹកខួបនេះត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃ៧ កក្កដា ចាប់ពីពេលដាក់បញ្ចូលប្រាសាទនេះជាសម្បត្តិបេតិកភណ្ឌពិភពលោកមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
