អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលទើបប្រកាសលាលែងពីតំណែង អះអាងថា លោកអត់មានរៀបចំប្រពន្ធ ឬកូនរបស់លោក មកដឹកនាំគណបក្សសង្គ្រោះជាតិ ជំនួសលោកទេ។
លោក សម រង្ស៊ី អះអាងដូច្នេះ នៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ កុម្ភៈ ក្រោយពីមានលិខិតក្លែងក្លាយមួយច្បាប់ បានផ្សព្វផ្សាយថា លោក សម រង្ស៊ី បានសរសេរទៅប្រធានស្ដីទីគណបក្សគឺលោក កឹម សុខា ដើម្បីស្នើដាក់ប្រពន្ធរបស់លោក គឺអ្នកស្រី ជូឡុង សូម៉ូរ៉ា ជាប្រធានគណបក្សនេះជំនួសលោក។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់ថា គណបក្សនេះនឹងរក្សាតួនាទីប្រធានគណបក្សនៅទំនេររហូតដល់សមាជគណបក្សឆ្នាំ២០១៨ ដោយប្រគល់តួនាទីប្រធានស្ដីទីគណបក្ស ជូនលោក កឹម សុខា។
លោក សម រង្ស៊ី គឺជាមេដឹកនាំគណបក្សប្រឆាំង ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់មួយរូប ជាមួយមេដឹកនាំគណបក្សកាន់អំណាច គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបោះឆ្នោតជាច្រើនអាណត្តិកន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
